Barcelona ដាក់សំណើ៧,២ លានផោនដើម្បីផ្ទេរកីឡាករ Eric Garcia របស់ក្លឹប Man City

ក្លឹបយក្សអេស្ប៉ាញ Barcelona បានដាក់សំណើ៧,២លានផោន ដើម្បីផ្ទេរខ្សែការពារ Eric Garcia របស់ក្លឹប Man City ។ កន្លងមកក្លឹបនៅ​ EPL នេះបានវាយតម្លៃខ្សែការពារកណ្តាលរូបនេះរហូតដល់ ៣៦,២លានផោន ប៉ុន្តែមានបំណងបញ្ចុះតម្លៃយ៉ាងច្រើន ស្របពេលដែលកិច្ចសន្យាបច្ចុប្បន្នរបស់ Eric នឹងចប់នៅខែមិថុនាឆ្នាំ ២០២១។

គ្រូបង្វឹកថ្មីរបស់ក្លឹប Barcelona លោក Ronald Koeman មានបំណងនាំយកកីឡាករអេស្ប៉ាញរូបនេះមកវិញ ដោយសារកីឡាកររូបនេះធ្លាប់ឆ្លងកាត់ថ្នាលយុវជនរបស់ក្លឹប La Masia ដ៏ល្បីល្បាញ។

ទោះបីជាយ៉ាងណា Eric បាននិយាយថា ខ្លួនកំពុងផ្តោតការយកចិត្តទុកដាក់លើយុទ្ធនាការរដូវកាលក្រោយជាមួយក្រុម​ man City ដែលដូចជាមានបំណងបដិសេធការផ្ទេរទៅក្លឹប Barcelona ។

Eric បាននិយាយថា "វាគឺជាការពិតដែលខ្ញុំបានប្រាប់ក្លឹបថា ខ្ញុំមិនចង់បន្តកិច្ចសន្យាហួសពីឆ្នាំ ២០២១។ ប៉ុន្តែខ្ញុំនឹងវិលត្រឡប់មកក្រុង Manchester វិញនៅពេលខ្ញុំបញ្ចប់កាតព្វកិច្ចប្រកួតអន្តរជាតិជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ ហើយខ្ញុំផ្តោតការយកចិត្តទុកដាក់លើយុទ្ធនាការរដូវកាលក្រោយជាមួយក្រុម City” ។

កីឡាករវ័យ១៩ឆ្នាំរូបនេះនៅតែមានភាពអំណត់ក្រោមការដឹកនាំរបស់លោក Pep Guardiola ប៉ុន្តែធ្វើបានល្អនៅពេលលេងចាប់ដៃគូជាមួយកីឡាករ Aymeric Laporte នៅតំបន់ការពារកណ្តាលរបស់ក្រុម City៕

adverise with khmeread