adverise with khmeread 2

ល្បែង​អង្គញ់​

    ​ល្បែង​អង្គញ់ គេ​ឲ្យ​ឈ្មោះ​តាម​វត្ថុ​ដែល​គេ​យកមក​លេង គឺ​ផ្លែ​អង្គញ់ ដែល​ក្រៀម​ស្ងួត​។ ល្បែង​នេះ គេ​លេង​បាន​ទាំងប្រុស​ទាំងស្រី ទាំងចាស់ទាំងក្មេង នៅវេលា​ថ្ងៃ ឬវេលាយប់​ខែភ្លឺ នា​រដូវចូលឆ្នាំ​។​

​    ​សកម្មភាព​របស់​អ្នកលេង ដូ​ចរូច​ភាព​នេះ​៖

​    ​ល្បែង​អង្គញ់ គេ​លេង​បាន​តាំង​ពីគ្នា ២ នាក់​ឡើងទៅ​ដល់ ១០ នាក់ ដោយ​ចែកចេញជា​ពី​ពួក​មាន​ចំនួន​ស្មើគ្នា ដែលមាន​ស្រី​ម្ខាង​ប្រុស​ម្ខាង​ក៏បាន ចម្រុះ​គ្នា​ទាំងសងខាងក៏បាន​។ អង្គញ់​ដែល​គេ​យកមក​លេង​នេះ ឲ្យ​ឈ្មោះថា "​កោយ​" ចែកចេញជា​ពីរ​ផ្នែក​ដែរ គេ​ហៅថា កោយ​ដាំ​មួយ​ពួក កោយ​បោះ​មួយ​ពួក​។ កើយ​មួយ​ពួកៗ​មាន​ចំនួន ៣ ឬ ចំនួន ៥គឺថា​បើ​ដាំ​កោយ ៣ ក៏​បោះ​កោយ ៣ ,​បើ​ដាំ​កោយ ៥ ក៏​បោះ​កោយ ៥ តាម​ចំនួន​អ្នកលេង​មាន​តិច​ឬ​ច្រើន​។ ដែល​ហៅថា កោយ​ដាំ គឺ​គេ​ដាំ​ភ្ជាប់​ទៅនឹង​ដី មាន​ជួរ​បែក​កន្ធែក​ចេញពីកោយ​កណ្ដាល​មួយ ដែល​ហៅថា "​មេក្លោង ឬ​កន្លោង​" ១ ឬ ២ ខាងស្ដាំ ១ ឬ ២ ខាងឆ្វេង មាន​សណ្ឋាន​ដូច​ក្អែកទឹក​ហើរ ដែល​ឲ្យ​មេខ្យល់​មួយ​នាំមុខ ហើយ​ក្អែកទឹក​ហ្វូង​បែកគ្នា​ជា​ជួរ​បញ្ឆៀងៗ​គ្នា​ពីក្រោយ​។ រីឯ​កោយ​បោះ គឺ​កោយ​ទាំងឡាយ​ដែល​គេ​កាន់​យកទៅ​ទី ហើយ​បោះ​ក្ដី ធ្វើ​អ្វី​គ្រប់បែប​ទៀត​ក្ដី សម្រាប់​រំលំ​កោយ ដាំ​ទាំង​ប៉ុន្មាន​នោះ​។ ត្រង់រណ្ដៅ​តូចៗ​ដែល​ឆ្កៀល​ដី យក​កន្លែង​ដាំ​កើយ​ឲ្យ​ជាប់​នោះ គេ​ហៅថា "​រន្ធ ឬ​រន្ធ​កោយ​" ។ គេ​កំណត់​កន្លែង​មួយ​ពីមុខ​កោយ​ដាំ​ប្រមាណ​ជា ៣ ឬ ៤ ម៉ែត្រ សន្មត​ហៅថា "​ទី​" គឺជា​ទីដែល​គេ​ត្រូវ​បោះ ឬ​ទៅធ្វើ​អ្វីមួយ ពី​ត្រឹមនោះ​តម្រង់​មក​កោយ​ដាំ​វិញ​។ អ្នក​ដែល​ត្រូវ​ឡើង​មុន​គឺ​បាន​ទៅ​បោះ​ពី​ទី​មុនគេ​នោះ សម្រេច​លើ​ការព្រមព្រៀង​គ្នា​,​ជាធម្មតាគេ​ច្រើនតែ​អនុញ្ញាត​ឲ្យ​ពួក​អ្នកខ្សោយ​ជាង​មាន​សិទ្ធិ​ទៅ​បោះ​មុនគេ ទុកដូចជា​តទី​ឲ្យ​ដែរ ឯការ​ចាញ់ឈ្នះ​ស៊ីសង​ត្រង់​នរណា​ធ្វើ​ត្រូវ​កោយ​ដាំ​ចប់សព្វគ្រប់​មុនគេ គឺ​គ្រប់បែប​គ្រប់​ថ្នាក់ដែល​របៀប​លេង​អង្គញ់​តម្រូវ​ឲ្យ​ទាំង​ប៉ុន្មាន​។ ប៉ុន្តែ​គេ​ច្រើន​សន្មតគ្នា​បន្ថែម​ឲ្យ​អ្នកចាញ់​ធ្វើ ៣ ឬ ៤ ក្ដារ​សិន ហៅថា "​តាម​" ដូច្នេះ​បានជា​មុននឹង​លេង គេ​សន្មតគ្នា​ថា តាម​ប៉ុន្មាន​ក្ដារ​?បើ​គេ​សម្រេច​គ្នា​ថា ប៉ុន្មានៗ​ដល់ទី​បំផុត​ត្រូវតែ "​តាម​" ប៉ុណ្ណោះ​ក្ដារ​សិន​។ បើ​ផុតកំណត់​ហើយ នៅតែ​មិនបាន​ធ្វើ ត្រូវអស់​ទៀត​នោះ​ទើប​ទុកជា​ចាញ់ ហើយ​ពួក​ខាង​ឈ្នះ ត្រូវជោះ​ពួក​ខាង​ចាញ់​តាម​ចំនួន​ដែល​គេ​សន្យា​គ្នា ឧបមា​រថា គេ​សន្យាថា កោយ​មួយ​ជោះ ១០ ដូច្នេះ​នរណា​កាន់​កោយ​បោះ​មួយ បើ​ឈ្នះ​ត្រូវបាន​ជោះ​គេ ១០ តែបើ​ចាញ់​ក៏ត្រូវ​គេ​ជោះ១០ ដែរ​។​

​    ​ល្បែង​នេះ​មាន​លក្ខខណ្ឌ​តឹងរ៉ឹង​ណាស់ បើ​ធ្វើ​ខុស​បទ​វិន័យ​ណាមួយ​នឹងត្រូវ​ទទួលពិន័យ​ភ្លាម​មួយ​រំពេច​។ លក្ខខណ្ឌ​ទាំងនេះ យើង​និង​បរិយាយ​របៀប​លេង​ខាងក្រោមនេះ​។​

​    ​ល្បែង​អង្គញ់​ចែកចេញ​ច្រើន​ជាន់ថ្នាក់​ជា​សង្កាត់ៗ​មាន​៖

​    ​១. បោះ (​កាន់​បោះ​មកពី​ទី តម្រង់​កោយ​ដាំ​)
​    ​២. ស៊ីគោល (​បាញ់​ដោយ​ម្រាមដៃ​ដាក់​លើ​ក្បាលជង្គង់​)
​    ​៣. ស៊ី​ប៉ា​រ៉េត (​បាញ់​ដោយ​ម្រាមដៃ​ដាក់​ផ្ទាល់​នឹង​ដី​)
​    ​៤. ត្រកង (​ប្រមៀល​អង្គញ់​មកពី​ទី​)
​    ​៥. ចាក់​ខ្ទែ​ក (​ដាក់​អង្គញ់​លើ​ខ្នងជើង​ដើរ​បី​ជំហាន​)
​    ​៦. បោះ​ជោះ (​បោះ​សម្រេច​ជា​ចុងក្រោយ​បំផុត​)

​    ​របៀប​លេង​ក្នុង​សង្កាត់​នីមួយៗ​មាន​ដូចតទៅ​៖

​    ​ថ្នាក់ទីមួយ បោះ ពួក​អ្នក​ដែល​ត្រូវ​ឡើងទៅ​បោះ គេ​បោះ​តម្រង់​ទៅ​កោយ​ដែល​ដាំ​ណាមួយ​,​កាល​បោះ​ទៅ​ត្រូវ​កោយ​ដាំ​នោះ​ហើយ កោយ​នោះ​ក៏​ខ្ទេច​ចេញពី​រន្ធ​ទៅ កោយបោះ​ក៏​នៅក្នុង​រន្ធ​កោយ​ដាំ​, ហើយ​អ្នក​ដាំ​ទះ​កោយ​បោះ​នោះ​បង្កប់​ថែមទៀត យ៉ាងនេះ​គេ​ហៅថា "​ស្អុយ​"​។ បើ​បោះ​ត្រូវ​កោយ​ណាមួយ​ហើយ បើ​បោះ​កោយ​មួយ​ក្រោយ ទៅ​ត្រូវ​កើយដដែល​ទៀត​គេ​ហៅថា "​ម៉ា​យ​"​។ បើ​អ្នក​បោះ​ប្រព្រឹត្ត​ខុស​វិន័យ​ទាំងនេះហើយ ត្រូវ​អ្នក​ដាំ​ទៅ​បោះ អ្នក​បោះ​មក​ដាំ​វិញ​ម្ដង ។ កាលណា​បោះ​ទៅ​ត្រូវ​កោយ​ដែល​ដាំ​ដួល​ទាំងអស់រួចហើយ អ្នក​បោះ​ត្រូវ​ចាប់​បន្តធ្វើ​ស៊ីគោល​តទៅទៀត​។​

​    ​ថ្នាក់​ទី ២ ស៊ីគោល កាលបើ​បោះ​ត្រូវ​អស់ហើយ​គេ​យក​កោយ​របស់គេ​ដែល​សំដៅទៅ "​ទី​" ហើយ​អង្គុយច្រហោង​រុញ​ក្បាលជង្គង់​ម្ខាង​ទៅមុខ​បន្តិច យក​កោយ​ដាក់លើ​ក្បាលជង្គង់​នោះ ទាត់​កោយ​ដោយ​មេដៃ​ឬ​ច​ង្អុ​កដៃ តម្រង់​ទៅ​កើយ​ដាំ​ណាមួយ​។ បើ​កោយ​ធ្លាក់​ទៅនោះ ធ្លាក់​ជិត​កោយ​ដាំ​ពេក​ប្រមាណ​ជាមួយ​ចំអាម ឬ​កន្លះ​ចំអាម​នោះ​, អ្នកស៊ីគោល​គេ​សួរ​អ្នក​ដាំ​ថា "​វ័ធ​ឬ​ណាប់​?" បើ​អ្នក​ដាំ​ឆ្លើយថា "​វ័ធ​" អ្នក​ស៊ីគោល​ត្រូវ​វ៉ាស់​ជា​ចំអាម​ដោយ​យក​មេដៃ​ដាក់​លើ​កើយ​របស់ខ្លួន​ចង្អុលដៃ​វ័ធ​កោយ​ដាំ​ឲ្យ​ដួល​តែម្ដង​។ បើ​អ្នក​ដាំឆ្លើយថា "​ណាប់​" អ្នក​ស៊ីគោល​គេ​លើក​កោយ​របស់គេ​គប់​ទៅ​កោយ​ដាំ​នោះ​ឲ្យ​ដួល​តែម្ដង​។ ដូចនេះ​កោយ​ដែល​ស៊ីគោល​ធ្លាក់​ជិត​ពេក​នោះ គេ​ឲ្យ​ឈ្មោះថា "​វ័ធ​-​ណាប់​"​។ បើ​កោយដែល​ស៊ីគោល​ទៅហើយ​ធ្លាក់​ឆ្ងាយ​ពី​កោយ​ដាំ​ជាង​មួយ​ចំអាម​នោះ អ្នក​ស៊ីគោល​ត្រូវ​លុតជង្គង់ ហើយ​យក​កើយ​នោះ មក​ដាក់​លើ​ក្បាលជង្គង់​ផ្ទាត់​តម្រង់​ទៅ​កោយ​ដាំបន្តទៅ​ម្ដងទៀត ទាល់តែ​អស់​កើយ​របស់ខ្លួន​។ បើ​កោយ​ស៊ីគោល​នោះរ​ត់ទៅ​ប៉ះ​ដូចជា​កើយ​ស៊ីគោល​ទៅមុន​ធ្លាក់​ត្រង់​កន្លែង​ណាមួយ ហើយ​កើយ​ទៅក្រោយរ​ត់ទៅ​ប៉ះ​កោយ​មុននោះ ដល់ពេល​អ្នកបាញ់​ពេល​ទៅ​បាញ់​ម្ដងទៀត​នោះ អ្នក​ដាំ​គេ​ត្រូវ​ពិន័យ​ដូច្នេះ គឺ​កោយ​មុនគេ​ឲ្យ​ផ្ទាត់​ដោយ​ស្រលៀង​ភ្នែក​ម្ខាង គឺ​ឲ្យ​ធ្មេចភ្នែក​ម្ខាង ឯ​កោយ​ក្រោយ​គេ​ឲ្យ​ផ្ទាត់ដោយ​ខ្វាក់ភ្នែក គឺ​ឲ្យ​ធ្មេចភ្នែក​ទាំងសងខាង​។ ដូច្នេះ​ទើប​គេ​ឲ្យ​ឈ្មោះ កើត ២ នេះ​ថា កោយ​ខ្វាក់ និង​ស្រលៀង​តាម​ទណ្ឌកម្ម​ដែល​គេ​ពិន័យ ស៊ីគោល​ដូច​បាន​រៀបរាប់​មកនេះ​ត្រូវកោយ​ដាំ​ដួល​អស់ហើយ គេ​ត្រូវធ្វើ​ស៊ី​ប៉ា​រ៉េត​តទៅទៀត​។​

​    ​ថ្នាក់​ទី ៣ ស៊ី​ប៉ា​រ៉េត ពួក​អ្នក​ស៊ីគោល​នោះ កាល​បានធ្វើ​ស៊ីគោល​រួចហើយ​គេ​នាំគ្នា យក​កោយ​ទៅ​ដាក់​ផ្ទាល់​នឹង​ដី ហើយ​បាញ់​ដោយ​ម្រាម​ដាំ​មួយ​ម្ដងៗ តម្រង់​ទៅរកកោយ​ដាំ រហូតដល់​អស់​កើយ ការពិន័យ​មាន វ័ធ ណាប់ ស្រលៀង ខ្វាក់ របៀប​ដូច​ស៊ីគោល​ដែរ ខុសគ្នា​ត្រង់​ស៊ីគោល​គេ​ធ្វើ​លើ​ក្បាលជង្គង់ , ចំណែក​ស៊ី​ប៉ា​រ៉េត ដាក់​កោយ​ផ្ទាល់​នឹងដី​តែប៉ុណ្ណោះ​។ លុះ​ធ្វើ​ស៊ី​ប៉ា​រ៉េត​រួចហើយ​គេ​ធ្វើ​ត្រកង​តទៅទៀត​។​

​    ​ថ្នាក់​ទី ៤ ត្រកង ឬ ត្រ​ឡង​កង ក្រោយ​ដែល​ធ្វើ​ស៊ី​ប៉ា​រ៉េត​ត្រូវ​អស់ហើយ គេ​ចាប់ធ្វើ​បន្តទៅទៀត គឺ​ត្រកង​។ ត្រកង​នេះ គឺ​គេ​ប្រមៀល​កោយ (​គ្រាប់​អង្គញ់​) ឲ្យ​រមៀល​ដូចបរកង់ ហេតុនេះ​បានជា​គេ​ហៅថា "​ត្រកង​ឬ​ត្រ​ឡង​កង​"​។ ត្រកង​មាន​ពីរបែប​,​គេ​យកបែប​ណាមួយ​មកលេង ក៏បាន​តាមតែ​គេ​ណាត់គ្នា ហៅថា ត្រកង​ទប់ និង​ត្រកង​ធា​។ ត្រកង​ទប់​,​គឺ​គេ​ប្រមៀល​កោយ​ទៅហើយ​ត្រូវ​រត់តាម​ទៅ​យកដៃ​ខ្ទប់​ឲ្យ​ទាន់ មុន​កោយ​នោះ​ដួល ហើយ​មិន​ឲ្យ​ហួស​មេក្លោង​ផង តែបើ​ទប់​មិនទាន់ បណ្ដោយ​ឲ្យ​កោយ​ដួល​ស្លៀ​ម​ខ្លួន​វា ឬ​ទប់ដែរ​តែ​មិនបាន​យកដៃ​ខ្ទប់​ឲ្យ​ជិត​ល្អ លើ​កោយ​នោះទេ នោះគេ​ទុកជា​ស្អុយ​មិនបានការ​, ពួក​ខាង​ម្ខាង​ត្រូវ​ឡើង​ធ្វើ​ម្ដង​។ បើ​កើយ​នោះ រត់លឿន​ពេក​ទៅ​ហួស​មេក្លោង​ឬមួយ​ក៏​ទង្គិចដួល​កោយ​ដាំ​ណាមួយ ក៏​ទុកជា​ស្អុយ​ត្រូវគេ "​ឡើង​" ដែរ​។ ឯ​ត្រកង​ធា​វិញ ពុំ​ពិបាក​រត់តាម​ខ្ទប់​ទេ តែ​ត្រូវមាន​វិន័យ​មិន​ឲ្យ​ហួស​មេក្លោង និង​ទង្គិច​កោយ​ដាំ​ឡើយ​។ របៀប​ត្រកងក៏ដូចជា ស៊ីគោល ឬ ស៊ី​ប៉ា​រ៉េត​ដែរ គឺ​ធ្វើបាន​ពី​ដំណាក់ គឺ​ត្រកង​ពី​ទី​ទៅដល់​ត្រង់ណា​ហើយ អាច​តាម​ទៅ​បាញ់​ដល់​ម្រាមដៃ​ផ្ទាល់​នឹង​ដី​តម្រង់​ទៅ​កោយ​ដាំ​ម្ដងទៀត ប្រសិន​ជាមានរះ​ដួល​កោយ​ដាំ​ម្ដង​ពីរ​ឬ បី​, ម៉ា​យ​,​ងីងើ​មិន​ដួល កោយ​ដាំ​នោះ គ្រាន់តែ​រង្គើ​ក៏ត្រូវ​ទទួល​បទ​ពិន័យ​ដូច​មុនៗ​ដែរ​។​

​    ​ថ្នាក់​ទី ៥ ចាក់​ខ្ចែ​ក ចាក់​ខ្ចែ​កមាន​របៀប​ប្លែក​ពីមុនៗ គឺ​គេ​ឈាន​មួយ​ជំហាន​គំនិត​ពី​ទី រួច​យក​អង្គញ់​ដាក់​លើ​ខ្នងជើង ហើយ​ឈាន​ពីរ​ជំហាន​ទៅមុខទៀត ទើប​រលាស់ចុងជើង គ្រវាត់​គ្រាប់​អង្គញ់​ទៅ​ឲ្យ​ត្រូវ​កោយ​ដាំ​។ កាលណា​មិនត្រូវ​ក៏​ស្អុយ​កោយ​បោះ​នោះ ចោល​ទៅ កាលណា​ត្រូវ​អាច​យក​កោយ​ដដែល​នោះមក​ធ្វើ​សារជាថ្មី​បាន​ម្ដងទៀត​។ប្រសិនជា​ដាក់​កោយ​ខ្នងជើង ហើយ​ឈាន​ពុំទាន់​ដល់​កោយ​ដាំ​ស្រាប់តែ​ជ្រុះ​កោយ​ទៅ នោះគេ​ទុកជា​បាក់ក​លៀន​អណ្ដាត គឺ​គេ​ឲ្យ​យកទៅ​ធ្វើ​ម្ដងទៀត​តែ​ឲ្យ​អ្នកនោះ ងើយ​កឡើងលើ​លៀន​អណ្ដាត មិន​ឲ្យ​មើលទៅ​កោយ​ដាំ​ទេ គឺថា ធ្វើ​ប្រថុយៗ​តាម​ស្មាន​។ ចាក់​ខ្ចែ​ក ឥត​ធ្វើ​ពី​ដំណាក់​ឈើ​តាម​ទៅ​ផ្ទាត់​បាន​នៅ​ជិត​កោយ ដាំ​ដូច​ត្រកង ស៊ីគោល​-​ស៊ី​ប៉ា​រ៉េតទេ គេ​ធ្វើ​យក​ត្រូវ​ពី​ទី​តែម្ដង​។ កាលបើ​មាន​រះ ,​មា​យ​,​កប់ គេ​ពិន័យ​ដូច​ធ្វើ​អ្វីៗ​ពីមុនមក​ដែរ​។​

​    ​ថ្នាក់​ទី ៦ បោះ​ជោះ បោះ​ជោះ​ក៏ដូចជា​បោះ​ពីដំបូង​ដែរ វិន័យ​គ្រប់បែបគ្រប់យ៉ាង​ដូចគ្នា​ទាំងអស់​សុទ្ធសាធ​។ គិត​ទៅ​បោះ​ជួស​នេះ ហាក់ដូចជា​គ្រាន់តែ​ជា​វិញ្ញាសារ​មួយសម្រាប់​រង់ចាំ​ពួក​ខាង​យឺត​ជាង ឲ្យ​បាន​ឱកាស​ដេញតាម​តែប៉ុណ្ណោះ​។ បានជា​ហៅថា បោះ​ជោះ​ព្រោះ​បន្ទាប់​តែ​ពី​បោះ​នេះ​ទៅ ត្រូវបាន​ជោះ​ហើយ (​គ្រាន់តែ​រង់ចាំ​ឲ្យ​គេ​តាម​ប៉ុន្មានក្តារ ដែល​បាន​សន្ម​ត់​តែប៉ុណ្ណោះ​)​។​

​    ​របៀប​ជោះ គឺ​គេ​យក​អង្គញ់​មួយ​ផ្ទាប់​ទៅដល់​ក្បាលជង្គង់ ហើយ​យក​អង្គញ់​មួយទៀត​វាយ​ជួយ​ពីលើ រាប់​ចំនួន​តាម​ដែល​គេ​ត្រូវ​ជួស​។ ធ្វើបែបនេះ​ហៅថា "​ជោះ​បាយត្រជាក់​"​។ មួយបែប​ទៀត​ហៅថា "​ជោះ​បាយ​ក្ដៅ​" របៀបនេះ​គេ​ផ្គុំ​អង្គញ់​ពីរ​តម្រួត​គ្នា គឺ​មួយ​ផ្តេក មួយ​បញ្ឈរ ហើយ​ជោះ​ខ្លាំងៗ​ទៅលើ​ក្បាលជង្គង់​មួយៗ​ឡើង​ក្រហម​សាច់ ទំរាំតែ​អស់​ចំនួន ៣០-៤០ សឹងតែ​ហើម​ក្បាលជង្គង់​តែម្ដង ជួនកាល គេ​យក​បំពង់​ឫស្សី​មក​ខោក​ក្បាលជង្គង់​ធ្វើជា​ជោះ​ជំនួស​គ្រាប់​អង្គញ់​ក៏មាន​។​

​    ​ឯ​ឈ្មោះ​ពិន័យ​ដែល​ប្រើ​ក្នុង​ល្បែង​អង្គញ់​នេះ​មាន ៩ បែប​៖

​    ​១. ស្អុយ (​គឺ​ធ្វើ​ខុស​ទុក​កោយ​នេះ ជា​អាសា​របង់​)
​    ​២. មា​យ (​ត្រូវ​ម្ដង​ហើយ ត្រូវ​ដដែល​ម្ដងទៀត​)
​    ​៣. រះ (​កោយ​បោះ​មួយ ត្រូវ​កោយ​ដាំ​ម្ដង​ពីរ​)
​    ​៤. ងីងើ (​កោយ​បោះ​រត់​ប៉ះ​កោយ​ដាំ​ឲ្យ​រង្គើ​មិន​ដួល​)
​    ​៥. ស្រលៀង -​ខ្វាក់ (​ព្រោះ​កើយ​បោះ​ទង្គិច​គ្នា​)
​    ​៦. វ័ធ​-​ណាត់ (​កោយ​បោះ​ជិត​កោយ​ដាំ​ពេក​)
​    ​៧. បាក់ក​លៀន​អណ្ដាត (​ចាក់​ខ្ទាត​ធ្លាក់​កើយ​កណ្ដាល​ទី​)
​    ​៨. កប់​ទះ (​កោយ​ដាំ​ខ្ទេច​ចេញ កោយ​បោះ​នៅក្នុង​រន្ធ​ដាំ​)
​    ​៩. ហួស​មេដំបូល (​សម្រាប់​ត្រកង​កុំ​ឲ្យ​ហួស​មេក្លោង​)

​    ​បទ​ពិន័យ​លើ​កំហុស​ទាំងអស់នេះ​មិន​ជាការ​ធ្ងន់​ពិបាក​ប៉ុន្មាន​ទេ មាន​កំហុស​ខ្លះ​គេ​គ្រាន់តែ "​ឡើង​" គឺ​គេ​ទុក​ក្ដារ​នេះ​ជា​អាសាបង់ ត្រូវ​ផ្ទេរ​ឲ្យ​ពួក​ម្ខាង​ទៀត​ឡើងទៅ​ធ្វើ​ម្ដងដូច​យ៉ាង ម៉ា​យ រះ កប់​ទះ ជាដើម ប៉ុន្តែ​ទោះជា​ត្រូវ "​ឡើង​" ក្ដី ក៏​លើក​ក្រោយ​គេ​អនុញ្ញាត​ឲ្យ​ពួកនេះ ទុកជា​ធ្វើ​ត្រូវ​ទាំងអស់​នេះដែរ​។ ឯ​បទ​ពិន័យ​ផ្សេងទៀត​ក៏​គ្រាន់តែ​ដាក់ទណ្ឌកម្មឲ្យ​លំបាក​ក្នុង​ការធ្វើ​តែប៉ុណ្ណោះ ពុំទាន់​ចាត់ទុក​ឲ្យ​កោយ​នោះ​ស្អុយ​ភ្លាមៗ​ទេ​។ ដូច្នេះ​បទ​ពិន័យ​គ្រាន់តែ​ឲ្យ​បាន​សប្បាយ​បានយូរ​បន្តិច​ប៉ុណ្ណោះឯង​។​

​    ​សេចក្ដីបញ្ជាក់​៖

​    ​គ្រាប់​អង្គញ់​ដូចគ្នានេះ គេ​អាច​យកទៅ​លេង​ជា​ល្បែង​មួយទៀត​ហៅថា "​លេង​កេល​"​។ គឺថា គេ​យក​កោយ​ដាំ​ប្រាំ​ដែរ ដាំ​ដង្ហែ​ជាមួយ​ជួរ ហើយ​មាន​គូស​ទីមួយ ជា​កន្លែងសន្មត ដាក់​កោយ​បោះ ៥ ដែរ តែ​ដាក់​ផ្ទាល់​និង​ដី គេ​យក​ជើង​កៀស​គឺ​ជើងឆ្វេង​ឈរ​ស្ងៀម លូក​ទៅមុខ​,​ជើង​ស្ដាំ​ថយ​មក​ក្រោយ​ចុច​កែង​ឲ្យ​ជាប់​ទៅនឹង​ដី ហើយ​ចុង​ម្រាម​ឆ្កើ​សយ៉ាងខ្លាំង ឲ្យ​កោយរ​ត់ទៅ​ត្រូវ​កោយ​ដាំ​ម្ដង​មួយៗ ទាល់តែ​អស់ បើ​កោយ​ណា​មិនបាន​ត្រូវ​កោយ​ដាំ​ទេ គេ​ទុកជា​ស្អុយ តែបើ​បាន​ត្រូវគេ​ឲ្យ​ត្រឡប់​យកមក​កេល (​ឆ្កើ​ស​ចុង​ម្រាមជើង​)បាន​ម្ដងទៀត​។ ពួក​ខាង​ណា​ធ្វើ​ត្រូវអស់​មុន ឈ្មោះថា ឈ្នះ អាច​ជួស​អ្នកចាញ់​បាន​។​

​    ​របៀប​លេង​គ្រាប់​អង្គញ់​មួយ​យ៉ាង​ទៀត​គេ​ហៅថា "​បាញ់រង​" គឺមាន​អ្នកលេង​ពីរ​ពួក​។ ពួក​ម្ខាងៗ​មាន​កោយ ១០ រៀងខ្លួន​គឺ​សម្រាប់​ដាំ ៥ បាញ់ ៥​។ គេ​ដាំ​ជួរ​តម្រៀបគ្នា​ម្ខាង​ម្នាក់ ហើយ យក​កោយ​បាញ់ បាញ់​ទៅខាង​ពួក​បរ​បក្ខ​ម្ដងម្នាក់ ខាង​ណា​បាញ់​រំលំ​របស់​ពួក​ម្ខាង​គេ​អស់​មុន​ឈ្មោះថា ឈ្នះ បាន​ជោះ​គេ ឯ​បាញ់​នោះ គឺ​ឈរ​បត់​ក្បាលជង្គង់ម្ខាង​ដាក់​ចោល​លើ​ក្បាលជង្គង់​បាញ់​នឹង​ម្រាមដៃ តម្រង់​ទៅ​កោយ​ដាំ​តែម្ដង​។​

​    ​ល្បែង​អង្គញ់​អាច​រ៉ាប់​ចូលក្នុង​ពួក​កីឡា ហាត់​ដៃ​ឲ្យ​ត្រង់ ហាត់​ភ្នែក​ឲ្យ​វៃ ហាត់​ស្មារតី​ឲ្យ​មូល​៕​

adverise with khmeread
ប្រភព៖ ល្បែងប្រជាប្រិយខ្មែរ

អ្នកនឹងចូលចិត្ត

មតិយោបល់