1

​គ្រោះទឹកជំនន់​បានសម្លាប់​មនុស្ស​ជាច្រើន​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​

​    ​មន្ត្រីប៉ូលិស​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា គ្រោះទឹកជំនន់​ដែល​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់​ចំនួន ៤៥ នាក់​នៅ​ភាគ​ពាយ័ព្យ ក្នុង​ទីក្រុង Peshawar ប្រទេស​ប៉ា​គី​ស្ថាន​។​

​    ​មន្ត្រី​គ្រប់គ្រង​គ្រោះមហន្តរាយ​ជាតិ​ប៉ា​គី​ស្ថាន លោក Latif ur Rehman បាន​និយាយថា ទឹកភ្លៀង​ចាប់ផ្តើម​ធ្លាក់​ពេញ​មួយ​យប់​កាលពី​សៅរ៍​និង​បាន​បង្កឱ្យមាន​ទឹកជំនន់​នៅ​ស្រុក​មួយចំនួន​ក្នុង​ខេត្ត Khyber Pakhtunkhwa​។​

​    ​គាត់​បាន​និយាយទៀតថា មនុស្ស​ចំនួន ៣៤ នាក់​ផ្សេងទៀត​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ដោយសារ​របួស​។​

​    ​លោក Rehman បាន​និយាយថា ប្រជាជន​ដែល​រស់នៅ​ក្បែរ​ទន្លេ​ត្រូវបាន​ព្រមាន​ឱ្យ​ចាកចេញ​ទៅរក​ទីតាំង​ដែលមាន​សុវត្ថិភាព​។ ជាទូទៅ គ្រោះទឹកជំនន់​ត្រូវបាន​បង្កឡើង​ក្នុងអំឡុង​រដូវ​មូសុង​ក្តៅ​នៅ​អាស៊ី​ខាងត្បូង​។

​    ​ប្រជាជន​ភាគច្រើន​រស់​នៅតាម​ជ្រលង​ភ្នំ Swat ភាគ​ខាងជើង​។ លោក Habib Khan បាន​ប្រាប់​ទូរទស្សន៍​ក្នុង​តំបន់​ថា "​យើង​បាន​ចាកចេញ​ដោយ​ខ្លួនឯង​។ គ្មាន​នរណាម្នាក់​មកពី​រដ្ឋាភិបាល​ជួយ​យើង​នោះទេ​"៕

ប្រភព៖ SMH

មតិយោបល់