បើកទ្វាររថយន្តជនរងគ្រោះលួចយកទ្រព្យសម្បត្តិ ៥ករណីប៉ូលិសវ៉ៃខ្នោះយកមកបង្ហាញមុខ៧នាក់

ភ្នំពេញ ៖ ជនសង្ស័យ៧នាក់ពាក់ព័ន្ធករណីបើកទ្វាររថយន្តជនរងគ្រោះលួចយកទ្រព្យសម្បត្តិសរុបចំនួន៥ករណីកាលពីពេលកន្លងទៅ ដែលប្រព្រឹត្តនៅពេលយប់តាមទីតាំងផ្សេងៗគ្នា ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវបានប៉ូលិសព្រហ្មទណ្ឌស្រាវជ្រាវ បង្ក្រាបបានជាបន្តបន្ទាប់ នៅថ្ងៃទី០៩ និង ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ហើយយកមកបង្ហាញមុខនាថ្ងៃទី១១ កញ្ញានេះ។

ថ្លែងនៅក្នុងអង្គសន្និសីទសារព័ត៌មានបង្ហាញមុខជនសង្ស័យមុនបញ្ជូនទៅតុលាការ នាព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០ ប៉ូលិសព្រហ្មទណ្ឌ បានឱ្យដឹងថា ជនសង្ស័យ៧នាក់ ដែលបានប្រព្រឹត្ត ពាក់ព័ន្ធករណីបើកទ្វាររថយន្តជនរងគ្រោះលួចយកទ្រព្យសម្បត្តិមានតម្លៃសរុបចំនួន៥ករណី កាលពីកន្លងទៅ។

ប៉ូលិសបន្តថា ជនសង្ស័យទាំង០៧នាក់រួមមាន ១-ឈ្មោះ អ៊ី កប ភេទប្រុស អាយុ៣៧ ឆ្នាំ មុខរបរ បើកបររថយន្ត, ២-ឈ្មោះ ហ៊ុន ណាត ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ អ្នកសារព័ត៌មានVBN, ទី៣-ឈ្មោះ យិន ធី ហៅ តឿ ភេទប្រុស អាយុ៤២ ឆ្នាំ មុខរបរទិញលក់ទូរស័ព្ទ, ៤-ឈ្មោះ ឆាយ សុផល ហៅ យ៉ាម៉ាហា ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបររត់ម៉ូតូឌុប, ៥- ឈ្មោះ សំសិលា ចិត្រា ភេទប្រុស, ៦-ឈ្មោះ សួង ដែន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរអ្នកយកព័ត៌មានK01 និង ៧-ឈ្មោះ ចែម សំណាង ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ។

ប៉ូលិសបានបន្តថា មានជនរងគ្រោះជាបន្តបន្ទាប់បានបាត់បង់ទ្រព្យសម្បត្តិមានតម្លៃនៅក្នុងរថយន្តរបស់ខ្លួនមកដាក់ពាក្យបណ្ដឹង ទើបសមត្ថកិច្ចបើកការស្រាវជ្រាវ និងស៊ើបអង្កេតតាមដាន រហូតឈានទៅឃាត់ជនសង្ស័យទាំង៧នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន។ 

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ប៉ូលិសការិយាល័យកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

adverise with khmeread