បើកបរលឿនដូចគ្នានិងខ្វះការប្រុងប្រយ័ត្ន ម៉ូតូបុកឡានបណ្ដាលបុរសម្នាក់ស្លាប់ភ្លាមៗ

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត ខណ:ជិះម៉ូតូជ្រុលទៅបុករថយន្តកាលពីវេលា ម៉ោង០៩និង ២០នាទីយប់ ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចជាប់របងសាលាបឋមសិក្សាទួលគោក ផ្លូវលេខ២៨៩កែងផ្លូវលេខ៥៦៦ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

ប្រភពបានឱ្យដឹងថា ភាគីម៉ូតូមានម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1G-4305 បើកបរដោយឈ្មោះ លាត នឿន ភេទប្រុស អាយុ៣៧ឆ្នាំ ជាជាងកាត់ដេរខោអាវម៉ូត មានស្រុកកំណើតភូមិដើមថ្នឹង ឃុំព្រែកដើមថ្លឹង ស្រុកស៊ីធរកណ្តាល នៅខេត្តព្រៃវែង ( ស្លាប់ )។

ឯភាគីរថយន្តម៉ាកនីសាន់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AN-8344 បើកបរដោយបុរសម្នាក់ឈ្មោះ ទឹម សម្បត្តិ ភេទប្រុស អាយុ៣៥ឆ្នាំមុខរបរជាងជួសជុលរថយន្ត ស្នាក់នៅភូមិវាលស្បូវ ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមត្រូវប៉ូលិសឃាត់ខ្លួន។

ប្រភពឱ្យដឹងថា ដំបូងឡើយគេឃើញរថយន្តធ្វើដំណើរ តាមបណ្តោយផ្លូវលេខ២៨៩ ពីត្បូងទៅជើងក្នុងល្បឿនលឿន។ ឯខាងម៉ូតូជិះតែម្នាក់ឯងពីជើងមកត្បូងបញ្ច្រាសទិសគ្នាយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុរថយន្តបានបត់ឆ្វេង ក៏ស្រាប់តែខាងម៉ូតូ អកហ្សើ ជ្រុលមកបុករថយន្តពីចំហៀងបណ្ដាលឱ្យស្លាប់តែម្ដង។ ចំណែកអ្នកបើកបររថយន្ត មិនបានរត់គេចទៅណាទេត្រូវប៉ូលិសឃាត់ខ្លួន។ 

ក្រោយពេលកើតហេតុសមត្ថកិច្ចវាស់វែង​ និងយកយានយន្តទៅរក្សាទុករង់ចាំដោះស្រាយទៅតាមច្បាប់ រីឯសាកសពត្រូវបានក្រុមគ្រួសារដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread