ឃាត់ជនសង្ស័យ២នាក់ប្រើស្នាប់ដៃដែកតាមខ្លួនពេលយប់

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានប៉ូលិសដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះឃាត់ខ្លួនក្នុងករណីកាន់កាប់អាវុធគ្មានច្បាប់អនុញ្ញាត (ស្នាប់ដៃដែក) នៅមុខស្ថានីយ៍ប្រេង PTT ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ថ្ងៃទី១០ កញ្ញា ឆ្នាំ២០២០ វេលាម៉ោង១០យប់។

ប៉ូលិសនិយាយថា ជនសង្ស័យ ០២នាក់រួមមាន ១-ឈ្មោះ មៀច មករា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាននិង ២-ឈ្មោះ មាស រាជ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន។ ទាំង០២នាក់ ស្នាក់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

ប៉ូលិសបន្តថា នៅថ្ងៃទី១០ កញ្ញា ឆ្នាំ២០២០ វេលាម៉ោង១០យប់កម្លាំងចម្រុះ ដឹកនាំដោយលោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ និងលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការខណ្ឌ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅចំណុចខាងលើ ក៏មានជនសង្ស័យ០២នាក់ជិះម៉ូតូម៉ាក Yamaha M-Slaz ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1HO-2852 មកដល់គោលដៅ សមត្ថកិច្ចក៏ឃាត់ត្រួតពិនិត្យរកឃើញស្នាប់ដៃដែក១ ដែលជនសង្ស័យ ឈ្មោះ មៀច មករា កាន់ជាប់នឹងដៃ ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ រួមជាមួយវត្ថុតាង បញ្ជូនមកអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់បានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅចាត់ការបន្តតាមនីតិវិធី៕

adverise with khmeread