adverise with khmeread 1

HIV នឹង​ព្យាបាល​ជា​ដាច់​នៅ​ប៉ុន្មាន​ឆ្នាំ​ទៀត​? អ្នកវិទ្យាសាស្ត្រ​អះអាងថា​បាន​កម្ចាត់ HIV ចេញ​ទាំងស្រុង​ពី​កោសិកា​ដែល​ឆ្លង​

    ​ក្រុម​អ្នកវិទ្យាសាស្ត្រ​សង្ឃឹមថា ប៉ុន្មាន​ឆ្នាំ​ទៀត​វីរុស​ហ៊ី​វ (HIV) នឹង​អាច​ព្យាបាល​ជាសះស្បើយ បន្ទាប់ពី​ពួកគេ​បានធ្វើ​ជោគជ័យ​ក្នុងការ​ផ្តាច់​វីរុស HIV ចេញពី​កោសិកា​ដែល​ឆ្លង​វីរុស​នេះ ដោយ​កម្ចាត់​វា​ចេញពី​រាងកាយ​ជា​អចិន្ត្រៃយ៍​។

​    ​ការបោះ​ជំហាន​យក្ស​ត្រូវបាន​ធ្វើឡើង​ក្នុងការ​ស្រាវជ្រាវ​រក​វិធី​ព្យាបាល HIV ចាប់តាំងពី​វីរុស​នេះ​ត្រូវបាន​រកឃើញ​ក្នុង​ឆ្នាំ ១៩៨១ ដោយ​ប្រែក្លាយ​វាពី​ឃាតករ​ដ៏​សាហាវ​មកជា​ជំងឺ​រ៉ាំរ៉ៃ ដែល​អាច​ត្រួតត្រា​បាន​តាមរយៈ​ការ​លេបថ្នាំ​នាពេល​បច្ចុប្បន្ននេះ​។

​    ​តែ​ទោះយ៉ាងណា មកទល់​បច្ចុប្បន្ននេះ​អ្នកជំនាញ​នៅតែ​មិនអាច​រក​វិធី​ព្យាបាល​វីរុស HIV ឱ្យ​ជា​ដាច់​នៅឡើយ​ទេ​។

​    ​ការស្រាវជ្រាវ​ភាគច្រើន​បាន​ផ្តោតលើ​វិធីសាស្ត្រ​មួយ​ហៅថា "​វាយ​សំពង និង​សម្លាប់​" ដែល​គេ​ប្រើ​ថ្នាំ​សកម្ម​ទប់ស្កាត់​វីរុស HIV ដែល​សម្ងំ​ក្នុង​រាងកាយ មុនពេល​ដាក់​ថ្នាំ​បន្ថែម​ដើម្បី​ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ​ឱ្យ​សម្លាប់​រាល់​ដាន​របស់ HIV​។​

​    ​ប៉ុន្តែ​ក្រុម​អ្នកវិទ្យាសាស្ត្រ​មកពី​សាលា​ជំនាញ​វេជ្ជសាស្ត្រ Lewis Katz School of Medicine នៃ​សាកលវិទ្យាល័យ Temple University ជឿថា បច្ចេកទេស​កែ​ហ្សែ​ន ហៅថា Crispr/Cas9 អាច​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការចាក់​បញ្ចូល​ថ្នាំ​ដើម្បី​ព្យាបាល​អ្នក​ឆ្លង HIV ឱ្យ​ជា​ដាច់​តែម្តង​។

​    ​វេជ្ជបណ្ឌិត Kamel Khalili ដែល​ដឹកនាំ​ការស្រាវជ្រាវ​បាន​និយាយថា "​លទ្ធផល​ស្រាវជ្រាវ​នេះ​មាន​សារៈសំខាន់​គ្រប់​កម្រិត​ទាំងអស់​។ វា​បង្ហាញ​ពី​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​កែ​ហ្សែ​ន​របស់​យើង​ក្នុងការ​កម្ចាត់ HIV ចេញពី DNA របស់​កោសិកា CD4 T-cells តាមរយៈ​ការណែនាំ​នូវ​ការធ្វើ​បម្រែបម្រួល​ក្នុង​ហ្សែ​ន​មេរោគ ដោយ​ធ្វើឱ្យ​មេរោគ​លែង​អាចធ្វើ​សកម្មភាព​បំ​លែងខ្លួន​ជា​អចិន្ត្រៃយ៍​"​។

​    ​លោក​បាន​បន្ថែមថា "​ជាងនេះទៅទៀត វិធីសាស្ត្រ​នេះ​បាន​បង្ហាញថា ប្រព័ន្ធ​នេះ​អាច​ការពារ​កោសិកា​ពី​ការឆ្លង​វីរុស​នេះ​ម្តងទៀត ហើយ​បច្ចេកវិជ្ជា​នេះ​គឺមាន​សុវត្ថិភាព​សម្រាប់​កោស​កា ដោយ​គ្មាន​ផលប៉ះពាល់​បណ្តាលឱ្យ​ពុល​នោះឡើយ​"​។

​    ​លោក​បន្តថា "​ការពិសោធន៍​ទាំងនេះ​មិនទាន់បាន​អនុវត្ត​មកដល់​កម្រិត​នេះ​ពីមុនមក​ទេ​។ ប៉ុន្តែ​សំណួរ​ដែល​អ្នកវិទ្យាសាស្ត្រ​មុនៗ​ដាក់​មក​គឺមាន​សារៈសំខាន់​ណាស់ ហើយ​លទ្ធផល​ទាំងនោះ​បានអនុញ្ញាត​ឱ្យ​យើង​ព​ន្លឿ​ន​ទៅមុខ​ជាមួយនឹង​បច្ចេកវិជ្ជា​នេះ​"​។

​    ​ខណៈដែល​ការពិសោធន៍​មកទល់​ឥឡូវនេះ​ត្រូវបាន​អនុវត្ត​លើ​កោសិកា​មនុស្ស​នៅក្នុង​មន្ទីរពិសោធន៍ ការពិសោធន៍​ផ្ទាល់​លើ​មនុស្ស​អាច​នឹង​ចាប់ផ្តើម​ក្នុង​រយៈពេល ៣ ឆ្នាំ​ទៀត នេះ​បើតាម​របាយ​ការ​របស់​វេ​ប​សាយ​អង់គ្លេស The Telegraph​។

​    ​ដូច្នេះ​យើង​នឹងត្រូវ​អ៊ុត​មើល​ទាំងអស់គ្នា​ថា​តើ​បី​ឆ្នាំ​ទៀត គេ​អាចធ្វើ​ពិសោធន៍​ជោគជ័យ​លើ​មនុស្ស ឬក៏​អត់​៕

​ប្រភព​៖ ដេលី​មែ​ល

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់