adverise with khmeread 1

ល្បែង​បិទពួន​

    ​ល្បែង​បិទពួន ជា​ល្បែង​មួយ​យ៉ាង​ដែល​ពួក​កុមារា កុមារី​ជំទង់ៗ​តែង​លេង​កំសាន្ត សប្បាយៗ​នៅពេល​រាត្រី​ខែភ្លឺ​។ ល្បែង​នេះ​គេ​លេង​គ្មាន​កំណត់ ខែ​ណា រដូវ​ណា​ទេ នៅ​ខែ​ណា រដូវ​ណា​ក៏បាន​ឲ្យ​តែមាន​ពេល​លំហែរ ហើយ​គ្មាន​កំណត់​ចំនួន​មនុស្ស​ឡើយ​។ វិធានការ​នៃ​ល្បែង​នេះ គឺ​ពួក​ម្ខាង​អ្នក​ពួន ពួក​ម្ខាង​ទៀត​អ្នក​ដើររក​, ការរកឃើញ​គេ​ដេញចាប់​ពួក​អ្នក​ពួក ដើម្បី​ញៀច (​មូល​ស្លឹកត្រចៀក​)​។​

​    ​សកម្មភាព​របស់​អ្នកលេង ដូច​រូបភាព​នេះ​៖

​    ​របៀប​លេង​៖ មុនដំបូង​គេ​បបួល​កុមារា កុមារី ដែលមាន​អាយុ​ស្របាលៗ​គ្នា ឲ្យ​បាន​ច្រើន​ប្រមាណ ៥ ឬ ១០ នាក់​ឡើងទៅ ស្រេច​តែមាន​គ្នា​តិច ឬ​ច្រើន​ចែកជា ២ ផ្នែក​ស្មើគ្នា ស្រី​ម្ខាង ប្រុស​ម្ខាង ឬ​លាយ​ចម្រុះ​គ្នា​ទាំងស្រី​ទាំងប្រុស ឬក៏​សុទ្ធតែ​ប្រុស សុទ្ធតែ​ស្រី​ក៏បាន​។ គេ​កំណត់​កន្លែង​ណាមួយ ដែលមាន​ភាព​ដី​ស្រឡះ ឲ្យ​ឈ្មោះថា "​ទី​" ហើយ​គេ​ឲ្យ​ពួក​ម្ខាង​ទៅ​ពួន នៅ​ទី​ដទៃ គឺ​ត្រូវ​ពួន​របៀប​ណា កុំ​ឲ្យ​ពួក​ម្ខាង​ទៀត​រកឃើញ​បាន​ដោយ​ងាយ ពួក​ម្ខាង​ទៀត​ឈរ​ធ្មិចភ្នែក ឬ​បិត​ភ្នែក​នៅក្នុង​ទី​។ ត្រណម​របស់​ពួកនេះ​នៅត្រង់​ធ្មិចភ្នែក គឺ​គេ​សន្យា​គ្នា​ថា អ្នកណា​លួច​មើល​ពួកគេ​អ្នក​ពួន​ឲ្យ​ដឹងថា គេ​ពួន​ត្រង់នេះ ត្រង់នោះ និង​ត្រូវ​ស្អុយ​ភ្នែក​។ ចំនួន ២-៣ នាទី ទើប​ពួក​អ្នក​នៅក្នុង​ទី បើកភ្នែក​ឡើង​ស្រែកថា "​បើកគ្រប​បាយ កំ​កាយ​រក អ្នកណា​មិន​មក អញ​រកឃើញ​" ហើយក៏​ចាប់​ម្នាក់​រើស​រក​អ្នកណា​មាន​មាឌ​មាំ​បន្តិច ក្នុង​បណ្ដា​ពួក​អ្នក​នៅចាំ​ទីនោះ ឲ្យ​នៅ​ចាំទី​ការពារ កុំ​ឲ្យ​ពួក​អ្នក​ទៅ​ពួន​រត់​មក​ចូល​ទី​បាន សល់​ប៉ុន្មាន ឲ្យ​ដើររក​គ្រប់​ទីកន្លែង​ដែល​កំបាំងៗ​។ បើ​អ្នក​ណាមួយ ឃើញ​អ្នក​ពួន​ណា​ម្នាក់​ក៏​នាំគ្នា​ដេញចាប់​ញៀច បើ​ដេញ​ញៀច​បាន ឈ្មោះថា ស្អុយ បើ​មិនបាន អ្នក​ពួន​នោះ​រត់​ចូល​ទី​បាន ឈ្មោះថា បាន​រួចខ្លួន មិនត្រូវ​ដេញ​ញៀច​គេ​ទៀត​ទេ​, ប៉ុន្តែ​អ្នក​ពួន​នោះ បើ​ចូល​ទី ហើយ​ត្រូវ​ស្រែក​ឲ្យ​ខ្លាំងៗ​ថា "​ចូល​ទី​" បើ​មិន​ស្រែក​ទេ​គេ​មានអំណាច​ញៀច​បាន​ទៀត​។ លុះ​អ្នកដើរ រកឃើញ​ពួក​អ្នក​ពួន​អស់ហើយ ឬ​បើ​មិនទាន់​ឃើញ​អស់គេ​ខំ​ដើររក​ឲ្យ​ទាល់តែ​ឃើញ ទោះបី​ញៀច​បាន​ក៏ដោយ មិនបាន​ក៏ដោយ មកជួបជុំ​ហើយ គេ​ក៏​និយាយប្រាប់​អ្នក​ទាំង​គ្នា (​ទាំងពីរ​ផ្នែក​) ថា ពួកគេ​ញៀច​បាន​ប៉ុណ្ណេះ​អ្នក ប៉ុណ្ណោះ​អ្នក តាមតែ​គេ​ញៀច​បាន រួចហើយ​ពួក​អ្នក​នៅចាំ​ទី​មុន​នោះ ទៅ​ពួន​វិញ ,​ឯ​ពួក​អ្នក​ពួន​មុន​ត្រូវ​នៅក្នុង​ទី ហើយ​ដើររក​គេ​ផ្លាស់ប្ដូរ​គ្នា​តែ​របៀបនេះ​រហូតដល់​ពេល​ឈប់​លេង​។​

​    ​ក្នុងការ​ផា្ល​ស់​ប្ដូរ​នេះ គឺ​ទៅ​ពួន​ម្ដង​មួយផ្នែក រួចហើយ​បើ​ពួក​ខាង​ម្ខាង​ញៀច​គេ​បាន ៣-៤ នាក់ ដល់​ពួក​ម្ខាង​ទៀត​ញៀច​គេ​វិញ​បានតែ ២-៣ នាក់​ពួក​នោះ​ឈ្មោះថា ចាញ់​គេ​។​

​    ​តាមរបៀប​អ្នកស្រុក​ខ្លះ គេ​លេង​ប្លែក​ពីនេះ​បន្តិច គឺ​គេ​ប្រមូល​អ្នក​ស្ម័គ្រ​លេង​ទាំង​ប៉ុន្មាន​មកឈរ​ដំកង់ ហើយ​មា្ន​ក់​ផ្ដើម​សូត្រ​ថា "​ត្រៃ​ត្រក ត្រៃ​ត្រេ​ន​" ឬថា "​កាច់​ស្លឹក​ឫស្សី សំដីល្ង ខែ​ចែ​ត្រ​ពេញ​បូ​ណ៌ លោក​ឲ្យ​លេងពួន លេង​ខែ​ណា លេង​ខែ​ដូងព្រះ កាច់​សន្ទះ​មហា​ទង់ដែង អ​ញ្ចែ​ង​អញ្ចាប់ អ​ញ្ចែ​ង​ចង្វាក់ អ​អឺត​អន្ទង អំ​ពង​អំ​ពួន ប្រពន្ធ​ចៅហ្វាយ​"​។ ក្នុងការ​សូត្រ​ពាក្យ​ទាំងនេះ គេ​ចង្អុល​បណ្ដើរ​ទៅ​ចំ​ខ្លួន​មនុស្ស​មា្ន​ក់ៗ គឺ​មួយ​មាត់​ចង្អុល​ម្នាក់ៗ បើ​អស់​ចំ​ទៅលើ​រូប​អ្នកណា អ្នកនោះ​ត្រូវ​រត់ទៅរក​កន្លែង​ពួន រួច​ធ្វើ​ដូច​មុន​ទៀត​រហូតដល់​សល់​តែ​ម្នាក់​ក្រោយ​គេ​ទុកជា​អ្នក​នៅចាំ​ទី​។ កាលណា​អ្នក​ទៅ​ពួន​ស្រែកថា ‹​រួច​› អ្នក​ចាំ​ទៀ​ដើរ​តាមរក​ញៀច បើ​ញៀច​បាននរ​ណាមួយ ត្រូវ​ប្ដូរ​អ្នក​នោះមក​ចាំទី​ម្ដង ឯ​ចាំទី​មុន ត្រឡប់​ទៅ​ពួន​វិញ តែ​ញៀច​ម្ដង បានតែ​មួយ​នាក់​ទេ ទោះជា​គេ​ពួន​នៅ​ជិតគ្នា​ក៏ដោយ ហើយ​បើ​ខុសពី​ត្រណម​នេះ គេ​ទុកជា​ស្អុយ គេ​រៀបចំ​លេង​សារជាថ្មី​ម្ដងទៀត ធ្វើ​តែ​យ៉ាងនេះ​បន្តៗ​ទៅ​។ ប្រសិនជា យូរ​ពេល​ហើយ​នរណា​មួយ​គេ​ខ្សិ​ល​ពួន អាច​រត់គេច​ពី​ភ្នែក​អ្នកចាំទី មក​អង្គុយ​ត្រង់​ទី​ក៏បាន ចាំ​គេ​ញៀច​បាន​នរណា​ថ្មី​ទៀត​សឹមរ​ត់ទៅ​ពួន​ម្ដងទៀត​កាលណា អ្នកណាម្នាក់ ចង់​ឈប់​លេង​ត្រូវ​ស្រែក​គ្នា​រហូត​ថា "​បើក​បាយ​ក្រហាយ​ទឹក អ្នកណា​មិន​ឈប់​លេង​" បើ​គេ​ស្រែក​ដូច្នេះ​រួច អ្នកចាំទី​គ្មាន​សិទ្ធ​ញៀច​គេ​ទៀត​ទេ​។​

​    ​ល្បែង​នេះ​ជា​ល្បែង​អាច​ចាត់​ចូលក្នុង​ពួក​កីឡា​ហាត់ប្រាណ​បាន ត្រង់​ការរត់​ការ​ស្ទុះ ការ​លោត ការដេញ​៕​

adverise with khmeread
ប្រភព៖ ល្បែងប្រជាប្រិយខ្មែរ

អ្នកនឹងចូលចិត្ត

មតិយោបល់