កាសែតហុងកុង Apple Daily ដែលបោះពុម្ព៧ម៉ឺនច្បាប់ក្នុងមួយថ្ងៃ លើកនេះបោះពុម្ពជាងកន្លះលានច្បាប់ ក្រោយចិនចាប់ថៅកែរបស់ខ្លួន

កាសែតគាំទ្រប្រជាធិបតេយ្យនៅហុងកុង Apple Daily បានបង្កើនផលិតកម្មរបស់ខ្លួន ហើយប្តេជ្ញាថានឹងបន្តប្រតិបត្តិការ បន្ទាប់ពីប៉ូលិសបានឆ្មក់ទីស្នាក់ការរបស់ខ្លួន និងចាប់ខ្លួនស្ថាបនិករបស់ខ្លួនគឺលោកថៅកែ Jimmy Lai កាលពីថ្ងៃចន្ទ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើទំព័រហ្វេសប៊ុក កាសែតនោះបាននិយាយថា ខ្លួនបានបោះពុម្ពកាសែតចំនួន ៥៥០.០០០ ច្បាប់នៅថ្ងៃអង្គារនេះ គឺកើនឡើងពីចំនួនធម្មតា ៧០.០០០ ច្បាប់។ នៅក្នុងសារមួយកាលពីថ្ងៃចន្ទ កាសែតនេះបានជំរុញឱ្យប្រជាជននៅហុងកុងទិញកាសែត និងបង្ហាញការគាំទ្ររបស់ពួកគេ។

លោក Jimmy Lai ត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទលើបទសង្ស័យ "ឃុបឃិត" ជាមួយកម្លាំងបរទេសនេះបើយោងតាមប៉ូលិស។ បទល្មើសនេះត្រូវបានបង្កើតឡើងដោយច្បាប់សន្តិសុខជាតិថ្មី ដែលដាក់ដោយទីក្រុងប៉េកាំងកាលពីខែមុន។

ប៉ូលិសបាននិយាយថាមនុស្សយ៉ាងតិច ៩ នាក់ផ្សេងទៀតក៏ត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការសន្តិសុខជាតិកាលពីថ្ងៃចន្ទផងដែរ។ កូនប្រុសពីរនាក់របស់លោក Lai ក៏ស្ថិតនៅក្នុងចំណោមពួកគេដែរ៕ ប្រភព៖ CNN

adverise with khmeread