រថយន្ត២គ្រឿងបើកបុកគ្នាស្លាប់ម្នាក់និងរបួស៥នាក់នៅស្រុក​ជីក្រែង

សៀមរាប​ ៖ បុរសជា​អ្នកបើកបររថយន្ត​តាក់ស៊ីម្នាក់បាន​ស្លាប់នៅពេល​​បញ្ជូនទៅ​សង្គ្រោះនៅ​មន្ទីរពេទ្យនិងមាន​​អ្នករងរបួស​ធ្ងន់៥នាក់​ទៀត បន្ទាប់ពី​រថយន្ត​តាក់ស៊ី​ម៉ាក Toyota SIENNA និង​រថយន្ត LEXUS បាន​បុក​គ្នា​ពេញទំហឹងក្នុង​គោលដៅ​បញ្ច្រាសទិស​គ្នា នៅវេលា​ម៉ោង៤ទៀបភ្លឺ ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិតនៅ​ក្នុងភូមិ​ចក ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប​។​

សមត្ថកិច្ចនិយាយថា ដំបូងមាន​រថយន្ត​មួយគ្រឿង ម៉ាក Toyota SIENNA ផលិត​ឆ្នាំ​២០០៤ ពាក់​ផ្លាកលេខ ភ្នំពេញ 2AC-9971 ជា​ប្រភេទ​រថយន្ត ដឹក​អ្នកដំណើរ​ធុន​តូច ពណ៌​ទឹកមាស បើកបរ​ដោយ​ឈ្មោះ សួ ភិន ភេទប្រុស អាយុ​៤៧​ឆ្នាំ មានទី​លំនៅផ្ទះ ១០៦​ឌ ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ដោយ​ដឹក​មនុស្ស ៦ នាក់ (​ស្រី ៥ នាក់) បើកបរ​ក្នុងទិសដៅ ពី​ទិស​ខាងលិច ទៅ​ទិសខាងកើតក្នុង​ល្បឿន​​លឿន​។ 

លុះ​មកដល់​ចំណុចកើតហេតុស្រាប់​តែមាន​រថយន្ត ម៉ាក LEXUS ផលិត​ឆ្នាំ​១៩៩៨ ពាក់​ស្លាកលេខ ភ្នំពេញ 2M-4334 ប្រភេទ​ទេសចរណ៍ ពណ៌​ទឹកមាស អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ មាន​អ្នករួមដំណើរ​ម្នាក់ ដោយ​បើកបរក្នុងទិសដៅបញ្ច្រាសទិស​គ្នា គឺ​ពី​ទិសខាងកើតទៅ​ទិស​ខាងលិច ក្នុង​ល្បឿន​យ៉ាង​លឿនដូចគ្នាដោយ​មិនបាន​ប្រុងប្រយ័ត្នក៏បាន​បុក​គ្នាយ៉ាង​ពេញទំហឹងតែម្តង​។​

ក្រោយ​កើតហេតុ សមត្ថកិច្ចបាន​ពិនិត្យវាស់វែង​កន្លែងកើតហេតុនិង​បញ្ជូន​ជនរងគ្រោះ ទៅ​មន្ទីរពេទ្យតែ​អកុសលជនរងគ្រោះ ឈ្មោះ សួ ភិន ជា​អ្នកបើកបរ​រថយន្ត Toyota sienna បាន​ស្លាប់ ពេល​បញ្ជូន​ដល់​មន្ទី​ពេទ្យ​បង្អែកខេត្តសៀមរាប​។ 

ចំណែក​អ្នករងរបួសផ្សេងទៀត បាន​បញ្ជូនទៅ​មន្ទីរពេទ្យ ក្បែរ​កន្លែងកើតហេតុ។​ ចំណែក​វត្ថុតាង​ពាក់ព័ន្ធត្រូវបាន​យកទៅ​រក្សាទុកនៅ​អធិការដ្ឋាន​ស្រុក​ជីក្រែងដើម្បី​អនុវត្តតាម​នីតិវិធី។ សព​ជនរងគ្រោះ ប្រគល់ឱ្យ​ក្រុមគ្រួសារយកទៅ​ធ្វើបុណ្យតាម​ប្រពៃណី​៕


 

adverise with khmeread