ធនាគារល្បីមួយរបស់អាមេរិកព្យាករណ៍ថា លុយយ័នចិននឹងក្លាយជារូបិយប័ណ្ណសកលលោកទី៣នៅត្រឹមឆ្នាំ២០៣០ បន្ទាប់ពីលុយដុល្លារនិងលុយអឺរ៉ូ

ប្រាក់យ័ននឹងទទួលបានឥទ្ធិពលគួរឱ្យកត់សម្គាល់ក្នុងរយៈពេលមួយទសវត្សរ៍បន្ទាប់ នៅពេលដែលប្រទេសចិនបើកទីផ្សារហិរញ្ញវត្ថុរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ និងងាកទៅរកការកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក។ នេះបើយោងតាមធនាគារមួយនៅសង្កាត់ Wall Street របស់អាមេរិក។

ក្រុមអ្នកវិភាគរបស់ធនាគារ Morgan Stanley ដឹកនាំដោយលោក Robin Xing ថ្មីៗនេះបានសរសេរថា វិនិយោគិនសកលនឹងសម្រុកមកប្រទេសចិនសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលគ្របដណ្តប់ដោយប្រាក់យ័ន ហើយថាតម្លៃនៃការវិនិយោគអាចឈានដល់៣លានលានដុល្លារនៅឆ្នាំ២០៣០។ ការកាន់កាប់របស់បរទេសសរុបលើសញ្ញាប័ណ្ណជាតិចិនអាចនឹងមានចំនួន ២,៨​ លានលានយ័ន (៤០៩ពាន់លានដុល្លារ) គិតត្រឹមដំណាច់ខែសីហាឆ្នាំ២០២០នេះ។

ទន្ទឹមនឹងនេះដែរ ប្រាក់យ័នអាចមានចំនួនពី ៥ភាគរយទៅ ១០ភាគរយនៃទុនបម្រុងជារូបិយប័ណ្ណបរទេសនៅឆ្នាំ២០៣០ ដោយកើនឡើងយ៉ាងខ្លាំងពីអត្រា ២,០២ភាគរយ ដែលត្រូវបានរាយការណ៍ដោយអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីចុងខែមីនា។ ក្រុមអ្នកវិភាគនៅធនាគារ Morgan Stanley បានព្យាករណ៍ថា កម្រិតសក្តានុពលនោះនឹងកើនលើសប្រាក់យ៉េនជប៉ុន និងប្រាក់ផោនអង់គ្លេស ដែលធ្វើឱ្យប្រាក់យ័នក្លាយជារូបិយប័ណ្ណដែលត្រូវបានគេទទួលស្គាល់ច្រើនបំផុតទីបី បន្ទាប់ពីប្រាក់ដុល្លារអាមេរិក និងប្រាក់អឺរ៉ូ៕ ប្រភព ៖ South China Morning Post

adverise with khmeread