អារ៉ាប់រួមអេមីរ៉ាតនិងអ៊ីស្រាអែលនឹងចុះហេត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងឡើងវិញនៅសេតវិមានរបស់អាមេរិក

មន្រ្តីរដ្ឋបាលអាមេរិកជាច្រើនបាននិយាយកាលពីថ្ងៃអង្គារទី៨កញ្ញាថា សេតវិមាននឹងធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខារវាងប្រទេសអារ៉ាប់រួមអេមីរ៉ាតនិងអ៊ីស្រាអែលដើម្បីចងក្រងកិច្ចព្រមព្រៀងថ្មីមួយនៃចំណងទំនាក់ទំនងជាធម្មតាឡើងវិញរវាងប្រទេសមជ្ឈិមបូព៌ាទាំងពីរ ដែលសហរដ្ឋអាមេរិកបានដើរតួជាមេអណ្តើក។

យោងតាមមន្រ្តីរដ្ឋបាលជាន់ខ្ពស់ម្នាក់បានឱ្យដឹងថា ពិធីដែលត្រូវបានហៅដោយសេតវិមានថាជាកិច្ចព្រមព្រៀង Abraham Accords មួយនេះ នឹងក្លាយជាការចុះហត្ថលេខាសន្តិភាពមជ្ឈិមបូព៌ាក្នុងសេតវិមានជាលើកដំបូងក្នុងរយៈពេល ២៦ឆ្នាំ។ 

យោងតាមសម្តីមន្រ្តីអាមេរិកបានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu ទំនងជានឹងដឹកនាំគណៈប្រតិភូអ៊ីស្រាអែល ហើយមន្រ្តីការទូតលោក Abdullah bin Zayed នឹងដឹកនាំគណៈប្រតិភូអារ៉ាប់រួមអេមីរ៉ាត។ មន្ត្រីរដ្ឋបាលម្នាក់បាននិយាយថា ពិធីនេះត្រូវគេរំពឹងថានឹងមានការចូលរួមពីមេដឹកនាំពិភពលោកមកពីប្រទេសដទៃទៀតនៅក្នុងតំបន់ ប៉ុន្តែបញ្ជីឈ្មោះអ្នកចូលរួមនៅមិនទាន់រៀបំរួចនៅឡើយទេ។

មន្ត្រីសេតវិមានសង្ឃឹមថានឹងកំណត់ពេលវេលារៀបចំពិធីជុំវិញខួបនៃកិច្ចព្រមព្រៀង Oslo Accords ជាកិច្ចព្រមព្រៀងមួយដែលត្រូវបានរៀបចំដោយអតីតប្រធានាធិបតីអាមេរិកលោក ប៊ីល គ្លីនតុន និងត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Yitzhak Rabin និងអ្នកចរចាអង្គការប៉ាឡេស្ទីនលោក Mahmoud Abbas នៅថ្ងៃទី១៣ ខែកញ្ញាឆ្នាំ១៩៩៣៕ ប្រភព ៖ CNN


 

adverise with khmeread