Aubameyang គ្រោងចុះកិច្ចសន្យាថ្មីដើម្បីក្លាយជាកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់ជាងគេនៅក្លឹប Arsenal

ខ្សែប្រយុទ្ធ Pierre Emerick Aubameyang គ្រោងនឹងចុះកិច្ចព្រមព្រៀងថ្មីបីឆ្នាំបន្ថែមទៀតជាមួយក្លឹប Arsenal ដែលនឹងធ្វើឲ្យកីឡាកររូបនេះក្លាយជាកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់បំផុតរបស់ក្លឹបនេះ។

Aubameyang គឺជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងនៅក្នុងប្រវត្តិក្លឹបនេះ បានសម្រេចចិត្តបន្តអនាគតជាមួយក្លឹបនេះ ហើយរឿងនេះអាចនឹងជួយឲ្យក្រុមអ្នកគាំទ្រមានអារម្មណ៍ធូរស្បើយច្រើន។

រឿងនេះកើតមានបន្ទាប់ពីការចរចាច្រើនខែរវាងខ្សែប្រយុទ្ធសញ្ជាតិហ្គាបុងរូបនេះនិងក្លឹប Arsenal ហើយនឹងធ្វើឲ្យខ្សែប្រយុទ្ធវ័យ៣១ឆ្នាំរូបនេះ​ទទួលបានប្រាក់ឈ្នួល ៣៥០.០០០ផោនក្នុងមួយសប្តាហ៍គឺច្រើនជាងប្រាក់ឈ្នួលរបស់ Mesut Ozil ។

ទំនាក់ទំនងរបស់គ្រូបង្វឹក Mikel Arteta និងឪពុករបស់ Aubameyang បានដើរតួនាទីសំខាន់ក្នុងការអូសទាញខ្សែប្រយុទ្ធរូបនេះឲ្យបន្តអនាគត។ ប្រធានក្រុម Arsenal រូបនេះបានឈានដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យាដែលមានប្រាក់ឈ្នួល ២០០.០០០ផោនក្នុងមួយសប្តាហ៍ ដែលនឹងបង្ខំចិត្តឲ្យក្លឹបនេះជ្រើសរើសរវាងការលក់កីឡាកររូបនេះដើម្បីនាំយកកីឡាករថ្មីនៅរដូវក្តៅនេះឬត្រូវឲ្យកីឡាកររូបនេះចាកចេញដោយឥតតម្លៃខ្លួននៅឆ្នាំក្រោយ៕

adverise with khmeread