ចំណូលរបស់កម្មវិធីវីដេអូ Zoom កើនឡើងកប់ពពករហូតដល់ ៣៣០០ ភាគរយ ដោយសារមនុស្សងាកមកធ្វើការពីផ្ទះអំឡុងសម័យកូវីដ

ប្រាក់ចំណូលរបស់កម្មវិធីវីដេអូ Zoom បានកើនឡើងជាង ៣៥០ភាគរយនៅក្នុងត្រីមាសទីពីរ ហើយប្រាក់ចំណេញបានកើនឡើងជិត១០ដង នៅពេលដែលក្រុមហ៊ុនជាច្រើនបាននាំគ្នាប្រើប្រាស់កម្មវិធីវីដេអូសន្ទនាអនឡាញមួយនេះ ដើម្បីភ្ជាប់ការទាក់ទងជាមួយនឹងបុគ្គលិកដែលធ្វើការពីផ្ទះអំឡុងវិបត្តិវីរុសរាតត្បាតកូរ៉ូណា។

អ្នកផ្តល់សេវាទំនាក់ទំនងវីដេអូដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ាមួយនេះ បានរាយការណ៍ពីប្រាក់ចំណេញសុទ្ធចំនួន ១៨៥,៧លានដុល្លារសម្រាប់មួយត្រីមាសរហូតដល់ថ្ងៃទី៣១ ខែកក្កដាគឺកើនឡើងជិត៣.៣០០% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប្រាក់ចំណូលក្នុងត្រីមាសនេះមានចំនួន ៦៦៣,៥ លានដុល្លារ​ គឺកើនឡើង៣៥៥%។

ភាគហ៊ុនរបស់ក្រុមហ៊ុននេះបានឡើងដល់កម្រិតខ្ពស់បំផុតកាលពីថ្ងៃចន្ទ មុនសេចក្តីប្រកាសប្រាក់ចំណូល ហើយបន្ទាប់មកភាគហ៊ុនកម្មវិធីមួយនេះបានកើនឡើងយ៉ាងឆាប់ ពោលគឺ២៨ភាគរយនៅក្នុងការធ្វើពាណិជ្ជកម្មបន្ទាប់ពីប៉ុន្មានម៉ោងបន្ទាប់​ នៅពេលដែលតួលេខបានបង្ហាញចេញមក។

នៅពីក្រោយលទ្ធផលដ៏រឹងមាំក្រុមហ៊ុន Zoom បានបង្កើនទស្សនវិស័យរបស់ខ្លួនសម្រាប់ប្រាក់ចំណូលពេញមួយឆ្នាំរហូតដល់ចន្លោះពី ២,៣៧ពាន់លានដុល្លារទៅ ២,៣៩ពាន់លានដុល្លារ។ កាលពីមុនគេរំពឹងថាមានចន្លោះពី ១,៧៧៥ពាន់លានដុល្លារទៅ ១,៨ពាន់លានដុល្លារ៕ ប្រភព​ ៖ CNN


 

adverise with khmeread