មនុស្ស៤នាក់បានរងរបួសបន្ទាប់ពីរើសយកគ្រាប់មិនទាន់ផ្ទុះទៅគប់លេងបណ្តាលឱ្យផ្ទុះក្ឌាំងឡើង

ពោធិ៍សាត់ ៖ កុមារា៣នាក់និងយុវជនម្នាក់ បានរងរបួសធ្ងន់នៅពេលដែលគេរើសយកគ្រាប់មិនទាន់ផ្ទុះនាំគ្នាទៅគប់លេង បណ្តាលឱ្យផ្ទុះក្ឌាំងឡើងហូរឈាមពេញដី កើតឡើងនៅម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅចំណុចតង់ខៀវ ដែលស្ថិតនៅក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ឯក ធាងឡេង អធិការប៉ូលិសស្រុកវាលវែងបានឱ្យដឹងថា នៅល្ងាចថ្ងៃ១២ សីហា ២០២០ ក្មេងៗរងគ្រោះទាំង៤នាក់ខាងលើនេះជាកូនចៅកងទព័នៅជាប់ព្រំដែនថៃរួមមាន ១-ឈ្មោះ សយ តុលា ភេទប្រុស អាយុ១៥ឆ្នាំរបួសធ្ងន់, ២-ឈ្មោះ សយ កុម្ភៈ ភេទប្រុស អាយុ១៣ឆ្នាំរបួសធ្ងន់, ៣-ឈ្មោះ សយ ស៊ីណាត ភេទប្រុស អាយុ១០ឆ្នាំ របួសស្រាល និង៤-ឈ្មោះ កួយ តាំងយូរ ភេទប្រុស អាយុ២២ឆ្នាំ របួសធ្ងន់។ ទាំង០៤នាក់រស់នៅភូមិ ឃុំកើតហេតុខាងលើ។ ពួកគេនាំគ្នាយកគ្រាប់ទៅគប់លេងជាច្រើនលើកច្រើនសារ បណ្តាលឱ្យផ្ទុះឡើងត្រូវរងរបួសទាំង៤នាក់តែម្តង។

បច្ចុប្បន្នជនរងគ្រោះទាំង៤នាក់ត្រូវបានសមត្ថកិច្ចនិងក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ដើម្បីធ្វើការសង្គ្រោះបន្ទាន់។ 

លោកអធិការស្រុកវាលវែងក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដាកន្លែងផ្សេងៗនៅស្រុកវាលវែងសូមមេត្តាប្រុងប្រយ័ត្ននៅពេលចេញទៅធ្វើការឬក៏ធ្វើធ្វើស្រែចម្ការពេលជួបប្រទះនូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសូមរាយការណ៍មកសមត្ថកិច្ចដែលនៅជិតដើម្បីរាយការណ៍ទៅកម្លាំងអង្គការស៊ីម៉ាក់ដើម្បីចុះមកធ្វើការដោះឬកម្ទេចចោលនិងកុំទៅប៉ះពាល់ឬយកគប់លេង ដំដុតដែលបង្កឱ្យកើតមានគ្រោះថ្នាក់ដូចករណីខាងលើនេះ៕

adverise with khmeread