adverise with khmeread Index3

អាវុធហត្ថបន្តឃាត់ជនសង្ស័យ២នាក់ បង្ខាំងមនុស្សខុសច្បាប់

     ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ ២នាក់ បន្ថែមទៀតនៅផ្ទះមេខ្លោងជនជាតិចិនពាក់ព័ន្ធករណីបង្ខាំងមនុស្សស្ថិតនៅ​ចំណុច​ក្នុង​បុរី​ពិភពថ្មី ផ្ទះ​លេខ​២ផ្លូវ​លេខ​២ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោកកាលពីរសៀលថ្ងៃទី១៦ធ្នូឆ្នាំ២០១៥។គិតមកទល់ពេលនេះឃាត់ខ្លួនជនសង្ស័យបាន៩នាក់ហើយ (ស្រី៣នាក់)។

    កិច្ចប្រតិបត្តិការបង្ក្រាបនេះ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោរ័ត្នស៊្រាងមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ឃាត់ជនជាតិចិន២នាក់ (ប្រុសម្នាក់ស្រីម្នាក់)។

    មន្ត្រីជំនាញអាវុធហត្ថដែលចូលរួមប្រតិបត្តិការនេះបានបញ្ជាក់ថា ជនសង្ស័យ ​មានឈ្មោះ Zhang Zhong Zheng ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​ជន​ជាតិចិន និងជា​មេខ្លោង​ចាប់ជំរិត បង្ខាំង​មនុស្ស និងទី​២ ឈ្មោះ ម៉ី ដា​លី ភេទ​ស្រី អាយុ​២០​ឆ្នាំ ជាជនជាតិខ្មែរ ត្រូវជា​សង្សារ​រប​ស់បុ​រស​សង្ស័យ ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ ។

     គួររំលឹកថា អាវុធហត្ថរាជធានីភ្នំពេញបានឃាត់ជនសង្ស័យខ្មែរ-ចិនចំនួន៧នាក់ (ស្រី២នាក់)ជាបន្តបន្ទាប់កាលពីយប់នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅនេះ ពីបទចាប់បង្ខាំងមនុស្សខុសច្បាប់សង្ស័យពាក់ព័ន្ធជួញដូរមនុស្ស ។

    មន្ត្រីអាវុធហត្ថបានឲ្យដឹងថា ករណីបង្ខាំងមនុស្សខាងលើនេះបានកើតឡើង នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ជាកន្លែងដែលកម្លាំងអាវុធហត្ថ បង្ក្រាបបានជនសង្ស័យ ហើយរំដោះបានជនរងគ្រោះជនជាតិចិន៣នាក់ ។ មន្ត្រីអាវុធហត្ថអះអាងថា"អាចជាករណីជួញដូរមនុស្ស"។

    មន្ត្រីដដែលបន្តថា បន្ទាប់ពីមានការបំភ្លឺពីជនរងគ្រោះទើបនៅរសៀលថ្ងៃទី១៤ ខែធ្នូឆ្នាំ២០១៥កម្លាំងអាវុធហត្ថក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មកចុះឆែកឆេរផ្ទះលេខ ១១២ ផ្លូវលេខ១៧៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ប៉ុន្តែមិនបានរកឃើញជនសង្ស័យណាម្នាក់ទៀតឡើយ ។

    ក្រោយការចាប់ខ្លួនជនសង្ស័យទាំង៧នាក់ត្រូវបានអាវុធហត្ថយកទៅសួរនាំ នៅទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ហើយមន្ត្រីបានបញ្ជាក់ថា"អាចជាករណីជួញដូរមនុស្ស ហើយកំពុងរកអ្នកបកប្រែភាសាចិនជាមុនសិន"។បច្ចុប្បន្នអាវុធហត្ថបានបង្វែរជនសង្ស័យទាំង៧នាក់ទៅការិយាល័យប្រឆាំងការជួញដូរមនុស្ស ជាអ្នកចាត់ការវិញ ៕

adverise with khmeread

មតិយោបល់