adverise with khmeread 1

កោះ​បូរ៉ា​-​បូរ៉ា​, ស្ថិតក្នុង​ចំណោម​កន្លែង​អស្ចារ្យ​ទាំង ១០០០ ដែល​មនុស្ស​គ្រប់គ្នា​គួរតែ​ទៅលេង​បាន​ម្តង​មុននឹង​ស្លាប់

    ​សូម​រក​កន្លែង​អង្គុយ​នៅ​កៀក​បង្អួច​យន្តហោះ​ដើម្បី​បាន​ប្រទះឃើញ​ជា​លើកដំបូង​នៃ​កោះ​បូរ៉ា​-​បូរ៉ា (Bora-Bora) ជា​កោះ​ថ្ម​ព័ទ្ធជុំវិញ​ដោយ​បឹង​ទឹកប្រៃ​ដ៏​អស្ចារ្យ​មួយ ដែល​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នកទេសចរ តាំងពី​ជំនាន់​លោក​កា​ពី​ទែន ជែ​ម​ស៍ ឃុ​គ (James Cook) ប្រទះឃើញ​កោះ​នេះ​កាលពី​ជាង ២០០ ឆ្នាំមុន​មកម្ល៉េះ​។ ដោយមាន​បណ្តោយ​ត្រឹមតែ ៦,៥ គីឡូម៉ែត្រ និង​ទទឹង ៤ គីឡូម៉ែត្រ កោះ​បូរ៉ា​-​បូរ៉ា​នៃ​ប្រទេស​បារាំង​ប៉ូ​លី​ណេ​ស៊ី (French Polynesia) មាន​របាំង​កោះ​ថ្ម​ប៉ប្រះ​ទឹក​ស្តើងៗ​ជាច្រើន ដែល​គ្របដណ្តប់​ដោយ​ដើម​ដូង​ព័ទ្ធជុំវិញ​បឹង​ទឹកប្រៃ​ដ៏​ជ្រៅ​មួយ​។ បឹង​នេះ​បញ្ចេញ​រូបរាង​ជា​ពណ៌​ខៀវ និង​បៃតង​ដ៏​ស្រស់ស្អាត​នៅពេល​ព្រះ​សូរិយា​រះ​ឡើង​។ កោះ​នេ​មាន​ភ្នំ​ដ៏​ខ្ពស់​មួយ​ឈ្មោះថា អូ​តេ​ម៉ា​នូ (Otemanu) កម្ពស់ ៧២៥ ម៉ែត្រ​រាង​ដូច​ក្តារ​មឈូស​ថ្ម ជាទី​តាំង​គួរ​ឲ្យ​កត់សម្គាល់​ល្បី​បំផុត​របស់​កោះ​បូរ៉ា​-​បូរ៉ា​។ ក្នុង​ទសវត្សរ៍ ១៩៥០ លោក​ជែ​ម​ស៍ មី​ឆេ​ន័​រ (James Michener) បាន​ហៅ​កោះ​នេះ​ថា "​កោះ​ស្អាត​បំផុត​ក្នុង​ពិភពលោក និង តំបន់​ប៉ា​ស៊ី​ហ្វិ​ច​ខាងត្បូង​ចំពោះ​ភាពល្អ​ឥតខ្ចោះ​មិនអាច​បំភ្លេចបាន​របស់​វា​"​។ បើ​បានឃើញ​ផ្ទាល់ ពួក​អ្នកទេសចរ និង​រូប​លោកអ្នក​ច្បាស់​ជា​ឯកភាព​ថា​កោះ​នេះ​ពិតជា​ស្រស់ស្អាត​បំផុត​លើ​ពិភពលោក​មែន​។

​    ​ទីកន្លែង​ល្អ​បំផុត​មួយចំនួន​នៅ​តំបន់​ប៉ា​ស៊ី​ហ្វិ​ច​ខាងត្បូង​សម្រាប់​ការ​មុជទឹក​ក្បែរ​ឆ្នេរ​បាន​ទាក់ទាញ​ចិត្ត​អ្នកទេសចរ​ជាមួយនឹង​ការធ្វើដំណើរ​ដ៏​ស្អេកស្កះ​នៅក្រោម​ទឹក​ពី​សំណាក់​ពួក​ត្រី​ត្រំ​ប៉ែត ត្រី​ទេពធីតា និង​ត្រី​ការ៉ុត ក៏ដូចជា​ត្រី​កម្រ​ម្យ៉ាង​ហៅថា Pinocchio និង​ត្រី Napoleon​។ ការឱ្យ​ចំណី​ឆ្លាម (​ឆ្លាម​ស្លូត​) ឥឡូវ​កំពុង​និយម​រាលដាល​ទៅ​កន្លែង​ផ្សេងៗ ក៏ប៉ុន្តែ​លើ​កោះ​បូរ៉ា​បូរ៉ា​ផ្តល់នូវ​ភាព​រំភើប​រីករាយ​ខ្លាំង​ជា​កន្លែង​ផ្សេងៗ​។ អ្នកទេសចរ​ដែល​ជ្រួលជ្រើម​ក្នុង​ចិត្តនឹង​ជ្រមុជ​ខ្លួនឯង​ចុះទៅ​ក្នុង​ទឹក​ចូលទៅ​ហ្វូង​ឆ្លាម​បឹង​ទឹកប្រៃ​ដែលមាន​ព្រុយ​ខ្មៅ​ប្រវែង ១,៥ ម៉ែត្រ​។ ភាគច្រើន​ពួក​អ្នក​មុជទឹក​ក្នុងស្រុក​គឺជា​អ្នក​ឱ្យ​ចំណី​ដល់​ពួកវា​ដោយ​ផ្ទាល់ដៃ​។ នៅពេល​ត្រឡប់​មកដល់​ដីគោក​វិញ សូម​ឡើង​ជិះ​រថយន្ត​ឡើងទៅ​ភ្នំ​អូ​តេ​ម៉ា​នូ រួច​ធ្វើដំណើរ​ឆ្លងកាត់​ភូមិសាស្ត្រ​ភ្នំ​ពោរពេញ​ដោយ​ព្រៃ​ខៀវស្រងាត់​។ វា​ស័ក្តិសម​នឹង​ឲ្យ​លោកអ្នក​ធ្វើដំណើរ​ឡើង​ណាស់​ព្រោះ​អាច​មើលឃើញ​ទេសភាព​បឹង​ទឹកប្រៃ​យ៉ាង​ស្រស់ស្អាត​ពីលើ​ជម្រាលភ្នំ​។   

​    ​រមណីយដ្ឋាន​ប្រណីតៗ​បំផុត​របស់​កោះ​បូរ៉ា​-​បូរ៉ា​ឥឡូវ​គឺ​ស្ថិតនៅតាម​កោះ​ស្តើងៗ ដែល​ព័ទ្ធជុំវិញ​បឹង​ទឹកប្រៃ ដែលមាន​ផ្តល់ជូន​នូវ​បរិយាកាស​បែប​ឯកជន​បំផុត​សម្រាប់​ភ្ញៀវ​ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បី​បំផុត​ផងដែរ​។ ផ្ទះ​បង់​ហ្គា​ឡូ​ប្រក់​ស្បូវ​ជា​ជួរៗ​បាន​ឈរ​តម្រៀប​គ្នា​ត្រៀបត្រា​នៅលើ​បឹង​ទឹកប្រៃ​ដ៏​ថ្លាឆ្វេង​។

​    ​ស្ថិត​ក្នុងចំណោម​សណ្ឋាគារ​សំខាន់ៗ ដែល​គ្របដណ្តប់​នៅលើ​កោះ​ពោរពេញ​ដោយ​ដើម​ដូង គឺ​សណ្ឋាគារ​ថ្មី​បំផុត​មួយ​ឈ្មោះថា Four Seasons Resort Bora Bora​។ បន្ទប់ និង​ផ្ទះ​បង់​ហ្គា​ឡូ​លើទឹក​ចំនួន ១២០ និង​វីឡា​មាត់សមុទ្រ​ចំនួន ៧ ខ្នង របស់​សណ្ឋាគារ​នេះ​ត្រូវបាន​សាងសង់ឡើង​នៅលើ​កោះ​ស្តើងៗ​បី​ដែល​ស្ថិតនៅ​ជាប់​គ្នា ហើយ​សណ្ឋាគារ​នេះ​ថែមទាំង​មាន​ឆ្នេរ​ខ្សាច់​លំដាប់​កំពូល និង​មាន​ទេសភាព​ភ្នំ​អូ​តេ​ម៉ា​ទូ​ល្អ​ដាច់​គេ​។ កន្លែង​ស្ប៉ា​ឈ្មោះថា Kahaia រាង​ដូច​ព្រះវិហារ​គ្រឹ​ស្ត​ដ៏​ធំ​គឺមាន​ទីតាំង​ស្ថិតនៅ​ជាប់មាត់​សមុទ្រ​។ នៅលើ​កោះធំ ដែល​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ឆ្នេរ Matira ដ៏​សក្បុស​នោះ សណ្ឋាគារ Le Maitai Polynesia Bora Bora មាន​បន្ទប់​ធំ និង​ផ្ទះ​បង់​ហ្គា​ឡូ​ចំនួន ៧៤ (​ផ្ទះ​បង់​ហ្គា​ឡូ​មួយចំនួន​គឺ​ស្ថិតនៅ​លើទឹក​) ដោយ​បន្ទប់​ទាំងអស់​សុទ្ធតែ​អាច​មើលឃើញ​ទេសភាព​បឹង​ទឹកប្រៃ កោះ​លើ​សមុទ្រ​ក្បែរៗ​នេះ និង ទេសភាព​កោះ Tahaa និង កោះ Raiatea នៅ​ជើងមេឃ​ផងដែរ​៕

* ព័ត៌មាន​បន្ថែម​៖
- ទីកន្លែង​: ២៣៣ គីឡូម៉ែត្រ​ភាគ​ពាយ័ព្យ​ប្រទេស​តា​ហ៊ី​ទី​។
- ព័ត៌មាន​សម្រាប់​អ្នកទស្សនា​: www.tahiti-tourisme.com​។
- សណ្ឋាគារ Four Seasons Resort Bora Bora: ទូរស័ព្ទ 689/603-130; ក្នុង​សហរដ្ឋអាមេរិក​, 800-819-5053; www.fourseasons.com/borabora​។ តម្លៃ​: ចាប់ពី ៩៩៣ ដុល្លារ​។
- សណ្ឋាគារ Le Maitai Polynesia Bora Bora: ទូរស័ព្ទ 689/603-000; www.hotelmaitai.com​។ តម្លៃ​: ចាប់ពី ១៩៥ ដុល្លារ​ឡើងទៅ​។
- ពេលវេលា​ល្អ​បំផុត​: ខែឧសភា​-​តុលា សម្រាប់​អាកាសធាតុ​ល្អ​បំផុត​; ចុង​សប្តាហ៍​កៀក​នឹង​ថ្ងៃទី ១៤ ខែកក្កដា (​ទិវា Bastille Day) សម្រាប់​ពី​ធី​បុណ្យ Fêtes de Juillet​។​

1- ទេសភាព​កោះ បូរ៉ា​-​បូរ៉ា
2- ការ​ឲ្យ​ចំណី​ឆ្លាម​ឥឡូវ​កំពុងមាន​ការពេញនិយម​ណាស់ ជាពិសេស​នៅ​បឹង​ទឹកប្រៃ​របស់​កោះ​បូរ៉ា​បូរ៉ា​
3- សណ្ឋាគារ Four Seasons Resort Bora Bora
4- សណ្ឋាគារ Le Maitai Polynesia Bora Bora

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់