1

ស្តាប់​ហើយ​ព្រឺ​សម្បុរ​ជួស​! ក្មេងប្រុស​អាយុ ១០ ឆ្នាំ​ម្នាក់នេះ​ថា​ខ្លួន​ជា​តួ​ហូលីវូដ​ទសវត្សរ៍ ១៩៣០ ចាប់ជាតិ​

     អ្នកធ្វើការ​ក្នុង​ឧស្សាហកម្ម​ភាពយន្ត​ហូលីវូដ​មិន​ច្រើន​ទេ​ដែល​ស្គាល់​តួ​សម្តែង​ទសវត្សរ៍ ១៩៣០ លោក Marty Martin ដូច្នេះ​វា​ពិតជា​រឿង​ស្មុ​គ្រ​ស្មាញ​ណាស់ ដែល​ក្មេងប្រុស​អាយុ ១០ ឆ្នាំ ឈ្មោះ Ryan ស្គាល់​ច្បាស់​ពី​ជីវិត និង​ការងារ​របស់​តួ​ហូលីវូដ​រូបនោះ​។

​    ​ជាការ​ពិត Ryan អាច​រំលឹក​ឡើងវិញ​រាល់​ស្គ្រី​ប​សម្តែង​របស់​តួ Marty Martin និង​សម័យ​កាលដែល​គាត់​រស់នៅ បាន​យ៉ាង​ច្បាស់លាស់ និង​អស្ចារ្យ​បំផុត​។ ហើយ Ryan អាច​រំលឹក​រឿង​ទាំងអស់នេះ​បាន​ដោយសារ​គាត់​អះអាងថា គាត់​គឺជា Marty Martin ចាប់ជាតិ​។

​    ​Ryan ដែល​សព្វថ្ងៃ​រស់នៅ​ទីក្រុង Muskogee រដ្ឋ Oklahoma បានកើត​ក្នុង​គ្រួសារ​អ្នក​កាន់សាសនា​គ្រឹ​ស្ត​ក្នុង​ឆ្នាំ ២០០៥​។

​    ​នៅពេល​គាត់​មាន​អាយុ ៤ ឆ្នាំ គាត់​ចាប់ផ្តើម​យល់សប្តិ​អាក្រក់​រាល់​យប់ ហើយ​ឪពុកម្តាយ​របស់​ក្មេង​នេះ​ពុំ​ដឹងថា​ធ្វើ​យ៉ាងម៉េច​ដើម្បី​បញ្ឈប់​រឿងនេះ​ទេ​។

​    ​ក្មេងប្រុស​ម្នាក់នេះ​តែង​និយាយ​អំពី​បេះដូង​គេ​បាន​ផ្ទុះឡើង និង​និយាយ​មិនចេះ​ឈប់​អំពី​សង្កាត់​ហូលីវូដ ដែល​ស្ថិតនៅ​រាប់ពាន់​គីឡូម៉ែត្រ​ពីរ​ដ្ឋ Oklahoma​។ យោងតាម​ម្តាយ Ryan លោកស្រី Cyndi បានឱ្យដឹងថា អំឡុងពេល​គេង​យល់សប្តិ​អាក្រក់ Ryan តែងតែ​និយាយ​រឿង​ពិត​ក្នុងសម័យ​ហូលីវូដ​ទសវត្សរ៍ ១៩៣០ យ៉ាង​ចម្លែក​។

​    ​បន្ទាប់ពី​ដេក​សុបិន​អាក្រក់​អស់​មួយឆ្នាំ Ryan បានសម្រេច​ចិត្ត​ប្រាប់​ម្តាយ​ថា ខ្លួនគេ​គឺជា​តួ​ហូលីវូដ​ចាប់ជាតិ​មួយរូប​។

​    ​លោកស្រី Cyndi បាន​និយាយថា "​កូន​បាន​ប្រាប់​ខ្ញុំ​ថា ម៉ាក់ ខ្ញុំ​មានរឿង​មួយ​ចង់​ប្រាប់​។ ខ្ញុំ​ធ្លាប់ជា​មនុស្ស​ម្នាក់​ផ្សេងទៀត​"​។ ដោយសារ​ជា​អ្នក​កាន់សាសនា​គ្រឹ​ស្ត ប្រតិកម្ម​ដំបូង​របស់​លោកស្រី Cyndi គឺ​បដិសេធ​ភ្លាម​នូវ​គ្រប់​អ្វីៗ​ដែល Ryan និយាយ និង​បាន​លាក់បាំង​រឿងនេះ​ពី​ឪពុក​មិន​ឱ្យដឹង​នោះទេ ប៉ុន្តែ​លោកស្រី​រឹតតែ​ចង់ដឹង​ចង់​ឮ​ថែមទៀត នៅពេល Ryan លាតត្រដាង​ព័ត៌មាន​លម្អិត​ពី​ជីវិត​ជាតិ​មុន​របស់ខ្លួន ជាពិសេស​នៅពេលដែល Ryan ចេះតែ​រំអុក និង​អង្វរ​ម្តាយ​ឱ្យ​នាំខ្លួន​ទៅផ្ទះ​វិញ (​តំបន់​ហូលីវូដ​)​។

​    ​Ryan បាន​និយាយ​រឿងរ៉ាវ​ជាច្រើន​អំពី​ហូលីវូដ អាពាហ៍ពិពាហ៍​ប្រាំ​លើក​របស់គាត់ វិស្សមកាល​នៅ​អឺរ៉ុប ផ្ទះ​ចាស់​ច្រើន​កន្លែង​របស់គាត់ និង​អាជីព​ជា​អ្នក​សម្តែង និង​គិញ​សម្ងាត់​។ ក្នុង​បំណង​ស្វែងយល់​អំពី​អ្វីដែល Ryan និយាយ លោកស្រី Cyndi បាន​ឆែក​មើលសៀវភៅ​អំពី​ហូលីវូដ​ពី​បណ្តា​ល័យ និង​បានបង្ហាញ​សៀវភៅ​ទាំងនោះ​ដល់ Ryan​។

​      ពេលនោះ​ហើយ​អ្វីៗ​ត្រូវបាន​លាតត្រដាង​។ នៅពេល Ryan បានឃើញ​រូបថត​មួយ​នៅក្នុង​សៀវភៅ​មួយ​ក្បាល ដែល​បាន​ពី​ភាពយន្ត​ឆ្នាំ ១៩៣២ រឿង Night After Night ដែលមាន​អ្នកស្រី Mae West ជា​តួឯក​។ Ryan បាន​និយាយប្រាប់​ម្តាយ​គាត់​ថា "​នេះហើយ​ជា​រូបខ្ញុំ​"​។ គាត់​បាន​ចង្អុល​ទៅ​រូប​ផ្សេង​ក្រៅពី​រូប​តួ​ស្រី Mae West ថា​បុរស​ម្នាក់នេះ​ជា​រូបគាត់​។ ក្រោយមក គ្រួសារ​គាត់​បាន​រកឃើញថា បុរស​ក្នុង​រូបភាព​នោះ​គឺជា​តួ​សម្តែង​ប្រែ​ពី​គិញ​សម្ងាត់ ឈ្មោះ Marty Martin​។

​    ​គួប​ជាមួយនឹង​ទម្រង់​និង​ការចងចាំ​របស់ Ryan លោកស្រី Cyndi បានសម្រេច​ចិត្ត​ទៅរក​សាស្ត្រាចារ្យ​ជំនាញ​ឱ្យជួយ​។ Ryan បាន​ជួប​ផ្ទាល់​ជាមួយ​លោក​វេជ្ជបណ្ឌិត Jim Tucker ជា​គ្រូពេទ្យ​ចិត្តសាស្ត្រ​ផ្នែក​កុមារ​ល្បីល្បាញ មកពី​សាកលវិទ្យាល័យ University of Virginia ដែលមាន​បទពិសោធន៍​ក្នុង​ការមើល​ដឹង​អំពី​ក្មេងៗ ដែល​អះអាងថា​ចាំជាតិ​។ លោក Tucker បាន​និយាយថា "​ករណីនេះ​តម្រូវឱ្យមាន​ការបកស្រាយ​ច្បាស់លាស់​មួយ​។ យើង​មិនអាច​ផាត់​ចោល ឬ ពន្យល់​បកស្រាយ​ថា​ករណីនេះ​គ្រាន់តែ​ជា​រឿង​កើតឡើង​ក្នុង​វប្បធម៌​ខ្លះ​នោះទេ​"​។

​     ទោះ​គាត់​បាន​ដោះស្រាយ​ជាមួយ​ករណី​ស្រដៀង​គ្នា​នេះ​រាប់ពាន់ ប៉ុន្តែ លោក Tucker បាន​និយាយថា មានរឿង​ផ្សេង និង​ពិសេស​បំផុត​ទាក់ទង​នឹង Ryan​។ លោក​បាន​និយាយថា ការពណ៌នា​លម្អិត​មិនគួរ​ឱ្យ​ជឿ និង​ការអះអាង​យ៉ាងច្បាស់​លាស់​របស់ Ryan ដែល​ត្រូវ​ម៉ាច់​ជាមួយនឹង​ជីវិត​របស់លោក Martin គឺជា​រឿង​ពិត​មិនអាច​ប្រកែក​បាន​។

​    ​លោក Tucker បាន​និយាយថា "​ប្រសិនបើ​អ្នកមើល​រូបថត​មួយ​សន្លឹក ដែល​ពុំមាន​អក្សរ​បង្ហាញ​អ្វី​សោះ​ក្នុង​ភាពយន្ត ហើយ​បន្ទាប់មក​រៀបរាប់​ប្រាប់​ខ្ញុំ​អំពី​ជីវិត​របស់គាត់ ខ្ញុំ​គិតថា យើង​ភាគច្រើន​មិនអាច​និយាយ​ត្រូវ​សាច់រឿង​នៃ​ជីវិត​របស់ Marty Martyn នោះទេ​។ ប៉ុន្តែ Ryan បានផ្តល់​ព័ត៌មាន​លម្អិត​ជាច្រើន​ដែល​ត្រូវ​គ្នា​ម៉ាច់​នឹង​ជីវិត​របស់ Martyn"​។

​     ដោយមាន​ការជួយ​ពី​លោក​វេជ្ជបណ្ឌិត Tucker ឪពុកម្តាយ​របស់ Ryan អាចមាន​លទ្ធភាព​ទៅ​ជួប​ជាមួយ​អ្នក​រក្សាទុក​ឯកសារ​ភាព​យន្ត​មួយរូប ដែល​ទុក​ឯកសារ​ភាពយន្ត​នៅជាប់​នឹង​កូនស្រី​របស់លោក Martin​។ ហើយ​នៅពេល​ពួកគេ​និយាយ​ជាមួយ​កូនស្រី​របស់លោក Martin គេ​ក៏បាន​ដឹងថា រឿងរ៉ាវ​ដែល Ryan បាន​និយាយ​ទាំង ៥៥ ប្រយោគ​គឺ​ត្រូវ​គ្នា​ម៉ាច់​នឹង​ជីវិត​របស់លោក Martin​។ ក្មេងប្រុស​ម្នាក់នេះ​ថែមទាំង​អាច​និយាយប្រាប់​លេខ​ផ្លូវ ដែល​គាត់​ធ្លាប់​រស់នៅ និង​ឈ្មោះ​កូនៗ បងប្អូន និង​អតីត​ប្រពន្ធ​របស់គាត់​យ៉ាងច្បាស់​ទៀតផង​។

​    ​ការ​លាតត្រដាង​រឹតតែ​ភ្ញាក់ផ្អើល​ថែមទៀត​បានកើត​ឡើង​នៅពេល Ryan ប្រាប់​វេជ្ជបណ្ឌិត Tucker ថា គាត់​ឆ្ងល់​ណាស់​ថា​ហេតុអ្វី​បានជា​ព្រះ​ជា​ម្ចាស់​ឱ្យ​គាត់​ស្លាប់​នៅ​អាយុ ៦១ ដើម្បី​មក​ចាប់ជាតិ​ជា​ទារក​ដូច្នេះ​។ បន្ទាប់មក​វេជ្ជបណ្ឌិត Tucker ក៏​ទៅ​ពិនិត្យមើល​ឯកសារ​ជំរឿន ឃើញថា Martin ស្លាប់​នៅ​អាយុ ៥៩ ប៉ុន្តែ​អាយុ​ពិត​របស់ Martin ពេលនោះ​មិនមែន ៥៩ ទេ គឺ ៦១ ពិតមែន​៕

 

ប្រភព៖ ហ៊ែ​ល​ស៊ី​វ៉េ​អោ​ហ្វ​ឡាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់