ប៉ូលិសអាមេរិកចាប់វ៉ៃខ្នោះក្មេងប្រុសអាយុ ៨ ឆ្នាំម្នាក់ តែដៃវាតូចវ៉ៃខ្ស៊ុយៗ

មន្រ្តីប៉ូលិសបានវាយខ្នោះក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ដែលរឹងរូសមិនស្តាប់បង្គាប់ ជេរប្រទេច និងវាយគ្រូនៅសាលាបឋមសិក្សាមួយកន្លែងក្នុងរដ្ឋផ្លរីដា ដែលចុងបញ្ចប់បានត្រឹមសៀតខ្នោះចូលចង្កេះរបស់ខ្លួនវិញដោយសារដៃក្មេងប្រុសរូបនេះតូចពេក។ នេះយោងតាម CNN ផ្សាយកាលពីថ្ងៃទីពុធទី១២សីហាឆ្នាំ២០២០។

ផ្នែកមួយនៃវីដេអូឃ្លីបរបស់ប៉ូលិសនៅក្នុងក្រុង Key West ចាប់ខ្លួនក្មេងនេះកាលពីខែធ្នូឆ្នាំ២០១៨ ដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ត្រូវបានបង្ហាញឱ្យឃើញជាសាធារណៈកាលពីថ្ងៃចន្ទទី១០សីហាដោយមេធាវីការពារសិទ្ធិមនុស្សលោក Ben Crump ដែលជាតំណាងមេធាវីសម្រាប់ម្តាយរបស់ក្មេងប្រុសរូបនេះ។

កាលពីថ្ងៃអង្គារម្តាយក្មេងប្រុសបានដាក់ពាក្យបណ្តឹងសហព័ន្ធ ដោយអះអាងថា មន្រ្តីប៉ូលិសក្នុងវីដេអូបានប្រើកម្លាំងហួសប្រមាណ មន្ត្រីក្នុងសាលារៀនមិនបានចេញមកធ្វើអន្តរាគមន៍ និងថាទីក្រុងនិងសង្កាត់របស់សាលារៀនមួយនេះរំលោភច្បាប់ស្តីពីពលរដ្ឋអាមេរិកដែលមានពិការភាព។ បណ្តឹងនេះលើកឡើងថា ក្មេងប្រុសនេះមានតម្រូវការពិសេស។

ប៉ូលិសក្រុង Key West បានបដិសេធមិនធ្វើអត្ថាធិប្បាយជាមួយទូរទស្សន៍ CNN ទេ។

ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់កាសែត Miami Herald កាលពីថ្ងៃចន្ទ លោក Sean T. Brandenburg ស្នងការប៉ូលិសក្រុង Key West បាននិយាយថា មន្រ្តីរបស់លោកមិនបានធ្វើអ្វីខុសទេ ហើយពួកគេបានអនុវត្តតាមនីតិវិធីប្រតិបត្ដិស្តង់ដារ។

ម្តាយក្មេងប្រុសឈ្មោះ Bianca N. Digennaro បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានតាមកម្មវិធី Zoom កាលពីថ្ងៃអង្គារថា កូនប្រុសរបស់គាត់ត្រូវបានចាប់ខ្លួន នាំទៅដាក់គុក ផ្តិតមេដៃ យកកំហាកពិនិត្យ DNA និងថែមទាំងថតរូបគាត់ថែមទៀតនៅថ្ងៃនោះ។

មេធាវីការពារក្តីលោក Crump បាននិយាយថា ក្មេងប្រុសដែលមានកម្ពស់ត្រឹម ១,០៦ម៉ែត្រ និងទម្ងន់ត្រឹម២៩គីឡូក្រាមរូបនេះ ត្រូវបានចោទប្រកាន់ពីបទវាយដំលើរាងកាយរបស់គ្រូបង្រៀន។ ម្ដាយរបស់គាត់បានតទល់រឿងក្ដីនេះនៅតុលាការអស់រយៈពេល ៩ខែរហូតទាល់តែរដ្ឋអាជ្ញាបានលុបចោលការចោទប្រកាន់នេះ។

ក្រៅពីលោក Crump ក្នុងនោះមានមេធាវីការពារសិទ្ធិស៊ីវិលជាតិលោក Devon Jacob និងលោកស្រី Sue-Ann Robinson ដែលជាទីប្រឹក្សាមេធាវីរបស់លោក Crump និងជាអ្នកវិភាគច្បាប់នៅលើកម្មវិធីទូរទស្សន៍អាមេរិកល្បីៗដូចជា Fox Business Channel ជាដើម បានតំណាងនៅក្នុងការប្តឹងផ្តល់មួយនេះ។

លោក Crump បាននិយាយថា "នេះជាឧទាហរណ៍ដ៏គួរឈឺចាប់មួយដែលបង្ហាញពីរបៀបដែលប្រព័ន្ធអប់រំ និងប៉ូលិសរបស់យើងបង្វឹកកុមារឱ្យក្លាយជាឧក្រិដ្ឋជន ដោយប្រព្រឹត្តចំពោះពួកគេដូចជាឧក្រិដ្ឋជន ប្រសិនបើត្រូវបានផ្តន្ទាទោស កុមារក្នុងករណីនេះនឹងត្រូវបានផ្តន្ទាទោសនៅអាយុត្រឹម ៨ឆ្នាំ។ នេះគឺជាក្មេងប្រុសតូចមួយរូប ដែលគេធ្វើឱ្យបរាជ័យក្នុងជីវិតតាំងពីតូចនៅក្នុងឧបទ្ទវហេតុដ៏រន្ធត់នេះ"៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត