សមត្ថកិច្ចឆែកឆេរបន្ទប់ លេខ៧២១ ខុនដូ Diamond one នៅកោះពេជ្ររកឃើញថ្នាំញៀនជាច្រើនប្រភេទនិងអាវុធខ្លី១ដើម

ភ្នំពេញ ៖ សមត្ថកិច្ចចម្រុះ នៅព្រឹកថ្ងៃទី១៣ សីហាឆ្នាំ ២០២០ម្សិលមិញ ឆែកឆេរបន្ទប់លេខ៧២១ ជាន់ទី៧ នៃ ខុនដូ Diamond one នៅកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បន្ទាប់ពីមានការបាញ់តដៃគ្នារវាងសមត្ថកិច្ចនិងជនល្មើសកាលពីពេលយប់ក្នុងការចុះបង្ក្រាបគ្រឿងញៀន ហើយជាលទ្ធផលសមត្ថកិច្ចបានរឹបអូសវត្ថុតាងមួយចំនួន។

ប៉ូលិសនិយាយថា កម្លាំងប៉ូលិសរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានដឹកនាំកម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀន និងមន្ត្រីប៉ូលិសខណ្ឌចំការមន ចុះសហការជាមួយប៉ូលិសការិយាល័យ (ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង អ៊ុំ សុភក្តី និងលោក សេង រតនៈ ជាក្រឡាបញ្ជី ឱ្យធ្វើការឆែកឆេរបន្ទប់លេខ៧២១ ជាន់ទី៧ នៃ ខុនដូ Diamond one សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅព្រឹកថ្ងៃទី១៣ សីហា ២០២០។

ប៉ូលិសបន្តថា កិច្ចប្រតិបត្តិការនេះធ្វើឡើង ក្រោយពីកម្លាំងប៉ូលិសមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀននៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ កាលពីវេលាម៉ោង៩ និង៣០
នាទីយប់ថ្ងៃពុធ ទី​១២​ ខែ​សីហា​ ឆ្នាំ​២០២០។​ ចំពោះក្នុងហេតុការណ៍នោះ​កម្លាំងប៉ូលិសបានឃាត់ខ្លួនជនសង្ស័យបាន២នាក់​ ក្រោយពីជនសង្ស័យបានផ្ទុះអាវុធចំនួន៥គ្រាប់​។ ឯសមត្ថកិច្ចបាញ់ការពារខ្លួនចំនួន៣គ្រាប់​វិញ។

ប៉ូលិសបន្តទៀតថា ជាលទ្ធផលសមត្ថកិច្ចបាន រកឃើញសម្ភារៈវត្ថុតាងរួមមាន ១-ម្សៅម៉ត់ពណ៌សសង្ស័យជាគ្រឿងញៀន ចំនួន០៧កញ្ចប់ថង់ (តូច០៤កញ្ចប់ និងធំ០៣កញ្ចប់), ២-ក្រាមពណ៌ស ថ្លាសង្ស័យជាគ្រឿងញៀន ចំនួន០៤កញ្ចប់, ៣-ម្សៅម៉ត់ពណ៌ស លាយពណ៌ទឹកដោះគោចំនួន០១កញ្ចប់តូច, ៤- កញ្ឆាក្រៀមចំនួន០១កញ្ចប់, ៥-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០៥គ្រឿង, ៦-សម្ភារៈសម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន, ៧-អាវុធខ្លីមិនស្គាល់ម៉ាកចំនួន០១ដើម, ៨-រថយន្តម៉ាក Toyota Tundra ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BA-1235 ចំនួន១គ្រឿង។ 

បច្ចុប្បន្នសម្ភារៈវត្ថុតាងនិងជនសង្ស័យខាងលើ បានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀនដើម្បីចាត់ការតាមនីតិវិធី៕


 

adverise with khmeread