គាស់ទម្លុះទម្លាយចម្រឹងដែកបង្អួចលួចគ្រឿងសង្ហារឹមបានសម្រេច,តែរត់មិនបានសម្រេច

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានប៉ូលិសឃាត់ខ្លួន នាថ្ងៃទី១៣ សីហា ឆ្នាំ២០២០ បន្ទាប់ពីបានធ្វើសកម្មភាពកាប់គាស់ទម្លុះទម្លាយ ដោយប្រើដំបងឈើគាស់ចម្រឹងដែកបង្អួចលួចគ្រឿងសង្ហារឹមនៅផ្ទះលេខ២៩៧ ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១១ សីហា ២០២០ ម៉ោង៥ល្ងាចកន្លងទៅ។

ប៉ូលិសនិយាយថា ជនសង្ស័យ០២នាក់រួមមាន ១-ឈ្មោះ ហេង មករា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ និង២-ឈ្មោះ ឈីម សំណាង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ ជនសង្សយ័ទាំង២នាក់ ស្នាក់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ ចំណែក ជនរងគ្រោះឈ្មោះ ហេ សុខហេង ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ ស្នាក់នៅផ្ទះកើតហេតុ។

ប៉ូលិសបន្តថា មុនពេលកើតហេតុជនរងគ្រោះចាក់សោទ្វារផ្ទះទុកចោលនៅចំណុចកើតហេតុ រួចទៅមើលចម្ការនៅខេត្តកំពង់ធំ។ ស្រាប់តែជនសង្ស័យ២នាក់ខាងលើផ្លោះរបងចូលបរិវេណផ្ទះ រួចនាំគ្នាយកដំបងឈើគាស់ចម្រឹងដែកបង្អួច ចូលក្នុងផ្ទះជនរងគ្រោះលួចបន្ទះក្តារឈើបេង១សន្លឹក និងរូបចម្លាក់ត្រីធ្វើពីឈើបេង១គូ យកទៅលាក់ទុកនៅក្នុងព្រៃដីឡូត៍ក្បែរនោះរួចនាំគ្នាគេចខ្លួន។ 

លុះដល់ថ្ងៃទី១២ សីហា ឆ្នាំ២០២០ ម៉ោង១២ ជនរងគ្រោះត្រលប់មកផ្ទះវិញឃើញមានស្នាមគាស់ចម្រឹងដែកបង្អួច និងឃើញបាត់គ្រឿងសង្ហារឹមខាងលើ ក៏មករាយការណ៍ប្តឹងសមត្ថកិច្ច។ រហូតដល់ថ្ងៃទី១៣សីហាឆ្នាំ២០២០ ម៉ោង២រសៀល សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ០២នាក់ នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រួចនាំទៅដកហូតវត្ថុតាងខាងលើ ដែលជនសង្ស័យយកលាក់ទុកក្នុងព្រៃដីឡូត៍ខាងលើ។

បន្ទាប់មកបានបញ្ជូនជនសង្ស័យទាំង២នាក់មកអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅចាត់ការតាមច្បាប់៕


 

adverise with khmeread