នាយករដ្ឋមន្ត្រីលីបង់និងរដ្ឋមន្ត្រីទាំងអស់គ្រោងនឹងលាលែងពីតំណែងយប់នេះហើយ ក្រោយផ្ទុះកក្រើកក្រុងបៃរុតស្លាប់និងរបួសរាប់ពាន់នាក់

របាយការណ៍ព័ត៌មានក្នុងប្រទេសលីបង់បានអះអាងថា នាយករដ្ឋមន្រ្តីលីបង់និងគណៈរដ្ឋមន្រ្តីរបស់លោកគ្រោងនឹងលាលែងពីតំណែងយប់ថ្ងៃចន្ទនេះ បន្ទាប់ពីមានការផ្ទុះដ៏សាហាវនៅទីក្រុងបៃរូត។

នាយករដ្ឋមន្រ្តី Hassan Diab នឹងថ្លែងសុន្ទរកថាទៅកាន់ប្រទេសជាតិនៅយប់នេះ ហើយរដ្ឋមន្រ្តីម្នាក់របស់គាត់បានប្រាប់ទូរទស្សន៍ MTV ថាមេដឹកនាំដែលគាំទ្រដោយក្រុមហេសប៊ូឡានេះរំពឹងលាលែងពីតំណែង។

រដ្ឋាភិបាលលីបង់កំពុងរងសម្ពាធដើម្បីចុះចេញពីតំណែងចំពេលមានកំហឹងជាសាធារណៈជុំវិញការផ្ទុះដ៏ធំនេះ ទន្ទឹមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានចុះចេញពីមុខតំណែងរួចទៅហើយ ហើយរដ្ឋមន្រ្តីហិរញ្ញវត្ថុក៏គ្រោងលាលែងដែរ។

ប្រធានាធិបតី Michael Aoun ដែលបានច្រានចោលការអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យជាលក្ខណៈអន្តរជាតិចំពោះការផ្ទុះនេះ ក៏កំពុងប្រឈមនឹងការអំពាវនាវឱ្យចុះចេញពីតំណែងដែរ។

ការផ្ទុះសារធាតុអាម៉ូញ៉ូមនីត្រាតជាង ២.០០០ តោនកាលពីថ្ងៃអង្គារសប្តាហ៍មុនបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦៣ នាក់ បង្ករបួសជាង ៦.០០០ នាក់និងបំផ្លាញផ្នែកជាច្រើននៃទីក្រុងជាប់សមុទ្រមេឌីទែរ៉ាណេដ៏អ៊ូអរនេះ ដោយរឹតបន្ថែមការលំបាកថែមទៀតលើបញ្ហានយោបាយនិងសេដ្ឋកិច្ចដែលកំពុងដោះស្រាយមិនចេញ។

មនុស្សជាច្រើននៅក្នុងប្រទេសលីបង់មើលឃើញថាការផ្ទុះនេះជានិមិត្តរូបនៃអំពើពុករលួយនិងអសមត្ថភាពក្នុងចំណោមឥស្សរជនរបស់ប្រទេស ហើយការតវ៉ាក៏បានផ្ទុះឡើងបន្ទាប់ពីមានគ្រោះមហន្តរាយដ៏ធំនេះ៕ ប្រភព៖ Daily Mail

adverise with khmeread