មិនដឹងមនុស្សចង្រៃណាយកសំបកកង់បោះលើដីស្រែរាល់ថ្ងៃឡើងក្លាយជាគំនរសំរាម កសិករអង់គ្លេសម្នាក់ដាក់កាមេរ៉ាសុវត្ថិភាពតាមដាន រួចធ្វើរឿងភ្ញាក់ផ្អើលមួយដើម្បីសងសឹក

កសិករមួយរូបដែលញាំញីដោយអ្នកចោលសំរាមខុសច្បាប់ ដែលបានបោះចោលសំបកកង់ឡានចំនួន៤២១ នៅលើដីរបស់គាត់ បានធ្វើការសងសឹកយ៉ាងផ្អែមមាត់ បន្ទាប់ពីគាត់បានដឹកសំបកកង់ទាំងនោះចូលក្នុងឡានដឹកដីមួយគ្រឿង និងបញ្ជូនវាត្រឡប់ទៅម្ចាស់ដើមវិញដោយចាក់សំបកកង់ពាសពេញមុខផ្ទះរបស់អ្នកចោលសំរាមឥតមាយាទនោះ។

សំណល់សំបកកង់ទាំងនេះត្រូវបានបោះបង់ចោលនៅលើវាលកសិដ្ឋានរបស់លោក Stuart Baldwin នៅក្នុងក្រុង Wigan ប្រទេសអង់គ្លេស ប៉ុន្តែសកម្មភាពនៃការចោលសំរាមទាំងនេះត្រូវបានផ្តិតជាប់នៅលើកាមេរ៉ាសុវត្ថិភាព។

អ្នកប្រកបរបរនៅកសិដ្ឋានចិញ្ចឹមសត្វវ័យ ៥៦ឆ្នាំរូបនេះ មានការខឹងសម្បារយ៉ាងខ្លាំង។ បន្ទាប់ពីដីរបស់គាត់ត្រូវបានចោលសំរាម ២៥លើក គាត់បានសម្រេចចិត្តធ្វើការស៊ើបអង្កេត និងចាប់បានទីតាំងរស់នៅអ្នកចោលសំរាមលើដីរបស់គាត់ដែលស្ថិតនៅតំបន់ក្បែរផ្ទះរបស់គាត់ ដោយផ្តល់ពេលឱ្យអ្នកចោលសំរាមមិនចេះគិតរូបនេះរយៈពេលបីថ្ងៃដើម្បីសម្អាតដីរបស់គាត់។

ប៉ុន្តែពេលដែលថ្ងៃកំណត់បានហួសដោយគ្មានប្រតិកម្មអ្វីតបមកវិញ ម្ចាស់កសិដ្ឋានរូបនេះបានប្រើប្រាស់ឡានអាជីវកម្មកែឆ្នៃសំណល់បោះចោលរបស់គ្រួសាររបស់គាត់មួយគ្រឿងដើម្បីបញ្ជូនវាត្រឡប់ទៅវិញ។

វីដេអូបានបង្ហោះនៅលើអនឡាញ បង្ហាញពីសំបកកង់ត្រូវបានចាក់ពេញមុខផ្ទះរបស់អ្នកចោលសំណល់ក្បាលរឹងដែលមិនខ្ចីខ្វល់ខ្វាយពីការព្រមានរបស់លោក Stuart។ 

លោក Stuart បានប្រាប់ទៅវេបសាយ DailyMail ថា "ការសងសឹកគឺជារឿងដ៏មានក្តីសុខបំផុតមិនអ៊ីចឹង? ខ្ញុំពិតជាឆ្អែតឆ្អន់នឹងរឿងនេះណាស់ ដូច្នេះខ្ញុំបានគិតថាខ្ញុំគួតែធ្វើរឿងតិចតួចវាយបកទៅវិញ"៕


 

adverise with khmeread