លោកតាម្នាក់ថា «កូនៗយកគាត់ចេញពីមន្ទីរពេទ្យរួចទម្លាក់គាត់ចោលនៅដងផ្លូវ»

ភ្នំពេញ ៖ លោកតាអាយុ៧៥ឆ្នាំ​ម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកនៅចិញ្ចើមផ្លូវ កាល​ពី​វេលា​ម៉ោង​៧ព្រឹក ​ថ្ងៃ​សុក្រ ទី​១១ ខែ​កញ្ញា ​ឆ្នាំ​២០២០ ស្ថិត​តាម​ចិញ្ចើម​ផ្លូវ​ជាតិ​លេខ​៦អា ក្បែរស្ពានលេខ៣ ក្នុងភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ហើយលោកតាអះអាងថា «កូនៗយកគាត់ចេញពីមន្ទីរពេទ្យរួចទម្លាក់គាត់ចោលនៅដងផ្លូវ»។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា បុរសខាងលើឈ្មោះ គិត​ ឈាង អាយុ៧៥ឆ្នាំ​ ស្នាក់នៅភូមិ​ អរិយក្សត្រ​ ឃុំអរិយក្សត្រ​ ស្រុកល្វាឯម ​ខេត្ត​កណ្ដាល​ ។ គាត់ថា មានជំងឺរលាកក្រពះពោះវៀន កម្រិតធ្ងន់ត្រូវចំណាយប្រាក់ រហូតដល់៣០០០ដុល្លារ ក្នុងការវះកាត់ព្យាបាលតែគាត់គ្មានលទ្ធភាព ។ គាត់ត្រូវកូនៗ ដេញចុះពីរថយន្តនៅចំណុចទីតាំងខាងលើនេះ។ 

ប្រភពបន្តថា នៅវេលាកើតហេតុពលរដ្ឋម្នាក់បានធ្វើដំណើរទៅទិញឥវ៉ាន់ លុះធ្វើដំណើរមកដល់ចំណុចខាងលើនេះ ស្រាប់តែឃើញរថយន្តពណ៌ខ្មៅមួយគ្រឿងមិនស្ពាល់ម៉ាក និងស្លាកលេខ ជិះគ្នា៦នាក់ប្រុស៣នាក់ស្រី៣នាក់ បានយកលោកតារូបនេះចេញពីរថយន្តឱ្យអង្គុយនៅលើបង់។ គាត់ក៏បានសួរនាំពួកគេទាំងនោះដែរដោយពួកគេឆ្លើយថា ប្រញាប់ដឹកអ្នកដំណើរទៅស្រុក ហើយក៏បានចាកចេញទៅបាត់។ 

ចំណែកលោកតាបានរៀបរាប់ថា ក្នុងចំណោមអ្នកនៅក្នុងរថយន្តនោះ គឺមានកូនស្រីគាត់២នាក់ តែមិនប្រាប់ឈ្មោះទេ។ គាត់ត្រូវបានកូនដឹកចេញពីមន្ទីរពេទ្យរួចដេញចេញពីផ្ទះ ដោយបច្ចុប្បន្នមានជំងឺរលាកក្រពះពោះវៀនកម្រិតធ្ងន់។ 

ក្រោយកើតហេតុ​ សមត្ថកិច្ចប៉ុស្តិ៍ព្រែកលៀប បានទាក់ទងរថយន្តដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត៕ 

adverise with khmeread