FBI សន្និដ្ឋានថា ការជួសជុលឃ្លាំងទំនិញជាមូលហេតុបង្កឱ្យផ្ទុះសារធាតុអាម៉ូញ៉ូមនីត្រាតនៅកំពង់ផែក្រុងបៃរូត

ការវាយតម្លៃរបស់រដ្ឋាភិបាលអាមេរិកចំពោះការផ្ទុះដ៏សាហាវកាលពីសប្តាហ៍មុននៅទីក្រុងបៃរូតបានសន្និដ្ឋានថា ការងារថែទាំជួសជុលទំនងជាមូលហេតុនាំឱ្យមានការផ្ទុះឃ្លាំងផ្ទុកសារធាតុអាម៉ូញ៉ូមនីត្រាតដ៏ធំ។

ការសន្និដ្ឋាននេះកើតឡើងចំពេលមានការសង្ស័យទៅលើមូលហេតុដែលអាចបណ្តាលឱ្យមានការផ្ទុះសារធាតុគីមីដែលបានសម្លាប់មនុស្ស ១៧១ នាក់។

កាលពីសប្តាហ៍មុន ប្រភពសន្តិសុខបានអះអាងថា ជាងផ្សាដែកម្នាក់បានបង្កឱ្យមានអគ្គីភ័យដំបូង ដែលជាហេតុនាំឱ្យឆេះឃ្លាំងផ្ទុកជាតិគីមីនេះ។

ការផ្ទុះនេះគឺជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតរបស់ប្រទេសលីបង់ ដោយបង្កការបំផ្លិចបំផ្លាញពាសពេញទីក្រុងបៃរូត ហើយត្រូវគេមើលឃើញថាជាផលវិបាកផ្ទាល់នៃអសមត្ថភាពនិងអំពើពុករលួយរបស់រដ្ឋ។

ប្រភពដែលដឹងពីស្ថានភាពនេះបានប្រាប់កាសែត Wall Street Journal ថា ការងារថែទាំទំនងជាបង្កឱ្យមានការផ្ទុះ ដែលបានការបំផ្លិចបំផ្លាញភាគច្រើននៃរដ្ឋធានីលីបង់នេះ។

ការផ្ទុះនេះបានកើតឡើងនៅពេលដែលឃ្លាំងមួយបានឆាបឆេះឃ្លាំងផ្ទុកជាតិអាម៉ូញ៉ូមនីត្រាត ២.៧៥០ តោន ដែលត្រូវបានរក្សាទុកនៅក្នុងកំពង់ផែទីក្រុងនេះអស់រយៈពេល ៦ ឆ្នាំ។

ការផ្ទុះដែលគេប្រៀបធៀបជាមួយគ្រាប់បែកបរមាណូនៅហ៊ីរ៉ូស៊ីម៉ាកាលពី ៧៥ ឆ្នាំមុនបានធ្វើឱ្យមនុស្សជាង ៦.០០០ នាក់រងរបួស និងបណ្តាលឱ្យមនុស្ស ៣០០.០០០ នាក់គ្មានផ្ទះសម្បែង។

អ្នកពន្លត់អគ្គិភ័យចំនួន ១០ នាក់ត្រូវបានបញ្ជាក់ថាស្លាប់នៅក្នុងហេតុការណ៍នេះ ហើយ ៦ នាក់ទៀតកំពុងស្ថិតនៅក្នុងការបាត់ខ្លួននៅឡើយក្នុងនោះមានសមាជិក ៣ នាក់ជាក្រុមគ្រួសារតែមួយ។

ស្របពេលនោះ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Hassan Diab ក៏បានលាឈប់ពីតំណែងកាលពីថ្ងៃចន្ទ ប៉ុន្តែរឿងនោះមិនបានធ្វើឱ្យមានការចាប់អារម្មណ៍ដល់ក្រុមអ្នកតវ៉ាដែលចង់ឱ្យមេដឹកនាំរូបនេះទទួលខុសត្រូវចំពោះមហន្តរាយនេះនោះឡើយ៕

adverise with khmeread