អង់គ្លេសអាចនឹងហាមឃាត់រថយន្តប្រើសាំងនិងម៉ាស៊ូតក្នុងឆ្នាំ ២០៣០ ដើម្បីពន្លឿនផែនការប្រើរថយន្តអគ្គិសនី

វេបសាយ Daily Mail បានរាយការណ៍កាលពីសៅរ៍ទី២៩សីហាថា រថយន្តប្រើប្រេងសាំងនិងប្រេងម៉ាស៊ូតអាចត្រូវបានហាមឃាត់ចាប់ពីដើមឆ្នាំ ២០៣០ ក្រោមផែនការរបស់រដ្ឋាភិបាលក្នុងការពន្លឿនការផ្លាស់ប្តូរទៅប្រើថាមពលបៃតង។

ពួកសមាជិកសភាតូរី (Tory សំដៅលើបក្សអភិរក្សនិយម)  កំពុងដាក់សម្ពាធលើរដ្ឋមន្រ្តីនានាឱ្យបញ្ឈប់យានយន្តដែលបំពុលបរិស្ថាន និង ពន្លឿនការប្តូរទៅប្រើរថយន្តអគ្គិសនី។

ថ្ងៃផុតកំណត់បច្ចុប្បន្នសម្រាប់ការបញ្ចប់ការលក់រថយន្តម៉ាស៊ីនចំហេះគឺនៅឆ្នាំ ២០៤០ ប៉ុន្តែការពិគ្រោះយោបល់មួយបានចាប់ផ្តើមនៅដើមឆ្នាំនេះដើម្បីប្រញាប់ឱ្យបញ្ចប់ក្នុងឆ្នាំ ២០៣៥ ឬឆាប់ជាងនេះ។

កាសែត The Times បានរាយការណ៍ថារដ្ឋាភិបាលនឹងផ្សព្វផ្សាយការឆ្លើយតបរបស់ខ្លួនចំពោះការពិគ្រោះយោបល់នេះនៅខែក្រោយហើយកំពុងពិចារណាយ៉ាងខ្លាំងលើការយល់ព្រមលើពេលវេលាកំណត់ឆ្នាំ ២០៣៥៕

adverise with khmeread