ចិនទាមទារឱ្យក្រុមហ៊ុន Twitter ស៊ើបអង្កេត ក្រោយគណនីផ្លូវការរបស់អគ្គរដ្ឋទូតចិនប្រចាំនៅអង់គ្លេសចុច "Like" វីដេអូសិច

ស្ថានទូតចិនប្រចាំនៅទីក្រុងឡុងដ៍បានទាមទារយ៉ាងខ្លាំងឲ្យបណ្តាញសង្គម Twitter ស៊ើបអង្កេតនូវអ្វីដែលខ្លួននិយាយថាជាការលួចចូលគណនីផ្លូវការរបស់ឯកអគ្គរដ្ឋទូតរបស់ខ្លួនដែលចុច "Like" វីដេអូអាសអាភាសមួយ។

វីដេអូនេះបានស្ថិតនៅលើបណ្តុំវីដេអូដែលគណនីផ្លូវការបស់លោក Liu Xiaoming បានចុច "Like" ជាងមួយម៉ោងកាលពីថ្ងៃពុធ ដោយទាក់ទាញអ្នកចូលបញ្ចេញមតិ និងប្រតិកម្មជាច្រើន មុនវាត្រូវបានលុបចេញ។

សេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ស្ថានទូតចិននៅទីក្រុងឡុងដ៍បាននិយាយថា "ក្រុមអ្នកប្រឆាំងចិនមួយចំនួនបានវាយប្រហារយ៉ាងសាហាវលើគណនី Twitter របស់ឯកអគ្គរដ្ឋទូត Liu Xiaoming និងប្រើវិធីសាស្ត្រគួរឱ្យស្អប់ខ្ពើមដើម្បីបំភាន់សាធារណជន។ ស្ថានទូតបានរាយការណ៍រឿងនេះទៅក្រុមហ៊ុន Twitter ហើយបានជំរុញឱ្យធ្វើការស៊ើបអង្កេតឱ្យបានហ្មត់ចត់ និងដោះស្រាយបញ្ហានេះឱ្យបានម៉ឺងម៉ាត់។ ស្ថានទូតសូមរក្សាសិទ្ធិក្នុងការចាត់វិធានការបន្ថែមទៀត ហើយសង្ឃឹមថាសាធារណជននឹងមិនជឿឬផ្សព្វផ្សាយពាក្យចចាមអារ៉ាមបែបនេះឡើយ"។

អ្នកនាំពាក្យរបស់ Twitter បានបដិសេធមិនធ្វើអត្ថាធិប្បាយ នៅពេលត្រូវបានស្នើសុំឱ្យឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់ស្ថានទូតដោយទីភ្នាក់ងារព័ត៌មានបារាំង AFP។

លោក Liu ត្រូវបានគេស្គាល់ថាជាអ្នកការទូតម្នាក់ ដែលនិយាយចេញមុខលេចធ្លោបំផុតរបស់ចិន ដោយប្រើវិធីដែលគួរឱ្យទុកចិត្តនៅក្នុងបទសម្ភាសន៍តាមប្រព័ន្ធផ្សព្វផ្សាយ និងតាមអ៊ីនធឺណេត ដើម្បីការពាររដ្ឋាភិបាលរបស់គាត់។

Twitter និងសកម្មភាពអាសអាភាសត្រូវបានហាមឃាត់ជាផ្លូវការនៅក្នុងប្រទេសចិន ដែលគណបក្សកុម្មុយនីស្តកំពុងកាន់អំណាច ត្រួតពិនិត្យយ៉ាងខ្លាំង។

ទោះយ៉ាងណាអ្នកការទូតចិន និងអ្នកសារព័ត៌មានសម្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានបង្កើតគណនី Twitter ដើម្បីផ្សព្វផ្សាយ និងការពាររដ្ឋាភិបាលដល់ជនបរទេស។

លោក Liu បានបង្កើតគណនី Twitter របស់គាត់កាលពីខែតុលាឆ្នាំមុន។ គាត់មានអ្នក Follow ជាង ៨៥.០០០នាក់៕ ប្រភព​៖ Channel News Asia

adverise with khmeread