ក្មេងប្រុសម្នាក់ត្រូវគេប្រទះឃើញស្លាប់ឱបឆ្កែសំណព្វនៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅសហរដ្ឋអាមេរិក

ខណៈដែលភ្លើងឆេះព្រៃកំពុងលេបត្របាក់តំបន់ឆ្នេរខាងលិចសហរដ្ឋអាមេរិក ក្មេងប្រុសមួយរូបនិងឆ្កែរបស់គាត់ត្រូវបានគេប្រទះឃើញស្លាប់ឱបគ្នានៅក្នុងរថយន្តមួយគ្រឿង កន្លែងដែលពួកគេបានព្យាយាមស្វែងទីសុវត្ថិភាពគេចចេញពីអណ្តាតភ្លើង។

យោងតាមអ្នកនាំពាក្យគ្រួសាររបស់គាត់បានបញ្ជាក់ទៅ CNN បានឱ្យដឹងថា Wyatt Tofte វ័យ ១៣ឆ្នាំ បានស្លាប់កាលពីថ្ងៃអង្គារនៅក្នុងភ្លើងឆេះព្រៃក្នុងតំបន់ Marion County រដ្ឋអូរីហ្គិន ជាមួយនឹងជីដូនរបស់ខ្លួនវ័យ ៧១ឆ្នាំលោកយាយ Peggy Mosso។

លោកយាយ Mosso ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងឡានមួយគ្រឿងដែលឆេះខ្លោចនៅក្នុងភ្លើង ខណៈដែលកូនស្រី និងជាម្តាយរបស់ Wyatt Tofte លោកស្រី Angela ដែលបានឈនៅក្បែរនោះបានព្យាយាមជួយពួកគេ។ លោកស្រី Angela អាចនៅមានជីវិត ប៉ុន្តែស្ថិតក្នុងរបួសធ្ងន់។ ប្តីរបស់គាត់ និងជាឪពុករបស់ Tofte លោក Chris ក៏រស់រានមានជីវិតពីហេតុការណ៍នេះផងដែរ។ 

សេចក្តីថ្លែងការណ៍របស់ក្រុមគ្រួសារមួយនេះបាននិយាយថា "ក្រុមគ្រួសាររបស់យើងមានការសោកសង្រេងយ៉ាងខ្លាំង ដោយការបាត់បង់ក្មេងប្រុសដ៏ល្អរបស់យើងអាយុ ១៣ឆ្នាំ Wyatt និងជីដូនជាទីស្រឡាញ់របស់គាត់ Peggy នៅក្នុងភ្លើងឆេះព្រៃ Santiam Fire នៅព្រឹកព្រលឹមថ្ងៃទី៨ ខែកញ្ញា។ បន្ទាប់ពីការស្វែងរក Wyatt រយៈពេលដ៏យូរ គាត់ត្រូវបានប្រទះឃើញនៅក្នុងឡានជាមួយនឹងសុនខរបស់គាត់នៅលើភ្លៅរបស់គាត់ ប៉ុន្តែជាអកុសល ពួកគេមិនអាចគេចចេញពីអគ្គីភ័យបានទេ។ Angie គឺស្ថិតនៅក្នុងស្ថានភាពធ្ងន់ ជាមួយនឹងដងខ្លួនត្រូវភ្លើងឆេះខ្លោច។ យើងចង់អរគុណទៅដល់បុគ្គលិកសង្គ្រោះបន្ទាន់ទាំងអស់ និងមនុស្សដែលបានជួយនៅក្នុងការរុករកនេះ។ ក្រុមគ្រួសារយើងកោតសរសើរចំពោះក្តីស្រឡាញ់ និងការគាំទ្រដែលយើងបានទទួលពីមនុស្សគ្រប់គ្នាក្នុងពេលមានសោកនាដកម្មដ៏អាក្រក់នេះ"។

យោងតាមកាសែត Salem Statesman Journal បានឱ្យដឹងថា លោក Chris Tofte បានស្វែងរកប្រពន្ធ កូនប្រុស និងម្តាយក្មេករបស់គាត់ នៅពេលដែលមានអគ្គីភ័យកំពុងឆាបឆេះនៅជុំវិញគាត់។ កាលពីថ្ងៃអង្គារគាត់បានរកឃើញប្រពន្ធរបស់គាត់ ត្រូវបានភ្លើងឆេះរោលយ៉ាងធ្ងន់ធ្ងរ ដែលកំពុងដើរតាមផ្លូវទៅផ្ទះរបស់ពួកគេ នៅពេលដែលគាត់បានត្រឡប់មកវិញជាមួយនឹងរ៉ឺម៉កសណ្តោងខ្ចីពីគេមួយដើម្បីដឹកទ្រព្យសម្បត្តិរបស់ពួកគេ។

គាត់បានប្រាប់កាសែតខាងលើថា ដំបូងគាត់មិនបានចំណាំប្រពន្ធខ្លួននោះទេ ហើយគាត់បានប្រាប់នាងថាគាត់កំពុងស្វែងរកប្រពន្ធ និងកូនប្រុសរបស់គាត់។ លោកស្រី Angela បានតបវិញថា "ខ្ញុំគឺជាប្រពន្ធរបស់បងឯងហើយតើ!"។

Wyatt Tofte ត្រូវបានរកឃើញនៅក្នុងឡានមួយផ្សេងទៀត ហើយគ្រួសាររបស់គាត់សន្មត់ថា គាត់បានរត់ចូលទៅក្នុងឡានមួយនេះដោយគិតថា គាត់នឹងអាចការពារខ្លួនពីអណ្តាតភ្លើង។

យ៉ាងហោចណាស់មានមនុស្ស ៤នាក់បានស្លាប់ដោយសារអគ្គីភ័យនៅរដ្ឋអូរីហ្គិន និងរដ្ឋវ៉ាស៊ីនតោន។ ហើយភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ាបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០នាក់ចាប់តាំងពីពាក់កណ្តាលខែសីហា៕


 

adverise with khmeread