អង្គរក្សប្រញាប់នាំលោកត្រាំរត់ពួន ក្រោយមានការបាញ់បោះនៅក្រៅសេតវិមាន

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានភ្នាក់ងារសេវាកម្មសម្ងាត់ជម្លៀសចេញពីការធ្វើសន្និសីទព័ត៌មានមួយភ្លាមៗ បន្ទាប់ពីការបាញ់ប្រហារមួយបានផ្ទុះឡើងនៅខាងក្រៅសេតវិមាន។ នេះយោងតាម BBC ផ្សាយថ្ងៃអង្គារនេះ។

ភ្នាក់ងារសម្ងាត់បានដើរឡើងលើឆាក ហើយនិយាយខ្សឹបដាក់ត្រចៀករបស់គាត់។

លោកត្រាំត្រូវបានគេឮនិយាយថា "អូ!" និង "តើមានរឿងអ្វីកើតឡើង" ពេលគាត់ចេញពីបន្ទប់។ សេតវិមានត្រូវបានបិទទ្វារក្នុងឧបទ្ទវហេតុនេះកាលពីថ្ងៃចន្ទនៅអាមេរិក។

ប្រធានាធិបតីរូបនេះបានវិលត្រឡប់មកធ្វើសន្និសីទកាសែតវិញនៅ ៩នាទីក្រោយ ដើម្បីនិយាយថា ស្ថានភាពស្ថិតក្រោមការគ្រប់គ្រង ហើយបុរសម្នាក់នោះត្រូវបានប៉ូលិសបាញ់របួស។

សេវាកម្មសម្ងាត់អាមេរិកបានបញ្ជាក់ពីឧបទ្ទវហេតុនេះ ដោយនិយាយថាមាន "មន្ត្រីពាក់ព័ន្ធនឹងការបាញ់ប្រហារនៅផ្លូវលេខ១៧ និងវិថី Pennsylvania Ave"។

សេវាកម្មសម្ងាត់មួយនេះបាននិយាយថា "បុរសបង្កហេតុម្នាក់ និងមន្ត្រី USSS ទាំងពីរនាក់ត្រូវបានដឹកទៅកាន់មន្ទីរពេទ្យក្នុងតំបន់" ដោយបន្ថែមថា "មិនមានការរំលោភបំពានក្នុងបរិវេណសេតវិមានក្នុងឧបទ្ទវហេតុនេះនោះទេ"។

លោកត្រាំបានប្រាប់អ្នកយកព័ត៌មានថា លោកជឿថាសេវាកម្មសម្ងាត់អាមេរិកបានបាញ់ជនសង្ស័យប្រដាប់អាវុធនោះ។

លោកបាននិយាយថាមិនដឹងថាតើបុគ្គលនោះមានចេតនាអាក្រក់ណាមួយចំពោះគាត់ទេ។ ប្រធានាធិបតីរូបនេះនិយាយថា "វាប្រហែលជាមិនមានអ្វីពាក់ព័ន្ធនឹងខ្ញុំទេ"៕

 

adverise with khmeread