ការសាកល្បងវ៉ាក់សាំងកូវីដ១៩របស់សាកលវិទ្យាល័យ Oxford និងក្រុមហ៊ុន AstraZeneca ត្រូវផ្អាក ព្រោះអ្នកទទួលវ៉ាក់សាំងរងប្រតិកម្មថ្នាំធ្ងន់ធ្ងរ

ការសាកល្បងដំណាក់កាលទី ៣ សម្រាប់វ៉ាក់សាំងការពារមេរោគកូវីដ១៩ដែលត្រូវបានបង្កើតឡើងដោយសាកលវិទ្យាល័យ Oxford និងក្រុមហ៊ុន AstraZeneca ត្រូវបានផ្អាក បន្ទាប់ពីព្រឹត្តិការណ៍អាក្រក់មួយត្រូវបានគេរាយការណ៍ចំពោះអ្នកចូលរួមម្នាក់នៅក្នុងចក្រភពអង់គ្លេស។

ព្រឹត្តិការណ៍មិនល្អធ្ងន់ធ្ងរសង្ស័យនោះគឺប្រតិកម្មទៅនឹងវ៉ាក់សាំង ឬថ្នាំ ដែលតម្រូវឱ្យចូលដេកមន្ទីរពេទ្យ និងអាចមានគ្រោះថ្នាក់ដល់អាយុជីវិត ឬស្លាប់។

គេមិនទាន់ច្បាស់ថាតើប្រតិកម្មយ៉ាងម៉េចនោះទេ ប៉ុន្តែមនុស្សម្នាក់ ដែលដឹងរឿងនេះបានប្រាប់វេបសាយ Stat News ថា គេរំពឹងថាមនុស្សនោះនឹងជាសះស្បើយឡើងវិញ។

ការផ្អាកការសាកល្បងវ៉ាក់សាំងមិនមែនជារឿងចម្លែកនោះទេ ប៉ុន្តែវាគឺជាការវាយសំពងមួយលើសង្ឃឹមទូទាំងពិភពលោកសម្រាប់វ៉ាក់សាំងនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ខណៈវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ត្រូវបានមនុស្សជាច្រើនរាប់ទាំងអង្គការសុខភាពពិភពលោកចាត់ទុកជាបេក្ខជននាំមុខគេនៅទូទាំងពិភពលោក។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលអង់គ្លេសលោក Matt Hancock បាននិយាយកាលពីដើមសប្តាហ៍នេះថា លោកសង្ឃឹមថា​វ៉ាក់សាំងនេះអាចនឹងត្រូវដាក់ចេញនៅប៉ុន្មានខែដំបូងនៃឆ្នាំ ២០២១។

ហើយឧទាហរណ៍ជាក់ស្តែង ប្រទេសអូស្ត្រាលីបានចំណាយថវិកាចំនួន ១,២៤ ពាន់លានដុល្លារ ដើម្បីធានាដល់ការផ្គត់ផ្គង់វ៉ាក់សាំងការពារកូវីដ១៩ ដែលមានចំនួន ៨៤ លានវ៉ាក់សាំង ប្រសិនបើការសាកល្បងព្យាបាលនេះទទួលបានជោគជ័យ៕ ប្រភព ៖ Daily Mail 

adverise with khmeread