ឃាត់ខ្លួនបុរសម្នាក់ជាមន្ត្រីរាជការខណ្ឌ៧មករាពីបទ «ហិង្សាដោយចេតនា»

ភ្នំពេញ ៖ ប៉ូលិសខណ្ឌដង្កោបានឃាត់ខ្លួនបុរសម្នាក់ជាមន្ត្រីរាជការខណ្ឌ៧មករា នៅចំណុចផ្ទះសង់ថ្មី ផ្លូវលំ ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃអង្គារ​ទី០៨ ខែកញ្ញា​ ឆ្នាំ​ ២០២០ វេលាម៉ោង៣ និង៣០នាទីរសៀលតាមដីកាពីបទ «ហិង្សាដោយចេតនា»។

ប៉ូលិសនិយាយថា ការចាប់ខ្លួនយោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួនលេខ០៣៩ អ.យ.ឈ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ របស់ លោក សុក កែវបណ្ឌិត តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ដែលបង្គាប់ឱ្យចាប់ និងឃុំខ្លួនឈ្មោះ ម៉ម ផាន់ដារ៉ា ហៅ ចាញ ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីរាជការនៅសាលាខណ្ឌ៧មករា សាសនាព្រះពុទ្ធ មានស្រុកកំណើត ភូមិថ្មី ឃុំដង្កោ ស្រុកដង្កោ ខេត្តកណ្តាល ទីលំនៅបច្ចុប្បន្នផ្ទះសង់ថ្មី ផ្លូវលំ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។

ដីកាខាងលើចោទពីបទ «ហិង្សាដោយចេតនា» ប្រព្រឹត្តនៅចំណុចមុខផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ហើយឈ្មោះ ម៉ម ផាន់ដារ៉ា ហៅ ចាញ នេះត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់រយៈ ពេល០១ (មួយ) ឆ្នាំ និងបង្គាប់ឱ្យសងសំណងការខូចខាត និងថ្លៃព្យាបាលរបួស ចំនួន៣០.០០០.០០០ (សាមសិបលាន) រៀល និងជម្ងឺចិត្តចំនួន ១០.០០០.០០០ (ដប់លាន)រៀល ទៅឱ្យដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ហែម ប៊ុននួន តាមអំណាចសាលក្រមព្រហ្មទណ្ឌលេខ៤៥២ “ទ” ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ របស់សាលាដំបូងរាជធានីភ្នំពេញ។ 

សមត្ថកិច្ចបន្តទៀតថា នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៥ និង៣០នាទីរសៀល សមត្ថកិច្ចខណ្ឌដង្កោធ្វើការឃាត់ខ្លួនឈ្មោះ ម៉ម ផាន់ដារ៉ា ហៅ ចាញ ត្រង់ចំណុចផ្ទះសង់ថ្មី ផ្លូវលំ ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីអនុវត្តទោសតាមនីតិវិធី៕


 

adverise with khmeread