មានទំនាស់ក្នុងគ្រួសារទិញប្រេងសាំងមកដុតផ្ទះចោលត្រូវបានទប់ស្កាត់ទាន់ពេល

កណ្តាល ៖ អំពើហិង្សាដុតផ្ទះចោលតែងតែកើតឡើងជារើយៗក្នុងសង្គមខ្មែរដោយសារកត្តាជាច្រើន, ជាក់ស្តែងលើកនេះមានរឿងបែបនេះបានកើតឡើងម្តងទៀត ប៉ុន្តែត្រូវបានបងប្អូននិងអ្នកស្រុកទប់ស្កាត់ទាន់ពេល ហើយប្តឹងដល់ប៉ូលិសឱ្យវ៉ៃខ្នោះជនបង្ក ដែលជាសាច់ឈាមបង្កើត នាឱកាសស្រុកយើងកំពុងបុណ្យកាន់បិណ្ឌ។

ហេតុការណ៍អំពើហិង្សាក្នុងគ្រួសារខាងលើនេះបានកើតឡើងកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ម៉ោង០៧ និង៣០នាទីនៅចំណុចផ្ទះជនរងគ្រោះ ភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ប៉ូលិសនិយាយថា ជនរងគ្រោះជាម្តាយឈ្មោះ ម៉ន សុខលី ភេទស្រី អាយុ៦៤ឆ្នាំ មានទីលំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកសិករ។ ចំណែកជនសង្ស័យត្រូវជាកូនឈ្មោះ ហេង សុខជា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ  មានទីលំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅខេត្តកណ្តាល, មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។ វត្ថុតាងចាប់យកដបដាក់សាំងចំណុះ៥០០ម.លចំនួន១ដប និងសំបកដបដាក់សាំងប្រើប្រាស់រួចចំនួន១។

ប៉ូលិសបន្តថា មុនពេលកើតហេតុជនសង្ស័យជាមនុស្សប្រើប្រាស់ថ្នាំញៀនជាប្រចាំបានរករឿងឈ្លោះជាមួយម្តាយនិងបងប្អូននៅក្នុងផ្ទះ និងបានគំរាមកំហែងអ្នកផ្ទះ ដោយគំរាមដុតផ្ទះចោលទៀតផង។ បន្ទាប់មកស្រាប់តែជនសង្ស័យ បានរត់ទៅទិញសាំងចំនួន២ដបទឹកសុទ្ធ ចំណុះ៥០០ម.ល យកមកបម្រុងដុតផ្ទះ។ 

ពេលនោះត្រូវបានបងប្អូនឃាត់ធ្វើឱ្យជនសង្ស័យខឹងបានយកដបសាំងទៅបោកនៅមុខផ្ទះបណ្តាលឱ្យបែកធ្លាយសាំងចេញ ហើយជនសង្ស័យបានស្ទុះទៅយកក្រណាត់ខោអាវមកជ្រលក់សាំងដុតបណ្តាលឆេះហើយបានគេចខ្លួនបាត់ទៅ។ ឃើញដូចនេះបងប្អូនបាននាំគ្នាយកទឹកមកចាក់ពន្លត់។ 

ដោយទ្រាំនឹងទង្វើដដែលៗរបស់ជនសង្ស័យមិនបានទើបជនរងគ្រោះបានប្តឹងដល់កម្លាំងប៉ូលិសប៉ុស្តិ៍ស្វាយរលំចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋានប៉ូលិសក្រុងតាខ្មៅដើម្បីបន្តចាត់ការតាមនីតិវិធី៕


 

adverise with khmeread