EU និយាយថា មនុស្សម្នាក់ក្នុងចំណោម៨នាក់ស្លាប់ទាក់ទងនឹងការបំពុលបរិស្ថាន

រាល់មនុស្សម្នាក់ក្នុងចំណោមមនុស្សប្រាំបីនាក់ស្លាប់នៅក្នុងតំបន់អឺរ៉ុប អាចផ្សារភ្ជាប់ទៅនឹងការបំពុលបរិស្ថាន។ នេះបើយោងតាមរបាយការណ៍ថ្មីរបស់ទីភ្នាក់ងារបរិស្ថានអឺរ៉ុប (EEA)។

ស្ថិតិនេះបានឱ្យដឹងថា កត្តាដូចជាការបំពុលខ្យល់ និងសំឡេងរំខាន ក៏ដូចជាគុណភាពទឹកមិនល្អ និងការប៉ះពាល់នឹងសារធាតុគីមី បានរួមចំណែកដល់ ១៣ភាគរយនៃចំនួនអ្នកស្លាប់ទាំងអស់។

របាយការណ៍ក៏បានកត់សម្គាល់ផងដែរថា សហគមន៍ក្រីក្រ និងប្រជាជនងាយរងគ្រោះ គឺជាអ្នករងគ្រោះខ្លាំងបំផុតពីការបំពុលបរិស្ថាន។

ទីភ្នាក់ងារនេះបាននិយាយថា "ចាំបាច់ត្រូវមានវិធានការខ្លាំងក្លាដើម្បីការពារអ្នកដែលងាយរងគ្រោះបំផុត"។

ស្នងការបរិស្ថាននៃសហភាពអ៊ឺរ៉ុបលោក Virginijus Sinkevicius បាននិយាយថា "មានទំនាក់ទំនងច្បាស់លាស់រវាងស្ថានភាពបរិស្ថាន និងសុខភាពប្រជាជនរបស់យើង។ មនុស្សគ្រប់គ្នាត្រូវតែយល់ថា តាមរយៈការថែរក្សាភពផែនដី យើងមិនត្រឹមតែជួយសន្សំសំចៃប្រព័ន្ធអេកូឡូស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជីវិតផងដែរ"។

របាយការណ៍របស់ទីភ្នាក់ងារដែលមានមូលដ្ឋាននៅទីក្រុង Copenhagen មួយនេះ ត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារទី៨កញ្ញា ហើយត្រូវបានពិពណ៌នាថាជា "ការវាយតម្លៃដ៏ធំមួយទៅលើសុខភាព និងបរិស្ថាន" ក្នុងតំបន់អឺរ៉ុប។

របាយការណ៍បានរកឃើញថា ការស្លាប់មុនអាយុសរុបចំនួន ៦៣ម៉ឺននាក់នៅក្នុងសហភាពអឺរ៉ុប គឺបណ្តាលមកពីកត្តាបរិស្ថានក្នុងឆ្នាំ២០១២ ដែលជាឆ្នាំចុងក្រោយបង្អស់សម្រាប់ទិន្នន័យដែលអាចរកបាន។

ការបំពុលបរិយាកាសបានរួមចំណែកដល់ការស្លាប់ប្រចាំឆ្នាំចំនួន ៤០០.០០០នាក់ ខណៈការបំពុលដោយសំឡេងរំខាន គឺជាកត្តាសន្មត់ដែលបណ្តាលឱ្យមនុស្ស ១២.០០០នាក់ស្លាប់។ ការស្លាប់ដែលនៅសេសសល់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងអាកាសធាតុផ្លាស់ប្តូរខ្លាំង ដូចជារលកកម្តៅជាដើម៕ ប្រភព ៖ BBC

 

adverise with khmeread