ប៉ូលិសខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១២និង៣០នាទី ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប៉ូលិសនិយាយថា ជនសង្ស័យ៣នាក់រួមមាន ១-ឈ្មោះ គីម ចំណាប់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង មានទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ, ២-ឈ្មោះ វិបុល កក្កដា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ទីលំនៅភូមិព្រៃវែងខាងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ និង ៣-ឈ្មោះ គីម ផាណុច ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក ក្រាមពណ៌សថ្លាចំនួន៣២កញ្ចប់ថង់តូច, ជញ្ជីងអេឡិចត្រូវនិចពណ៌ខ្មៅចំនួន០១គ្រឿង, ប្រដាប់ចូកគ្រឿងញៀនចំនួន០២, ថង់សម្រាប់ច្រកថ្នាំញៀន និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ប៉ូលិសបន្តថា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១២ និង៣០នាទី កម្លាំងប៉ូលិសខណ្ឌដង្កោដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោ,លោកវរសេនីយ៍ទោ សូរ វិសាល អធិការងខណ្ឌដង្កោ, លោកវរសេនីយ៍ត្រី ម៉ាក់ គន្ធា នាយប៉ុស្តិ៍រដ្ឋបាលព្រៃវែង បានចុះបង្ក្រាបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ។ 

ប៉ូលិសបន្តទៀតថា ពេលនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៣នាក់មានឈ្មោះ គីម ចំណាប់, ឈ្មោះ វិបុល កក្កដា និងឈ្មោះ គីម ផាណុច រួចធ្វើការឆែកឆេររកឃើញវត្ថុតាងមួយចំនួននៅក្នុងផ្ទះរបស់ជនសង្ស័យឈ្មោះ គីម ចំណាប់ ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យខាងលើ រួមជាមួយវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋានប៉ូលិសខណ្ឌដង្កោតាមនីតិវិធីច្បាប់៕


 

adverise with khmeread