ម៉ូតូបើកវ៉ាជែងមិនប្រយ័ត្នប៉ះជាមួយរថយន្តធំរបួសធ្ងន់នៅស្រុកកោះធំ

កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាងរថយន្ត និង ម៉ូតូបណ្ដាលឱ្យរងរបួសស្ត្រីម្នាក់ កើតឡើងនៅថ្ងៃ ពុធទី ៩ ខែ កញ្ញា ឆ្នាំ ២០២០ វេលាម៉ោង៣និង១០នាទីរសៀលនៅលើកំណាត់ផ្លូវជាតិលេខ ២១ ស្ថិតនៅក្នុងភូមិព្រែកបិ ឃុំកោះធំ ( ខ ) ស្រុកកោះធំ ខេត្តកណ្តាល។

សមត្ថកិច្ចនិយាយថា ដំបូងមានរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សខៀវ មានសណ្ដោងរ៉ឺម៉ក ក្បាលរថយន្តពាក់ស្លាកលេខ ភ្នំពេញ 3 D-1655 កន្ទុយរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4 A-4568 បើកបរមានទិសដៅពីជើងទៅត្បូង (តាខ្មៅ ជ្រៃធំ) អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណគេចខ្លួនមុនពេលសមត្ថកិច្ចទៅដល់។ 

លុះដល់ចំណុចខាងលើក៏បានប៉ះជាមួយម៉ូតូម៉ាកហុងដា សេ៥០ គុបជ្រុង ពណ៌ខៀវចាស់ ពាក់ស្លាកលេខ កណ្ដាល 1 I-8308 អត់កញ្ចក់ បើកបរមានទិសដៅពីត្បូងទៅជើងបញ្ច្រាសទិសគ្នា បើកបរដោយឈ្មោះ ឡេង គីម លាង ភេទស្រី អាយុ ១៩ ឆ្នាំ មុខរបរកម្មករលក់ពូកខ្នើយ មានទីលំនៅភូមិត្រើយត្រឹង ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល អត់ពាក់មួកសុវត្តិភាពរងរបួសធ្ងន់ ត្រូវបានរថយន្តស៊ីរ៉ែនរបស់អធិការដ្ឋានស្រុកកោះធំ ដឹកយកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកកោះធំ។ 

តាមការសន្និដ្ឋាន បឋមរបស់សមត្ថកិច្ចថា ករណីនេះបង្កឡើងដោយអ្នកបើកបរម៉ូតូ បើកមានល្បឿនលឿនវ៉ាជែងរថយន្ត ដែលមានទិសដៅស្របគ្នាបានចូលទៅផ្លូវ របស់រថយន្តដែលមានទិសដៅបញ្រ្ចាសប៉ះដៃចង្កូតម៉ូតូខាងឆ្វេង ជាមួយស្តុបរថយន្តខាងមុខផ្នែកខាងឆ្វេងបណ្តាលឱ្យដួលតែម្ដងទៅ។

ករណីនេះកម្លាំងប៉ូលិសជំនាញ និង កម្លាំងប៉ូលិសប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែងរួចរាល់ ហើយយកមធ្យោបាយដែលពាក់ព័ន្ធមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋានប៉ូលិសស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី៕


       

adverise with khmeread