ឯកសារផ្លូវការរបស់រុស្ស៊ីបង្ហាញថា ពូទីនអនុម័តឱ្យប្រើវ៉ាក់សាំងកូវីដក្រោយតេស្តលើមនុស្សតែ៣៨នាក់ និងមានផលប៉ះពាល់មួយចំនួន

នេះបើយោងតាមឯកសារផ្លូវការមួយបានឱ្យដឹងថា វ៉ាក់សាំងបង្ការជំងឺកូរ៉ូណារបស់លោកវ្ល៉ាឌីមៀរ ពូទីនត្រូវបានដាក់ឱ្យប្រើប្រាស់ បន្ទាប់ពីការធ្វើតេស្តលើមនុស្សទើបតែបាន ៣៨ នាក់ និងបណ្តាលឱ្យមានផលប៉ះពាល់រួមមានការឈឺចាប់និងការហើមជាដើម។ នេះយោងតាមកាសែត Daily Mail សរសេរនៅថ្ងៃពុធទី១២សីហានេះ។

ទីភ្នាក់ងារសារព័ត៌មាន Fontanka និយាយថា វ៉ាក់សាំងដែលរុស្ស៊ីស្រែកថាមានប្រសិទ្ធភាពខ្លាំងនេះត្រូវបានដាក់ប្រើប្រាស់ បន្ទាប់ពីស្រាវជ្រាវបាន៤២ថ្ងៃ ហើយប្រសិទ្ធភាពរបស់វានៅតែមិនច្បាស់លាស់។

ឯកសារមួយក្នុងចំណោមឯកសារដែលបានដាក់សម្រាប់ចុះបញ្ជីប្រើប្រាស់ សរសេរថា "មិនមានការសិក្សាលើការព្យាបាលណាមួយត្រូវបានអនុវត្តដើម្បីសិក្សាពីប្រសិទ្ធភាពលើជំងឺរាតត្បាតនេះទេ" ទោះបីជាលោកពូទីនបានអះអាងថាវ៉ាក់សាំងនេះបានឆ្លងកាត់រាល់ការធ្វើតេស្តចាំបាច់ក៏ដោយ។

ក៏មានសំណួរផងដែរអំពីសមត្ថភាពវ៉ាក់សាំងក្នុងការបង្កើតអង្គបដិប្រាណគ្រប់គ្រាន់ បន្ទាប់ពីពូទីននិយាយថាកូនស្រីរបស់គាត់បានបង្កើតពួកវារួចហើយ បន្ទាប់ពីចាក់វ៉ាក់សាំងនេះរួច។

ប្រទេសរុស្ស៊ីបានធ្វើឱ្យការប្រណាំងប្រជែងបង្កើតវ៉ាក់សាំងនេះក្លាយជាបញ្ហានៃកិត្យានុភាពជាតិ ហើយបានដាក់ឈ្មោះផលិតផលនោះថា "Sputnik V" យកតាមឈ្មោះផ្កាយរណបអវកាសសូវៀតដែលបង្កឱ្យមានការបារម្ភថា សុវត្ថិភាពនឹងត្រូវបានសម្របសម្រួលដើម្បីជាប្រយោជន៍ដល់មុខមាត់របស់រុស្ស៊ី។

អ្នកវិទ្យាសាស្ត្រកាលពីម្សិលមិញក៏បានរិះគន់លោកពូទីនចំពោះទង្វើដែលមិនចេះពិចារណា និងល្ងង់ខ្លៅនេះដែរ ដោយពួកគេនិយាយថា វាអាចធ្វើឱ្យជំងឺរាតត្បាតកាន់តែធ្ងន់ធ្ងរ ប្រសិនបើវ៉ាក់សាំងនេះបង្ហាញថាមានគ្រោះថ្នាក់ ឬគ្មានប្រសិទ្ធភាព។

ខណៈដែលលោកពូទីននិយាយថាកូនស្រីរបស់គាត់មិនទទួលរងផលប៉ះពាល់អាក្រក់អ្វីក្រៅពីក្តៅខ្លួនតិចតួច ទីភ្នាក់ងារសារព័ត៌មាន Fontanka អះអាងថា មានបញ្ជី "ព្រឹត្តិការណ៍បញ្ច្រាស់" ជាច្រើនបានកើតឡើង "ញឹកញាប់និងជារឿយៗ"៕

adverise with khmeread

អ្នកនឹងចូលចិត្ត