លោកឧត្តមសេនីយ៍ទោអ៊ុក កុសល ត្រូវបានដកហូតដំណែងពីស្នងការប៉ូលិសខេត្តកំពង់ធំ

កំពង់ធំ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាស ដោយសម្រេចផ្អាកការងារជាបណ្តោះអាសន្ននិងបានព្រមានលើកទិ១ ចំពោះលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការប៉ូលិសខេត្តកំពង់ធំ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។ ការសម្រេចផ្អាកការងារលោក អ៊ុក កុសល នាពេលនេះ បន្ទាប់ពីលោកបានរងការចោទប្រកាន់ថា «បានបំពានផ្លូវភេទយ៉ាងធ្ងន់ធ្ងរលើនារីជាប៉ូលិសជាច្រើនរូប»។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី អ៊ិត គឹមស្រ៊ន ស្នងការរង ត្រូវបានប្រគល់ជាស្នងការស្តីទីនៃ ស្នងការដ្ឋានប៉ូលិសខេត្តកំពង់ធំ ហើយក៏បានផ្ទេរភារកិច្ច លោកឧត្តមសេនីយ៍ត្រី អ៊ឹម សុគឿន ស្នងការរងទទួលផែនការងារធនធានមនុស្ស នៃ ស្នងការដ្ឋានប៉ូលិសខេត្តកំពង់ធំឱ្យមកបម្រើការងារនៅនាយកដ្ឋានបុគ្គលិក ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ កន្លងទៅ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានអនុវត្តវិន័យក្រោមរូបភាព «ព្រមានលើកទី១» ចំពោះលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការប៉ូលិសខេត្តកំពង់ធំ ម្តងរួចមកហើយ ដោយមូលហេតុ «ខ្វះការយកចិត្តទុកដាក់លើការគ្រប់គ្រងនិងដឹកនាំ» ម្តងរួចមកហើយ។

សម្តេច ស ខេង បានព្រមានថា «លោក អ៊ុក កុសល ត្រូវកែប្រែនូវកំហុសឆ្គង និង របៀបរបបការងារដឹកនាំឱ្យបានត្រឹមត្រូវ។ ក្នុងករណីនៅតែប្រព្រឹត្តផ្ទុយពីការណែនាំទៀតនោះ នឹងចាត់វិធានការតាមវិន័យរបស់កងកម្លាំងប៉ូលិសជាតិ។ ក្រោមកទៀតលោក អ៊ុក កុសល នៅតែមិនកែប្រែរបៀបដឹកនាំ បានធ្វើឱ្យមន្ត្រីប៉ូលិសជានារីច្រើនរូបចោទប្រកាន់ថា «បានបំពានផ្លូវភេទយ៉ាងធ្ងន់ធ្ងរបំផុត»។

យោងតាមរយៈលិខិតមួយច្បាប់ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០កន្លងទៅនេះ ប៉ូលិសជានារីជាច្រើនរូបនៃស្នងការដ្ឋានប៉ូលិសខេត្តកំពង់ធំ បានគោរពស្នើសុំសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាមានវិធានការចំពោះលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ ដែលបំពានផ្លូវភេទយ៉ាងធ្ងន់ធ្ងរបំផុត ។

យោងតាមលិខិតដែលមន្ត្រីប៉ូលិសជានារីច្រើនរូបបានផ្តិតមេដៃ ដែលបានគោរពជូនទៅសម្តេចក្រឡាហោមស ខេង​ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាំគ្នាផ្ដិតមេដៃដាក់ពាក្យប្ដឹងនិងស្នើសុំដល់សម្ដេច សុំជួយរកយុត្តិធម៌ជូនដល់ពួកគាត់ដែលជានារីរងគ្រោះ ត្រូវបានលោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការប៉ូលិសខេត្តកំពង់ធំ ជាន់ឈ្លីកិត្តិយសនិងកេរ្តិ៍ឈ្មោះជាស្រ្តីខ្មែរ និងបានបៀតបៀនទៅលើរូបរាងកាយគ្មានសល់ត្រង់ណាបន្តិចសោះឡើយ។

លិខិតដដែលបានធ្វើឡើងកាលពីថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២០ គោរពជូនដល់សម្ដេច ក្រឡាហោម ស ខេង សុំជួយអន្តរាគមន៍និងចាត់ការចំពោះលោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការប៉ូលិសខេត្តកំពង់ធំ។  ក្រៅពីប្រព្រឹត្តអំពើថោកទាបដែលសង្គមស្អប់ខ្ពើមនូវពាក្យ “ត្រីឆ្អោរស៊ីកូនឯង” បុគ្គល អ៊ុក កុសល នេះដឹកនាំបង្កើតបក្ខពួកខ្សែស្រឡាយពុករលួយ និងអុចអាលឱ្យមានការបែកបាក់សាមគ្គីផ្ទៃក្នុង ទាំងថ្នាក់ដឹកនាំស្នងការក៏ដូចជាមន្ត្រីក្រោមឱវាទ ដែលមិនអាចស្តារកិត្តិយសបានឡើយ។

មន្ត្រីប៉ូលិសជានារីៗបន្តថា ជាថ្មីម្តងទៀត នាងខ្ញុំជាមន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តកំពង់ធំ សូមលើកដៃសំពះអង្វរដល់ សម្តេចក្រឡាហោម មេត្តាជួយរកយុត្តិធម៌ដល់នាងខ្ញុំដែលជាជនរងគ្រោះទន់ខ្សោយ គ្មានខ្នងបង្អែកមានតែសម្តេចនិងលោកជំទាវ ដែលជាឪពុកម្តាយជួយថែរក្សាការពារ និងផ្តល់យុត្តិធម៌ឱ្យកូនចៅក្រោមឱវាទផង និងសូមសម្តេចមេត្តាចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលដែលបានប្រព្រឹត្តអំពើ មិនគប្បីមកលើកូនចៅរបស់ខ្លួនដូច្នេះ ដើម្បីជាគំរូដល់អ្នកដឹកនាំដទៃទៀតកុំឱ្យយកគំរូតាម។

សូមគោរពជូនពរបវរមហាប្រសើរជូន សម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងបុត្រ
សូមមានសុខភាពល្អអាយុយឺនយូរ ដើម្បីបានជាម្លប់ដ៏ថ្លៃថ្លាដល់កូនចៅក្រោមឱវាទក្រសួងមហាផ្ទៃទាំងមូល។ សូមសម្តេចមេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីនាងខ្ញុំទាំងអស់គ្នា សូមអរគុណ៕

adverise with khmeread