វ៉ាក់សាំងកូវីដ១៩នឹងចាក់លើដុកទ័ររុស្ស៊ីក្នុងពេល២សប្តាហ៍ទៀត ខណៈមានគេបញ្ជាទិញ ១០០០ លានដូសរួចជាស្រេច

វ៉ាក់សាំងចំនួន១ពាន់លានដូសត្រូវបានគេបញ្ជាទិញរួចជាស្រេច ហើយការចាក់វ៉ាក់សាំងជំហានដំបូងក៏បានត្រៀមលក្ខណៈរួចរាល់ហើយដែរក្នុងរយៈពេលពីរសប្តាហ៍ទៀត ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រលើពិភពលោកមានការប្រយ័ត្នប្រយែងក្នុងការអបអរការព្យាបាលជំងឺកូរ៉ូណារបស់រុស្ស៊ី។

ប្រធានាធិបតីរុស្ស៊ីលោកវ៉្លាឌីមៀរ ពូទីនបានប្រកាសកាលពីថ្ងៃអង្គារថាប្រទេសរបស់លោកបានបង្កើតវ៉ាក់សាំងកូវីដដំបូងគេបង្អស់ដែលមានឈ្មោះថា "Sputnik V" ដែលផ្តល់នូវ "ភាពស៊ាំប្រកបដោយចីរភាព" ប្រឆាំងនឹងជំងឺកូវីដ១៩បានរហូតដល់ ២ ឆ្នាំ។

លោកបានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតតាមវីដេអូជាមួយពួករដ្ឋមន្រ្តីរដ្ឋាភិបាលថា "ព្រឹកនេះជាលើកដំបូងនៅក្នុងពិភពលោក វ៉ាក់សាំងប្រឆាំងនឹងមេរោគកូរ៉ូណាថ្មីត្រូវបានចុះបញ្ជី។ ខ្ញុំដឹងថាវាមានប្រសិទ្ធភាព បង្កើតបានភាពស៊ាំខ្លាំងក្លា ហើយខ្ញុំសូមនិយាយម្តងទៀតថា​វាបានឆ្លងកាត់រាល់ការត្រួតពិនិត្យចាំបាច់អស់ហើយ"។

លោកឧបនាយករដ្ឋមន្រ្តី Tatyana Golikova បាននិយាយថា ក្រុមវេជ្ជបណ្ឌិតអាចត្រូវចាក់វ៉ាក់សាំងនេះនៅខែក្រោយនេះ ខណៈដែលការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំត្រូវគេរំពឹងថានឹងចាប់ផ្តើមនៅដើមខែតុលា។

លោក Kirill Dmitriev នាយកប្រតិបត្តិនៃមូលនិធិវិនិយោគផ្ទាល់របស់សហព័ន្ធរុស្ស៊ី ដែលបានផ្តល់មូលនិធិដល់វ៉ាក់សាំងនេះបាននិយាយថា "យើងរំពឹងថាអ្នកស្ម័គ្រចិត្តរាប់ម៉ឺននាក់នឹងត្រូវចាក់វ៉ាក់សាំងក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ"៕ ប្រភព៖ news.com.au

adverise with khmeread