រថយន្ត​​ក្រុមហ៊ុន​ Premium Logistic បើកបុកខ្លោងទ្វាររមណីយដ្ឋាន​ទន្លេបាទី​បាក់ទាំងស្រុង

តាកែវ ៖ មានករណី​រថយន្តសណ្តោងកុងតឺន័របើកបុក​ខ្លោងទ្វារ​រមណីយដ្ឋាន​ទន្លេបាទី​ទាំងកម្រោល ស្ថិតនៅតាមផ្លូវជាតិលេខ២ ស្រុកបាទី ខេត្តតាកែវ បានបាក់​រលំកើតឡើង កាលពី​រសៀល​ថ្ងៃ​ទី​១៤​ ខែ​សីហា ​ឆ្នាំ​២០២០ ​ហើយអ្នកបើកបរត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ។

សមត្ថកិច្ចនិយាយថា ខ្លោងទ្វារ​ចូល​រមណីយដ្ឋាន​ទន្លេបាទី​កសាង​ឡើង​តាំងពី​ឆ្នាំ​១៩៦៩​ បើ​គិត​រហូត​មក​ពេលនេះ មាន​អាយុកាល​៥១​ឆ្នាំ​មកហើយ ត្រូវបាន​រថយន្ត​ដឹក​កុងតឺន័រ ​បើក​បុក​រលំ​ទាំង​ស្រុង​ ។រថយន្ត​បង្កហេតុ​ម៉ា ក​Fuso ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​3D.8749 ជា​រថយន្ត​របស់​ក្រុមហ៊ុន​Premium Logistic អ្នកបើកបរ​ឈ្មោះ​ ខុន​ ភា​រម្យ ​ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​។ នៅក្នុង​ហេតុការណ៍​នេះ​ មិន​បណ្តាល​ឱ្យអ្នកណាម្នាក់​ទទួលរង​គ្រោះ​នោះ​ឡើយ​។ ​ចំណែកអ្នកបើកបរ​រថយន្ត​បង្កហេតុ ​ត្រូវបាន​សមត្ថកិច្ច​ដោះលែង​ឱ្យមាន​សេរីភាព​ឡើង​វិញ​ ដោយសារតែ​ក្រុមហ៊ុន​យល់ព្រម​សង​ថ្លៃ​ខូចខាត​ទាំងស្រុង​។​

សមត្ថកិច្ចបន្តថា ចំពោះ​រថយន្ត​បង្កហេតុ សមត្ថកិច្ច​បាន​នាំយកទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​បាទី​ ដើម្បី​រង់ចាំ​គណៈកម្មការ​ចម្រុះ​ធ្វើការ​ពិភាក្សា​វាយតម្លៃ​ នៃ​ការ​ខូចខាត​ក្នុង​ការ​ទារ​សំណង​ពី​ភាគី​ខាង​រថយន្ត​សម្រាប់​ការ​កសាង​ឡើងវិញ៕

adverise with khmeread