ចិនសម្រេចបាន៩៦ភាគរយនៃការសាងសង់ស្ថានីយបណ្តាញ 5G នៅឆ្នាំនេះខណៈប្រទេសនេះកំពុងប្រជែងយកឧត្តមភាពខាងបច្ចេកវិជ្ជាពីសហរដ្ឋអាមេរិក

ចិនកំពុងបោះជំហានឆ្ពោះទៅរកគោលដៅរបស់ខ្លួនយ៉ាងរលូនក្នុងការកសាងស្ថានីយបណ្តាញអ៊ីនធឺណេត 5G ចំនួន ៥០០.០០០ ស្ថានីយនៅឆ្នាំនេះ ដោយមានស្ថានីយចំនួនជាង ៤៨០.០០០ ឬ ៩៦ ភាគរយបានសាងសង់រួចរាល់ហើយ ខណៈដែលប្រទេសសេដ្ឋកិច្ចធំលំដាប់ទី ២ របស់ពិភពលោកមួយនេះព្យាយាមទ្វេដងដើម្បីបង្កើនកំណើនសេដ្ឋកិច្ចចំពេលកំពុងមានជំងឺរាតត្បាត ក្នុងនោះរួមមានទាំងតាមរយៈប្រព័ន្ធ 5G និងមជ្ឈមណ្ឌលទិន្នន័យ។

យោងតាមលោក Wen Ku នាយកព័ត៌មានវិទ្យានៅក្រសួងឧស្សាហកម្មនិងបច្ចេកវិជ្ជា (MIIT) ដែលបានផ្តល់ព័ត៌មានថ្មី
ៗនៅក្នុងសន្និសីទមួយនៅទីក្រុងប៉េកាំងកាលពីសប្តាហ៍មុនបានឱ្យដឹងថា មានឧបករណ៍ប្រមាណ ១០០ លានគ្រឿងភ្ជាប់ទៅនឹងបណ្តាញ 5G នៅក្នុងប្រទេសចិន។

យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួបានឱ្យដឹងថា នៅក្នុងព្រឹត្តិការណ៍ដូចគ្នានេះដែរ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងបច្ចេកវិជ្ជា លោក Xiao Yaqing ក៏បាននិយាយផងដែរថាមានអ្នកប្រើប្រាស់ 5G ជាង ៥ លាននាក់នៅក្នុងប្រទេសចិន។

ជាមួយនឹងអត្រាទិន្នន័យខ្ពស់រហូតដល់ ១០០ ដងលឿនជាងអ្វីដែលបណ្តាញ 4G បច្ចុប្បន្នផ្តល់ជូន បណ្តាញ 5G ត្រូវបានគេចាត់ទុកជា “ជាលិកាតភ្ជាប់” សម្រាប់អ៊ិនធឺណេតនៃអ្វីៗគ្រប់យ៉ាង (IoT) រថយន្តស្វ័យប្រវត្តិ ទីក្រុងឆ្លាត និង កម្មវិធីទូរស័ព្ទចល័តថ្មីផ្សេងទៀត ដោយបង្កើតបានជាឆ្អឹងខ្នងសម្រាប់ឧស្សាហកម្មអ៊ីនធឺណេត។

ប្រទេសចិនកំពុងប្រញាប់ប្រញាល់ដាក់ឱ្យប្រើបណ្តាញអ៊ីនធឺណេតឥតខ្សែជំនាន់ថ្មី​ខណៈដែលប្រទេសនេះកំពុងប្រជែងជាមួយសហរដ្ឋអាមេរិកដើម្បីភាពខ្លាំងលើពិភពលោកក្នុងផ្នែកបច្ចេកវិជ្ជាទំនើបដូចជាបញ្ញានិម្មិត (AI) បច្ចេកវិទ្យាទូរស័ព្ទចល័ត 5G និងបច្ចេកវិជ្ជា IoT ដែលទាំងអស់នេះត្រូវបានគេចាត់ទុកថាជាឧបករណ៍ចាំបាច់និងសមត្ថភាពក្នុងការប្រកួតប្រជែងសេដ្ឋកិច្ចសកល៕ ប្រភព ៖ South China Morning Post

adverise with khmeread