អាមេរិកលុបចោលទិដ្ឋាការសម្រាប់ជនជាតិចិនជាង១០០០នាក់ព្រោះយល់ថាពួកគេបង្កហានិភ័យដល់សន្តិសុខជាតិ

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបាននិយាយកាលពីថ្ងៃពុធទី៩កញ្ញាថា សហរដ្ឋអាមេរិកបានដកហូតទិដ្ឋាការសម្រាប់ជនជាតិចិនជាង ១.០០០នាក់ក្រោមការប្រកាសរបស់ប្រធានាធិបតីកាលពីថ្ងៃទី២៩ ខែឧសភា ដើម្បីបញ្ឈប់ការចេញចូលពីប្រទេសចិននៃនិស្សិត និងអ្នកស្រាវជ្រាវដែលត្រូវបានចាត់ទុកថាជាហានិភ័យសន្តិសុខជាតិ។

រដ្ឋមន្ត្រីស្តីទីនៃក្រសួងសន្តិសុខមាតុភូមិ លោក Chad Wolf បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងរារាំងទិដ្ឋាការ "សម្រាប់និស្សិតបញ្ចប់ការសិក្សា និងអ្នកស្រាវជ្រាវជនជាតិចិនជាក់លាក់មួយចំនួន ដែលមានទំនាក់ទំនងជាមួយយុទ្ធសាស្ត្របញ្ចូលយោធារបស់ចិន ដើម្បីការពារកុំឱ្យពួកគេលួចយកការស្រាវជ្រាវវ៉ាក់សាំងកូវីដ១៩ និងកុំឱ្យពួកគេអាចយកបានទិន្នន័យរសើបរបស់ជាតិ"។

នៅក្នុងសុន្ទរកថាមួយ លោក Wolf បានលើកឡើងម្តងទៀតនូវការចោទប្រកាន់របស់អាមេរិក ពីការអនុវត្តអាជីវកម្មដោយអយុត្តិធម៌ និងចារកម្មឧស្សាហកម្មដោយប្រទេសចិន រាប់បញ្ចូលទាំងការប៉ុនប៉ងលួចការស្រាវជ្រាវពីវីរុសកូរ៉ូណា និងបានចោទប្រកាន់ចិនថារំលោភបំពានទិដ្ឋាកានិស្សិតដើម្បីកេងចំណេញការសិក្សានៅអាមេរិក។

លោក Wolf បាននិយាយថា សហរដ្ឋអាមេរិកក៏ "កំពុងរារាំងទំនិញដែលផលិតចេញពីពលកម្មទាសករមិនឱ្យចូលទីផ្សាររបស់យើង ដោយទាមទារឱ្យប្រទេសចិនគោរពសេចក្តីថ្លៃថ្នូរបស់មនុស្សម្នាក់ៗ" ដែលមានឯកសារយោងជាក់ស្តែងមួយ ចំពោះការរំលោភបំពានទៅលើប្រជាជនមូស្លីមនៅក្នុងតំបន់ស៊ីនជាំងរបស់ប្រទេសចិន៕ ប្រភព ៖ Channel News Asia

 

adverise with khmeread