adverise with khmeread 1

ប៉ោម​មួយ​ផ្លែ​ក្នុង​មួយថ្ងៃ​ពិតជា​មិនចាំបាច់​ទៅ​ជួប​វេជ្ជបណ្ឌិត ហើយ​អាច​បន្ថយ​ឱកាស​ស្លាប់​មុន​អាយុ ៣៥%

    ​ការសិក្សា​មួយ​បាន​រកឃើញថា ការ​ពិសា​ប៉ោម​មួយ​ផ្លែ​ក្នុង​មួយថ្ងៃ​កាត់បន្ថយ​ការស្លាប់​មុន​អាយុ​បាន ៣៥ ភាគរយ​។ នេះ​បើ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​កាលពី​ថ្ងៃទី ៣១ ខែមីនា ២០១៦​។​

​    ​ស្ត្រី​ដែល​ពិសា​ប៉ោម​ច្រើនជាង ១០០ ក្រាម​រៀងរាល់ថ្ងៃ ឬ​ស្មើ​ប៉ោម​តូច​មួយ មានឱកាសរ​ស់បាន​យូ​រ​ជាង​អ្នក ដែល​ពុំ​ទទួលទាន​ប៉ោម​ទាល់តែសោះ​។

​    ​ក្រុម​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ University of Western Australia បាន​តាមដាន​មើល​ក្រុមមនុស្ស​ចូលនិវត្តន៍​អាយុ​ចាប់ពី ៧០ ទៅ ៨៥ អស់​រយៈពេល ១៥ ឆ្នាំ​។

​      មនុស្ស​នីមួយៗ​ក្នុងចំណោម​អ្នកចូលរួម ១.៤៥៦ នាក់​បាន​បំពេញ​នូវ​កម្រង​សំណួរ​អំពី​ប្រេកង់​ចំណីអាហារ ដែល​ក្រុម​អ្នកស្រាវជ្រាវ​ប្រើប្រាស់​ដើម្បី​ស្វែងយល់​ពី​របៀប​ដែល​ផ្លែ​ប៉ោម​មាន​ឥទ្ធិពល​លើ​ការស្លាប់​របស់​មនុស្ស​។

​    ​ការសិក្សា​នេះ​បាន​រកឃើញ​ផ្លែឈើ​ចម្រុះ​ជាច្រើន​បានផ្តល់​នូវ​អត្ថប្រយោជន៍​សុខភាព​យ៉ាងច្រើន នៅពេល​ទទួលទាន​ជាប់លាប់​រាល់ថ្ងៃ​។

​    ​លោក​វេជ្ជបណ្ឌិត ចូ​ណា​ថា​ន ហុត​សុន (Jonathan Hodgson) មកពី​សាលា​ជំនាញ​វេជ្ជសាស្ត្រ និង​ឱសថ​សាស្ត្រ UWAs School of Medicine and Pharmacology បាន​និយាយថា អត្ថប្រយោជន៍​សុខភាព​ទាំងនោះ​ទទួលបាន​ដោយសារតែ​សម្បូរ​ជាតិ​កាក​សរសៃ​ហ្វា​យ​បឺ និង​ជាតិ Flavonoid នៅក្នុង​សំបក​ផ្លែឈើ​។

​    ​ជាតិ Flavonoid ជា​សមាសធាតុ​រកឃើញ​ក្នុង​បន្លែ​ផ្លែឈើ​ដូចជា ប៉ោម ផ្លែ​បឺ​រ សារី ស្ត្រ​បឺ​រី និង​មើម​ស្ពៃ​ក្រហម​។ សារធាតុ​នេះ​ត្រូវបាន​ទទួលស្គាល់​មានគុណ​ស​ម្ប​តិ្ត​ល្អជា​យូរ​មកហើយ​ដោយសារតែ​ប្រសិទ្ធភាព​ប្រឆាំង​អុកស៊ីតកម្ម​របស់​វា ដែល​ជួយ​ការពារ​កោសិកា​កុំឱ្យ​ខូច​។

​    ​លោក​វេជ្ជបណ្ឌិត​ចូ​ណា​ថា​ន​បាន​និយាយថា "​ប៉ោម​ស្ថិតក្នុង​កំពូល​អ្នក​រួមចំណែក​ផ្តល់នូវ​ជាតិ Flavonoid​។ យើង​បានបង្ហាញ​ពីមុនៗ​មក​ថា ការទទួល​ទាន​ជាតិ Flavonoid ពី​សំបក​ប៉ោម​ជួយ​សម្រួល​ដល់​សរសៃឈាម​ឱ្យ​ល្អប្រសើរ​។ ឥឡូវ​យើង​អាច​បង្ហាញថា ការទទួល​ទាន​ប៉ោម​ច្រើន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការថយចុះ​ហានិភ័យ​នៃ​ការស្លាប់​ដោយ​មូលហេតុ​ជំងឺ​ផ្សេងៗ និង​ការស្លាប់​ដោយសារ​ជំងឺមហារីក​ក្នុងចំណោម​ស្ត្រី​វ័យ​ចំណាស់​"​។

​    ​អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​តាមដាន​ឥទ្ធិពល​របស់​ប៉ោម​ដោយសារ​វា​ជា​ផ្លែឈើ​ពេញនិយម​ទទួលទាន​ជាងគេ​។

​    ​ការសិក្សា​បាន​រកឃើញថា ស្ត្រី​ដែល​ទទួលទាន​ប៉ោម​ទៀងទាត់​ថយចុះ​ហានិភ័យ​នៃ​ការស្លាប់​មុន​អាយុ ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត​ចូ​ណា​ថា​ន​បាន​និយាយថា ផ្លែឈើ​ផ្សេង​ក៏មាន​ប្រសិទ្ធភាព​ដូច​ប៉ោម​ដែរ​។

​    ​កម្រិត​ជាតិ​កាក​សរសៃ​ហ្វា​យ​បឺ​ខ្ពស់​រកឃើញ​ក្នុង​ប៉ោម​ត្រូវបាន​ផ្សាភ្ជាប់​ទៅនឹង​ការថយចុះ​កម្រិត​ជាតិ​កូ​ឡេ​ស្ទើ​រ៉ូ​ល និង​ថយចុះ​សម្ពាធ​ឈាម ព្រមទាំង​កាត់បន្ថយ​ហានិភ័យ​ក្នុង​ការកើត​ជំងឺមហារីក​ផងដែរ​។​

​    ​ប៉ោម​អាចជួយ​កាត់បន្ថយ​ការកើត​ជំងឺ និង​ការស្លាប់​មុន​អាយុ​ទាំង​ចំពោះ​ស្ត្រី​និង​បុរស ដូច្នេះ​ការហូប​ប៉ោម ឬ​ផ្លែឈើ​សម្បូរ​ជាតិ​ហ្វា​យ​បឺ និង Flavonoid រាល់ថ្ងៃ​នឹងមិន​ធ្វើឱ្យ​លោកអ្នក​ត្រូវ​ទៅ​ជួប​វេជ្ជបណ្ឌិត​នោះទេ​៕

​ប្រភព​៖ ដេលី​មែ​ល

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់