បើកម៉ូតូជ្រុលបុករថយន្តដឹកគ្រឿងចក្រកំពុងបត់ឆ្វេងបណ្ដាលឱ្យស្លាប់ម្នាក់,របួសធ្ងន់ម្នាក់នៅ ច្រមុះជ្រូកក្បាលថ្នល់

ភ្នំពេញ ៖ មានករណីគ្រោះចរាចរណ៍រវាងម៉ូតូនិងរថយន្តដឹកគ្រឿងចក្រ បណ្ដាលឱ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ នៅវេលាម៉ោង១និង១០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្សកែងផ្លូវ៦០ម៉ែត្រ ចំណុចច្រមុះជ្រូកក្បាលថ្នល់ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ភាគីរថយន្តជាប្រភេទរថយន្តដឹកគ្រឿងចក្រ ពណ៌ត្រីអ៉ី ពាក់ស្លាកលេខ ខេមរៈភូមិន្ទ02 3.2631 បើកបរដោយបុរសម្នាក់បានរត់បាត់។ ឯម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BS-7528 ធ្វើដំណើរដោយបុរស២នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ អ្នកឌុបរងរបួសធ្ងន់ និងអ្នកជិះពីក្រោយបានបាត់បង់ជីវិត។ 

ប្រភពបានបន្តថា មុនពេលកើតហេតុ រថយន្តដឹកគ្រឿងចក្រ ធ្វើដំណើរតាម បណ្ដោយផ្លូវ៦០ម៉ែត្រ ពីត្បូងទៅជើង បត់ឆ្វេងឡើងមកផ្លូវព្រះមុនីវង្ស។ ឯម៉ូតូធ្វើដំណើរតាមបណ្ដោយផ្លូវ ព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង ខណៈ មកដល់ចំណុចកើតហេតុ ក៏ជ្រុលបុករថយន្តកំពុងបត់ពេញទំហឹងបណ្តាលឱ្យស្លាប់ម្នាក់និងរបួសម្នាក់តែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយគ្នា តាមផ្លូវច្បាប់។ សពតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread