កាសែតកូរ៉េខាងត្បូងមួយអះអាងថា គីមជុងអ៊ុនប្រហារជីវិតមន្ត្រីក្រសួងសេដ្ឋកិច្ច៥នាក់ក្រោយពួកគេរិះគន់គោលនយោបាយរបស់លោកគីមនៅពិធីជប់លៀងអាហារពេលល្ងាច

កូរ៉េខាងជើងបានប្រហារជីវិតបុគ្គលិកក្រសួងសេដ្ឋកិច្ចចំនួន ៥នាក់ បន្ទាប់ពីពួកគេបានរិះគន់គោលនយោបាយរបស់លោក គីម ជុងអ៊ុន។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី១១កញ្ញា។

គេគិតថាមន្ត្រីគណបក្សកុម្មុយនីស្តទាំងនេះត្រូវបានបាញ់សម្លាប់ដោយក្រុមកាំភ្លើងពិឃាតកាលពីថ្ងៃទី៣០ ខែកក្កដា បន្ទាប់ពីពួកគេបាននិយាយអំពីគោលនយោបាយសេដ្ឋកិច្ចរបស់របបនេះ ដែលបានធ្វើឱ្យប្រទេសក្លាយជាប្រទេសក្រីក្របំផុតមួយនៅលើពិភពលោក។

ព័ត៌មានលម្អិតនៃការសន្ទនារបស់ពួកគេត្រូវគេនិយាយថា ត្រូវបានគេរាយការណ៍ត្រឡប់ទៅកាន់មេថ្នាក់លើរបស់ពួកគេវិញ មុនពេលពួកគេត្រូវបានកោះហៅទៅប្រជុំ ហើយត្រូវបានចាប់ខ្លួនដោយប៉ូលិសសម្ងាត់។

បុរសទាំង ៥នាក់ដែលបានចូលរួមពិធីជប់លៀងអាហារពេលល្ងាច បានពិភាក្សាគ្នាដោយបើកចំហអំពីសេដ្ឋកិច្ចដែលមិនដើរទៅមុខ នៅក្នុងរដ្ឋឯកោនេះដូចគ្នាទៅនឹងតម្រូវការសម្រាប់ការកែទម្រង់ឧស្សាហកម្ម ខណៈដែលខ្លួននៅតែបន្តផលិតទំនិញប្រើប្រាស់មួយចំនួនសម្រាប់ពលរដ្ឋក្រីក្ររបស់ខ្លួន។

យោងតាមសារព័ត៌មាន DailyNK របស់កូរ៉េខាងត្បូងបានឱ្យដឹងថា បុគ្គលិកទាំងនោះក៏បាននិយាយអំពីតម្រូវការសម្រាប់ប្រទេសកូរ៉េខាងជើងក្នុងការស្វែងរកកិច្ចសហប្រតិបត្តិការបរទេស ដើម្បីជំនះទណ្ឌកម្មពាណិជ្ជកម្មដែលកំពុងកើតមាន។

សារព័ត៌មាននេះបានសរសេរថា ប្រមុខក្រសួងសេដ្ឋកិច្ចក៏ដូចជាលោក គីម ជុងអ៊ុន ផ្ទាល់ត្រូវបានគេជូនដំណឹងអំពីការពិភាក្សានានារបស់ពួកគេទាំង៥ មុនពេលដែលអាជ្ញាធរបើកការស៊ើបអង្កេតផ្ទៃក្នុង។

គេជឿថាបុគ្គលិកទាំងនេះត្រូវបានកោះហៅទៅប្រជុំមុនពេលពួកគេត្រូវបានចាប់ខ្លួនបង្ខំឱ្យសារភាពថាកំពុងធ្វើឱ្យរបបនេះចុះខ្សោយ និងសម្លាប់ចោល។

កាសែត DailyNK ក៏បាននិយាយផងដែរថាក្រុមគ្រួសាររបស់ពួកគេត្រូវបានផ្ទេរទៅជំរំនយោបាយ Yodeok ក្នុងខេត្ត Hamgyeongnam-do ដែលជាតំបន់ល្បីឈ្មោះសម្រាប់បញ្ជូនអ្នកនយោបាយបក្សប្រឆាំងឱ្យរស់នៅទីនោះ។

ការប្រហារជីវិតដែលត្រូវបានលើកឡើងនេះបានបង្កឱ្យមានការភ័យខ្លាចថា ការបោសសំអាតបានត្រឡប់មកវិញ បន្ទាប់ពីបានរាលដាលពេញប្រទេសក្នុងឆ្នាំ២០១១ បន្ទាប់ពីការស្លាប់របស់មេដឹកនាំកំពូលលោក គីមជុង អ៊ីល។

វាកើតឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍មកថា លោក គីម ជុងអ៊ុន បានបង្ហាញក្បាលរបស់ឪពុកមាគាត់ ក្រោយការកាត់ទោសឧត្តមសេនីយ៍ដ៏មានឥទ្ធិពលរូបនេះដោយក្រុមកាំភ្លើងពិឃាត៕ ប្រភព ៖ Daily Mail 

 

adverise with khmeread