"Romeo និង Juliet"! លោកតាអាយុ៩០ឆ្នាំមិនខ្លាចឆ្លងកូវីដ១៩ដើម្បីកំដរប្រពន្ធជិតស្លាប់របស់គាត់ដល់ទីបំផុត ឥឡូវគាត់ទាំងពីរលាចាកលោកដោយជំងឺនេះដូចគ្នា

ស្វាមីដ៏ស្មោះស្ម័គ្រនឹងស្នេហាបំផុតមួយរូបបានស្លាប់ដោយសារជំងឺកូវីដ១៩ ពោលតិចជាងបីសប្តាហ៍បន្ទាប់ពីគាត់បានទៅសួរសុខទុក្ខប្រពន្ធរបស់គាត់ ដែលស្ថិតក្នុងចំណងអាពាហ៍ពិពាហ៍អស់រយៈពេល ៣០ឆ្នាំនៅក្នុងមន្ទីរពេទ្យមួយជាលើកចុងក្រោយមុនពេលគាត់ស្លាប់ដោយសារវីរុសមួយនេះ។

លោកតា​ Sam Reck វ័យ ៩០ឆ្នាំ បានស្លាប់នៅថ្ងៃទី១ ខែសីហា នៅមណ្ឌលសុខភាព Lakeland Regional Health Medical Center រដ្ឋផ្លរីដា នៅក្នុងបន្ទប់ដូចគ្នាដែលភរិយារបស់គាត់លោកយាយ JoAnn បានស្លាប់នៅវ័យ ៨៦ឆ្នាំកាលពីថ្ងៃទី១២ ខែកក្កដា។

ក្រុមគ្រួសាររបស់លោកតា Sam បាននិយាយថា ពួកខ្លួនប្រាកដណាស់ថា គាត់នឹងឆ្លងវីរុសពីប្រពន្ធរបស់គាត់ ប៉ុន្តែគាត់នៅតែហ៊ានប្រឈមនឹងគ្រោះថ្នាក់នៅពេលគាត់ទៅជួបលោកយាយ JoAnn នៅលើគ្រែមរណៈរបស់គាត់។

កូនស្រីរបស់លោកតា Sam លោកស្រី Holly Reck បានប្រាប់ទៅវេបសាយ USA Today ថា "គ្មានអ្វីដែលយើងគ្រប់គ្នាអាចធ្វើបានដើម្បីនិយាយជាមួយគាត់ពីរឿងនោះទេ។ គាត់នឹងរកវិធីដោយខ្លួនឯងមួយ ឬវិធីដទៃទៀតដើម្បីជួបប្រពន្ធគាត់។ ខ្ញុំជឿដូច្នេះ"។

លោកតា Sam និងលោកយាយ JoAnn ត្រូវបានគេស្គាល់រហស្សនាមថា "Romeo និង Juliet" នៅមណ្ឌលថែទាំសុខភាពរបស់ពួកគាត់ក្នុងទីក្រុង Lakeland កន្លែងដែលការរឹតបន្តឹងគម្លាតសង្គមបានបង្ខំឱ្យពួកគេនៅឆ្ងាយពីគ្នា បន្ទាប់ពីវីរុសរាតត្បាតនេះបានវាយប្រហារតំបន់ដែលពួកគាត់រស់នៅ។

ប៉ុន្តែពេលដែលលោកយាយ JoAnn បានធ្លាក់ខ្លួនឈឺដោយសារវីរុសមួយនេះ លោកតា Sam បានប្តេជ្ញានិយាយលាជាលើកចុងក្រោយដោយផ្ទាល់ ទោះបីជាពេទ្យបានព្រមានអំពីលទ្ធផលខ្ពស់ដែលគាត់ក៏អាចធ្លាក់ខ្លួនឈឺធ្ងន់ដែរ។

កូនប្រុសប្តីដំបូងរបស់លោកយាយ JoAnn លោក Scott Hooper បានរំលឹកពីការសន្ទនាជាមួយនឹងលោកតា Sam បន្ទាប់ពីគាត់ធ្វើតេស្តវិជ្ជមានកូវីដ១៩ និងសួរគាត់ថាតើគាត់មានការសោកស្តាយដែរទេនៅក្នុងការសួរសុខទុក្ខមួយនេះ។ 

លោក Hooper សរសេរនៅក្នុងផុសបណ្តាញសង្គមថា "ដោយគ្មានស្ទាក់ស្ទើរសូម្បីបន្តិចគាត់តបថា មិនស្តាយសូម្បីមួយវិនាទី។ គាត់បាននិយាយថា មិនថាអ្វីបានកើតឡើងក៏ដោយ គាត់ពិតជារីករាយខ្លាំងណាស់ ដែលគាត់មានឱកាសដើម្បីនិយាយពាក្យលា និងកាន់ដៃរបស់ប្រពន្ធគាត់បានម្តងទៀត"៕

 

adverise with khmeread