កីឡាករចំណូលថ្មី Hakim Ziyech និង Ben Chilwell នឹងអវត្តមានក្នុងការប្រកួតបើកឆាករបស់ក្រុម Chelsea

តាមព័ត៌មានថា កីឡាករចំណូលថ្មី Hakim Ziyech និង Ben Chilwell នឹងអវត្តមានក្នុងការចាប់ផ្តើមរដូវកាលថ្មីនៅក្របខណ្ឌ​ EPL សម្រាប់ក្លឹប Chelsea នេះគឺជាសម្ពាធមួយទៀតសម្រាប់គ្រូបង្វឹកលោក Frank Lampard ។

ក្លឹប Chelsea ហាក់ដូចជាច្បាស់លាស់ណាស់កាលពីរដូវកាលទិញដូរនៅ   រដូវក្តៅ ដោយចុះកិច្ចព្រមព្រៀងផ្ទេរកីឡាករ Hakim ក្នុងតម្លៃ ៣៧លានផោន ផ្ទេរកីឡាករ Ben ក្នុងតម្លៃ៥០លានផោន កីឡាករ Timo Werner ក្នុងតម្លៃ៥៣លានផោន ផ្ទេរកីឡាករ Kai Havertz ក្នុងតម្លៃ ៨៩លានផោន ស្របពេលក្លឹបនេះទទួលបានកីឡាករ Thiago Silva និង Malang Sarr ដោយឥតតម្លៃខ្លួនផ្ទេរផងដែរ។

ទោះបីជាយ៉ាងណា អ្នកគាំទ្ររបស់ក្លឹប Chelsea ត្រូវរង់ចាំមើលសកម្មភាពប្រកួតរបស់កីឡាករ Hakim និង Ben នៅពេលក្រោយ ដោយសារកីឡាករទាំងពីរនេះនឹងអវត្តមានក្នុងការចាប់ផ្តើមប្រកួតរដូវកាលថ្មីដោយសារបញ្ហារបួស។

Hakim មានបញ្ហាក្បាលជង្គង់ អំឡុងពេលប្រកួតមិត្តភាពជាមួយក្រុម Brighton កាលពី១១ថ្ងៃមុន ដែលបង្ខំឲ្យកីឡាកររូបនេះត្រូវប្តូរចេញនៅនាទីទី៥៤។ ចំណែក Ben នៅមានបញ្ហាកែងជើង បន្ទាប់ពីផ្ទេរពីក្លឹប Leicester ហើយកីឡាកររូបនេះព្យាយាមហ្វឹកហាត់ ដើម្បីវិលត្រឡប់ទៅរកទម្រង់លេងដើមវិញ បន្ទាប់ពីមានបញ្ហារបួស អំឡុងពេលប្រកួតជាមួយក្រុម Crystal Palace កាលពីថ្ងៃទី ៤ ខែកក្កដា។

ក្រុមតោខៀវ Chelsea នឹងចាប់ផ្តើមប្រកួតក្រៅទឹកដីជាមួយក្រុម Brighton នៅថ្ងៃច័ន្ទ៕

adverise with khmeread