លោកតាអាយុខ្ទង់៨០ឆ្នាំនៅបារាំងដេញវ៉ៃរុយមួយក្បាលបណ្តាលឱ្យឆេះផ្ទះមួយចំហៀង

លោកតាចំណាស់មួយរូបក្នុងប្រទេសបារាំងបានធ្វើឱ្យផ្ទះរបស់គាត់ផ្ទុះឆេះនៅផ្នែកមួយចំនួន ខណៈពេលដែលគាត់ព្យាយាមវាយរុយមួយក្បាល។ នេះយោងតាម BBC ផ្សាយកាលពីថ្ងៃចន្ទទី៧កញ្ញា។

លោកតាវ័យខ្ទង់៨០ឆ្នាំរូបនេះហៀបនឹងរីករាយទទួលអាហាររបស់គាត់ទៅហើយ ពេលដែលគាត់ក្តៅមួរម៉ៅភ្លាមៗជាមួយនឹងសត្វរុយមួយក្បាលហោះនៅជុំវិញខ្លួនគាត់។

គាត់បានយកប្រដាប់ឆក់មូសនិងចាប់ផ្តើមតាមផ្តាច់ជីវិតរបស់វា ប៉ុន្តែជាអកុសលហ្គាស់បានធ្លាយនៅក្នុងគេហដ្ឋានរបស់គាត់ស្ថិតនៅក្នុងតំបន់ប្រវត្តិសាស្រ្ត Dordogne។

ប្រតិកម្មរវាងឧបករណ៍អគ្គិសនីក្នុងដៃរបស់គាត់ និងចំហាយហ្គាសធ្លាយ បានបណ្តាលឱ្យផ្ទុះ​ខ្ទេចចង្ក្រានបាយ និងបំផ្លាញផ្នែកខ្លះនៃដំបូលផ្ទះរបស់គាត់ក្នុងភូមិ Parcoul-Chenaud។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោកតាដែលគេមិនបញ្ចេញឈ្មោះរូបនេះ អាចគេចខ្លួនបាន ដោយគ្រាន់តែរលាកសើស្បែកដៃរបស់គាត់បន្តិចបន្តួចប៉ុណ្ណោះ។

ទោះយ៉ាងណាជោគវាសនារបស់រុយគឺមិនត្រូវបានគេដឹងនោះទេ។ នេះបើយោងតាមវេបសាយក្នុងតំបន់ Sud-Quest។

ចាប់តាំងពីពេលនោះមក លោកតារូបនេះបានចូលទៅរស់នៅក្នុងជំរំក្នុងតំបន់មួយជាបណ្តោះអាសន្ន ខណៈគ្រួសាររបស់គាត់កំពុងជួសជុលផ្ទះ៕

adverise with khmeread