ប្រធានាធិបតីសំប៊ីកាន់ទុក្ខមរណភាពរបស់ត្រីនាំសំណាងមួយក្បាល

ប្រធានាធិបតីនៃប្រទេសសំប៊ី លោក Edgar Lungu បានចូលរួមជាមួយប្រជាជាតិខ្លួនក្នុងការកាន់ទុក្ខចំពោះការស្លាប់របស់ត្រី ដែលរស់នៅក្នុងស្រះមួយនៅសាកលវិទ្យាល័យធំបំផុតទី២ របស់ប្រទេស។

និស្សិតនៅសាកលវិទ្យាល័យ Copperbelt (CBU) បានអុជទៀនហើយដើរជុំវិញបរិវេណសាលាដើម្បីកាន់ទុក្ខត្រីមួយក្បាលនេះ។

ការដាក់សញ្ញាទ្រុងជ្រូកជាមួយពាក្យ Mafishi ដែលជាឈ្មោះរបស់ត្រីមួយក្បាលនេះ គឺកំពុងរីករាលដាលពាសពេញបណ្តាញសង្គម Twitter នៅក្នុងប្រទេសស្ថិតនៅក្នុងតំបន់ភាគខាងត្បូងទ្វីបអាហ្រ្វិកមួយនេះ។

អស់រយៈពេលពីរទសវត្សរ៍កន្លងមកនេះនិស្សិត CBU ជឿថា ត្រីមួយនេះនឹងនាំមកនូវសំណាងល្អដល់ពួកគេក្នុងការប្រឡង។

Mafishi ដែលមានន័យថា "ត្រីធំ" នៅភាសា Bemba ក្នុងតំបន់ ត្រូវបានគេគិតថាមានអាយុយ៉ាងហោចណាស់ ២២ឆ្នាំ ហើយបានរស់នៅក្នុងស្រះនៃសាកលវិទ្យាល័យនេះអស់រយៈពេលជាង២០ឆ្នាំហើយ។ នេះបើយោងតាមអ្នកដឹកនាំនិស្សិតលោក Lawrence Kasonde បាននិយាយ។

លោក Kasonde បានប្រាប់ BBC កាលពីថ្ងៃអង្គារទី៨កញ្ញាថា "វាមិនទាន់ត្រូវបានគេបញ្ចុះនៅឡើយទេ យើងកំពុងរៀបចំផែនការបូជាវា"។

អ្នកយកព័ត៌មាន BBC ប្រចាំប្រទេសសំប៊ី លោក Kennedy Gondwe និយាយថា និស្សិតខ្លះធ្លាប់គោរពចំពោះត្រីមុនពេលប្រលង ដោយជឿថាវានាំសំណាងល្អដល់ពួកគេ ខណៈដែលអ្នកផ្សេងទៀតយល់ថាវាជាឧបករណ៍មួយជួយទប់បញ្ហាស្ត្រេស៕


 

adverise with khmeread