គ្រួសារមួយនៅអូស្ដ្រាលីត្រូវបង់លុយរាប់ម៉ឺនដុល្លារក្នុងការធ្វើចត្តាឡីស័ក ដោយសារចង់ទៅជួបឪពុកជិតផុតដង្ហើមរបស់ខ្លួន

ក្មេងអូស្ដ្រាលីបួននាក់ដ៏អស់សង្ឃឹមធ្វើដំណើរទៅមើលឪពុកជិតស្លាប់របស់ពួកគេ ដែលត្រូវគេប្រាប់គ្រួសារនោះត្រូវបង់ប្រាក់ ១៦.០០០ដុល្លារអូស្ដ្រាលី (១១.៥៤៩ដុល្លារអាមេរិក) សម្រាប់ថ្លៃឈ្នួលច​ត្តា​ឡី​ស័កនៅសណ្ឋាគារមួយដើម្បីជួបគាត់។

Mark Keans វ័យ៣៩ឆ្នាំរកឃើញមានជំងឺមហារីក និងស្ថិតក្នុងផ្ទះក្នុងទីក្រុង Brisbane រដ្ឋ Queensland របស់អូស្ត្រាលី ខណៈកូនបួននាក់របស់គាត់កំពុងនៅទីក្រុង Sydney។

អាជ្ញាធររដ្ឋ Queensland បានបដិសេធការអង្វរម្តងហើយម្តងទៀតដើម្បីផ្តល់ការលើកលែងចំពោះការរឹតត្បិតការធ្វើដំណើរជុំវិញបញ្ហាកូវីដ១៩។

ប្រាក់ជាង ២០០.០០០ ដុល្លារអូស្រ្តាលីឥឡូវត្រូវបានរៃអង្គាស បន្ទាប់ពីករណីនេះបានធ្វើឱ្យមានកំហឹង។

ប្រទេសអូស្រ្តាលីបានអនុវត្តការរឹតត្បិតការធ្វើដំណើរយ៉ាងតឹងរ៉ឹងដើម្បីគ្រប់គ្រងកូវីដ១៩រួមទាំងបំលាស់ទីរវាងរដ្ឋនិងរដ្ឋ។

ដំបូងឡើយលោក Keans ត្រូវបានគេប្រាប់ថាគាត់ចាំបាច់ត្រូវជ្រើសរើសកូនតែម្នាក់គត់ដែលនឹងត្រូវបានអនុញ្ញាតឱ្យជួបគាត់។

ទីបំផុតរដ្ឋបាលគ្រប់គ្រងរដ្ឋបានគាំទ្រនិងយល់ព្រមអនុញ្ញាតឱ្យកុមារទាំងអស់ធ្វើដំណើរទៅជួបឪពុករបស់ពួកគេ។

ប៉ុន្តែនេះត្រូវបានអនុញ្ញាតដោយហេតុផលថាពួកគេត្រូវចំណាយលុយខ្លួនឯងពីរសប្តាហ៍ក្នុងការធ្វើច​ត្តា​ឡី​ស័កក្នុងសណ្ឋាគារ។ ពួកគេក៏អាចទៅសួរសុខទុក្ខឪពុករបស់ពួកគេដោយប្រើឧបករណ៍ការពារផ្ទាល់ខ្លួន ។

ជីតារបស់ក្មេងៗឈ្មោះ Bruce Langborne បានប្រាប់ទូរទស្សន៍ 7NEWS ថា "ភរិយារបស់ខ្ញុំបានងាកចុះឡើងហើយនិយាយថា គ្រាន់តែសួរសុខទុក្ខត្រូវចំណាយច្រើនយ៉ាងនេះ ចុះទម្រាំបញ្ចុះសពគាត់ទៀតត្រូវចំណាយច្រើនកម្រិតណា!"។

ទំព័រ GoFundMe ត្រូវបានបង្កើតឡើងក្នុងគោលបំណងរៃអង្គាសប្រាក់បានចំនួន ៣០.០០០ ដុល្លារ ប៉ុន្តែភ្លាមៗនោះវាបានបំបែកគោលដៅនោះហើយបានឈានដល់ ២០ ម៉ឺនដុល្លារអូស្ត្រាលី។ លោក Scott Morrison នាយករដ្ឋមន្រ្តីក៏បានបរិច្ចាគថវិកាចំនួន ១០០០ ដុល្លារអូស្ត្រាលីក្នុងយុទ្ធនាការនោះដែរ៕


 

adverise with khmeread