adverise with khmeread 1

ល្បែង​ប្រជល់មាន់​

    ​ល្បែង​ប្រជល់មាន់ ជា​ល្បែង​មួយ​យ៉ាង​របស់​ពួក​កុមារា កុមារី ជំទង់ៗ​ទូទៅ​ក្នុង​កម្ពុជរដ្ឋ គេ​តែងតែ​លេង​កំសាន្ត​ក្នុង​វេលាយប់​។ សមាសភាព​នៃ​អ្នកលេង​ល្បែង​នេះ មាន ៤ នាក់ គឺ​ប្រុស​ម្នាក់ ធ្វើ​មាន់​ឈ្មោល ស្រី​ម្នាក់​ធ្វើ​មាន់​ញី ប្រុស​ម្នាក់​ស្រី​ម្នាក់​ចាំ​ធ្វើជា​អ្នក​ឲ្យ​ទឹក​មាន់​។ ពេល​លេង​ប្រុស​ម្នាក់​ស្រី​ម្នាក់​ដែល​ធ្វើ​មាន់ ចូលទៅ​ឱនក្រាប​ទន្ទឹមគ្នា មួយ​បែរមុខ​ទៅខាង​ជើង មួយ​បែរមុខ​ទៅខាង​ត្បូង​។ ឯ​ប្រុស​ម្នាក់​ដែល​ធ្វើជា​អ្នក​ចាំ​ឲ្យ​ទឹក​ចូលទៅ​ឈរ​ក្បែរ​មាន់​ឈ្មោល​មាន់​ញី របស់ខ្លួន​ចាំ​ឲ្យ​ទឹក​មាន់ខ្លួន​។​

​    ​សកម្មភាព​របស់​អ្នកលេង ដូច​រូបភាព​នេះ​៖

​    ​ពេល​រៀប​ឲ្យ​មាន់​ជល់​គ្នា ម្ចាស់​មាន់​គេ​ទះដៃ​ស្រែក​ឡើង​ថា "​យើង​បាន​គ្នា​ហើយ​"​។ បន្ទាប់ពី​ម្ចាស់​មាន់​ស្រែក តួ​មាន់​ក៏​រៀបខ្លួន​ចូលទៅ​ជល់ ដោយ​កាងដៃ​ឡើង​ធ្វើ​បែប​មាន់​ទទះ​ស្លាប ហើយ​ដើរ​ឱនៗ​ចូលទៅ​ឈរ​ជិតគ្នា មាន​អាកា​រៈ​ដូច​អួត​ជល់​គ្នា តែ​មិន​ឲ្យ​ប៉ះទង្គិច​ស្មា​ឬ​ប៉ះ​ដៃ​គ្នា​ទេ គ្រាន់តែ​លើកដាក់​ដៃ​ទាំងពីរ តាម​ចង្វាក់​ពាក្យ​ច្រៀង​របស់​ម្ចាស់​មាន់​ប៉ុណ្ណោះ​។ ពេលនោះ ម្ចាស់​មាន់​គេ​ច្រៀង​ឡើង​ថា "​មាន់​នាង​នី​វ៉ើ​យៗ ជល់​នឹងមាន់​នាង​នល់ លោក​ឲ្យ​លោក​ប្រជល់ វ៉ឺយៗ មាន់​យើង​ឈ្នះ​គេ​" ។ កាល​ម្ចាស់​មាន់​ច្រៀង​ហើយ មាន់​ទាំងពីរ​ក៏​លោត​ចូលទៅ​ឈរ​កណ្ដាល​វង់ ហើយ​លោត​ចេញមក​វិញ ចេញមក​ហើយ​ចូលទៅ​វិញទៀត ដោយ​ធ្វើ​អកា​រៈទ​ទះ​ស្លាប​ដូច​មុន ម្ចាស់​មាន់​ក៏​ស្រែកច្រៀង​ដូច​មុន​ម្ដងទៀត​។​

​    ​មាន់​ខាង​ណា​មាន​អាកា​រៈ​ក្លៀវក្លា​ស្វាហាប់​ក្លាហាន​ខ្លាំងពូកែ​ជាងគេ ក្នុង​វេលា​ជល់​គេ​ទុកជា​ឈ្នះ​។ កាលបើ​មាន​មួយគូ​មុន ដឹង​ឈ្នះ​ចាញ់ហើយ ម្ចាស់​មាន់​គេ​ឲ្យ​មាន់​ផឹកទឹក គឺ​ឲ្យ​ផឹកទឹក​ត្នោត ឬ​ឲ្យ​ស៊ី​បបរ​ជាដើម ជា​កំសាន្ត​សប្បាយ ហើយ​គេ​រៀបចំ​ប្រជល់​សារជាថ្មី​ទៅទៀត​។ គេ​លេង​តែ​របៀបនេះ​រហូតដល់​ពេល​ឈប់​។​

​    ​ល្បែង​នេះ អាច​រាប់​ចូលក្នុង​កីឡា​សំរាប់​បង្ហាត់​ក្មេង​ឲ្យ​មាន​ទំលាប់​ប្រកាន់​នូវ​សេចក្ដីក្លាហាន​បាន​៕​

adverise with khmeread
ប្រភព៖ ល្បែងប្រជាប្រិយខ្មែរ

មតិយោបល់